អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន (NYDC) និងជាអគ្គនាយករងយុវជននៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ចឹក លីម លើកឡើងថា យុវជន គឺជាកម្លាំងចលករសម្រាប់អនាគត ខណៈកម្ពុជាកំពុងស្ថិតក្នុង «បង្អួចឱកាសមាស» នៃផលលាភប្រជាសាស្ត្រ។
ក្នុងពិធីអបអរសាទរទិវាយុវជនអន្តរជាតិ និងខួបលើកទី២០ នៃការបង្កើតក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ (UNYAP) កាលពីចុងសប្ដាហ៍នេះ ឯកឧត្តម ចឹក លីម សង្កត់ធ្ងន់ថា ដើម្បីទាញយកសក្តានុពលនេះ យើងត្រូវតែបន្តស្តាប់សំឡេងរបស់ពួកគេ យល់ពីបញ្ហាប្រឈមដែលពួកគេប្រឈមមុខ និងបង្កើតឱកាសបន្ថែមទៀតសម្រាប់ការអប់រំ ការអភិវឌ្ឍជំនាញ ការងារសមរម្យ និងការចូលរួមដ៏មានអត្ថន័យ។ ឯកឧត្តមបន្តថា នៅពេលដែលយុវជនទទួលបានភាពអង់អាច ភាពជាអ្នកដឹកនាំ នោះពួកគេអាចចូលរួមចំណែកកាន់តែរឹងមាំក្នុងការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ។

ឯកឧត្តមអគ្គលេខាធិការរងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន (NYDC) ក៏បានផ្ដល់អនុសាសន៍ និងជំរុញដល់យុវជនកម្ពុជាឱ្យបន្តអភិវឌ្ឍចំណេះដឹង ជំនាញឌីជីថល ជំនាញទំនាក់ទំនង ការគិតវិភាគ ភាពជាអ្នកដឹកនាំ និងស្មារតីស្រលាញ់ជាតិ ដើម្បីរួមចំណែកកសាងគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ឯកឧត្តមបន្តថា ការផ្លាស់ប្តូរដ៏ធំក្នុងសង្គមជាតិ អាចចាប់ផ្តើមពីគំនិតតូចមួយ សកម្មភាពស្ម័គ្រចិត្តមួយ ឬការចូលរួមរបស់យុវជនម្នាក់នៅក្នុងសហគមន៍។
លោក ម៉ៃ ទុំ ប្រធានស្តីទី នៃក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ (UNYAP) លើកឡើងដែរថា យុវជនមិនមែនគ្រាន់តែជា អ្នកទទួលផលពីការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដឹកនាំ និងជាកម្លាំងចលករផ្ទាល់នៃការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសង្គម។ ”តាមរយៈវីដេអូឯកសារ និងកិច្ចពិភាក្សាយ៉ាងផុសផុល យើងបានស្តាប់ឮសំឡេងពិត និងការតស៊ូរបស់យុវជន ជាពិសេសយុវជនជនជាតិដើមភាគតិច។ ប្អូនៗបានស្ដែងឱ្យឃើញពីភាពអត់ធ្មត់ក្នុងការដោះស្រាយបញ្ហាប្រឈមនានារួមទាំង ការបោះបង់ការសិក្សា ការរៀបការវ័យក្មេង និងឧបសគ្គផ្នែកសុខភាព។ ភាពក្លាហានរបស់ប្អូនៗក្នុងការចែករំលែក គឺជាសក្ខីភាពបញ្ជាក់ថា គ្មានដំណោះស្រាយណាដែលមានប្រសិទ្ធភាពដោយគ្មានការចូលរួមពីយុវជននោះឡើយ!”។
បច្ចុប្បន្ន កម្ពុជាកំពុងស្ថិតក្នុង «បង្អួចឱកាសមាស» នៃផលលាភប្រជាសាស្ត្រ ជាមួយចំនួនប្រជាជន ១៧.៣លាននាក់ ដែលក្នុងនោះ ៣៤.៦ ភាគរយជាយុវជន ប៉ុន្តែ ផលលាភនេះមិនកើតឡើងដោយឯកឯងនោះទេ វាទាមទារឱ្យយើងទាំងអស់គ្នា ទាំងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនរួមគ្នាក្នុងការអប់រំ និងជំនាញអនាគត ដែលឆ្លើយតបទីផ្សារ, សុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសុខភាពផ្លូវចិត្ត, ការងារសមរម្យ សមភាពយេនឌ័រ និងបរិយាកាសសង្គមដែលមានសុវត្ថិភាព និងគាំទ្រយុវជន។ ក្នុងន័យនេះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់មានតួនាទីសំខាន់ណាស់ ក្នុងការគាំទ្រ និងវិនិយោគទៅលើយុវជន។
បើតាម លោក ម៉ៃ ទុំ ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ អង្គការសហប្រជាជាតិ ក៏ដូចជា មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA មានមោទនភាពយ៉ាងក្រៃលែង ដែលបាននៅកៀកស្មាជាមួយ ក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ UNYAP ក្នុងការជ្រោមជ្រែងទាំងបច្ចេកទេស និងថវិកា ដើម្បីប្រែក្លាយសំឡេងរបស់យុវជន។ ក្នុងនាម UNFPA ប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងបន្តឈរនៅពីក្រោយ និងគាំទ្រ យុវនារី យុវជនជនជាតិដើមភាគតិច ជនមានពិការភាព និងក្រុមងាយរងគ្រោះ ឱ្យមានសិទ្ធិអំណាចពេញលេញក្នុងការកំណត់អនាគតដោយខ្លួនឯង៕














































































