លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចង់ឃើញសាលាអន្តរជាតិដែលកំពុងបើកដំណើរការនៅកម្ពុជា បញ្ចូលការសិក្សាភាសាខ្មែរទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ការអភិរក្ស និងការប្រើប្រាស់ភាសាជាតិ ព្រមទាំងជួយឱ្យកូនខ្មែរជំនាន់ក្រោយរក្សាបាននូវអត្តសញ្ញាណជាតិ។
លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ដូច្នេះ ក្នុងឱកាសចូលរួមវេទិកាស្តីពី «ការប្រើភាសាខ្មែរឱ្យបានត្រឹមត្រូវ៖ នរណាជាអ្នកទទួលខុសត្រូវ?» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រុមប្រឹក្សាជាតិភាសាខ្មែរ និងវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
លោកបណ្ឌិតបានលើកឡើងថា ភាសាមានតួនាទីសំខាន់ក្នុងការកំណត់អត្តសញ្ញាណរបស់ប្រជាជាតិ និងជាផ្នែកមួយដែលឆ្លុះបញ្ចាំងពីសង្គម វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិ។ ដូច្នេះ ការលើកកម្ពស់ការសិក្សាភាសាខ្មែរ មិនគួរមានតែនៅក្នុងសាលារដ្ឋ ឬសាលាដែលអនុវត្តកម្មវិធីសិក្សាជាតិប៉ុណ្ណោះទេ។
លោកបណ្ឌិត សុខ ទូច ថ្លែងថា សាលាអន្តរជាតិដែលបើកដំណើរការនៅកម្ពុជា ក៏គួរផ្តល់ឱកាសឱ្យសិស្ស ជាពិសេសកូនខ្មែរ បានសិក្សាភាសាខ្មែរ ដើម្បីឱ្យពួកគេយល់ដឹងពីភាសាជាតិ និងអត្តសញ្ញាណរបស់ខ្លួន ទោះបីជាកំពុងសិក្សាតាមកម្មវិធីអន្តរជាតិ និងប្រើប្រាស់ភាសាបរទេសជាចម្បងក៏ដោយ។
លោកបណ្ឌិតបានបញ្ជាក់ថា ការមានមោទនភាពចំពោះជាតិខ្មែរ មិនគួរបង្ហាញត្រឹមតែតាមពាក្យសម្តីនោះទេ ប៉ុន្តែត្រូវបង្ហាញតាមរយៈសកម្មភាពជាក់ស្តែង ជាពិសេសការប្រើប្រាស់ និងការថែរក្សាភាសាខ្មែរ។
លោកបន្តថា ប្រសិនបើចង់កែប្រែសង្គម ការយកចិត្តទុកដាក់លើភាសាជាតិ គឺជាចំណុចមួយដែលមិនអាចមើលរំលងបាន ព្រោះភាសាមានឥទ្ធិពលលើការរក្សាអត្តសញ្ញាណ និងការបន្តវប្បធម៌ពីជំនាន់មួយទៅជំនាន់មួយ។

លោកបណ្ឌិត សុខ ទូច ក៏បានសង្កត់ធ្ងន់លើតួនាទីរបស់គ្រួសារ និងសាលារៀន ក្នុងការបណ្តុះកូនខ្មែរឱ្យចេះ និងប្រើប្រាស់ភាសាជាតិ។ លោកយល់ថា ការផ្តល់ឱកាសឱ្យកុមារ និងយុវជនសិក្សាភាសាខ្មែរ នឹងជួយឱ្យពួកគេយល់ដឹងកាន់តែច្បាស់ពីអត្តសញ្ញាណរបស់ខ្លួន និងចូលរួមថែរក្សាភាសាខ្មែរឱ្យបន្តមានភាពរឹងមាំ។
ជាមួយគ្នានេះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជាអ្នកផ្តួចផ្តើមវេទិកានេះ បានថ្លែងថា ការពិភាក្សាលើប្រធានបទការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ ធ្វើឡើងក្នុងបរិបទដែលប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមកំពុងមានឥទ្ធិពលកាន់តែខ្លាំងលើការប្រើប្រាស់ភាសារបស់សាធារណជន។
លោកបន្តថា ការផ្សព្វផ្សាយព័ត៌មានក្នុងល្បឿនលឿនតាមបណ្តាញឌីជីថល បានបង្កើតបញ្ហាប្រឈមថ្មីៗទាក់ទងនឹងអក្ខរាវិរុទ្ធ វេយ្យាករណ៍ ការប្រើពាក្យ និងការបង្កើតពាក្យថ្មីៗ។
លោក ពុយ គា បានបន្ថែមថា វេទិកានេះនឹងផ្តល់ឱកាសឱ្យអ្នកជំនាញភាសាខ្មែរ អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន និងអ្នកផលិតមាតិកា ពិភាក្សាអំពីបញ្ហាប្រឈមដែលកំពុងកើតមាន និងស្វែងរកវិធីធ្វើឱ្យការប្រើប្រាស់ភាសាខ្មែរមានភាពត្រឹមត្រូវ និងស្របតាមស្តង់ដារ ខណៈភាសាក៏ត្រូវបន្តវិវត្តស្របតាមការផ្លាស់ប្តូររបស់សង្គម និងបច្ចេកវិទ្យា៕











































































