ស្របពេលដែលកម្ពុជាកំពុងអភិវឌ្ឍសមត្ថភាពក្នុងវិស័យបច្ចេកវិទ្យាផ្កាយរណប និងលំហអាកាស លោក ហឿន វិស័យ និស្សិតទើបបញ្ចប់ការសិក្សាផ្នែកសន្តិសុខសាយប័រពីសាកលវិទ្យាល័យ American University of Phnom Penh (AUPP) បានក្លាយជាបេក្ខភាពជោគជ័យមួយរូបដែលទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីបន្តការសិក្សាលើឯកទេស Electronic Information ផ្តោតលើវិស្វកម្មព័ត៌មានអវកាស (Aerospace Information Engineering) និងបច្ចេកវិទ្យាផ្កាយរណប នៅសាកលវិទ្យាល័យ Sun Yat-sen នៃសាធារណរដ្ឋប្រជាមានិតចិន។
ការឈានទៅចាប់យកការសិក្សាកម្រិតខ្ពស់រយៈពេល ២ឆ្នាំកន្លះនេះ មិនត្រឹមតែជាការបំពេញក្តីស្រមៃពីកុមារភាពរបស់យុវជនឆ្នើមរូបនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការវិលត្រឡប់មកចូលរួមចំណែកពង្រឹងស្វ័យបច្ចេកវិទ្យាផ្កាយរណបរបស់កម្ពុជា ឆ្លើយតបទៅនឹងតម្រូវការយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងសន្តិសុខជាតិទៅថ្ងៃអនាគត។
ចំពោះការប្រឡងយកអាហារូបករណ៍ជំនាញផ្កាយរណប និងលំហអាកាសនេះ លោក ហឿន វិស័យ រៀបរាប់ថា លោកផ្ទាល់ស្រលាញ់ និងចូលចិត្តផ្នែកអវកាសនេះតាំងពីវ័យក្មេងមកម្ល៉េះ ដោយលោកតែងតែចំណាយពេលវេលាអានសៀវភៅ និងមើលវីដេអូចំណេះដឹងទាក់ទងនឹងលំហអាកាស អមជាមួយសមត្ថភាពពូកែខាងមុខវិជ្ជា STEM ដូចជាគណិត រូប និងគីមីវិទ្យា ជាដើម។
បន្តមកសាកលវិទ្យាល័យ លោកបានសម្រេចចាប់យកជំនាញបច្ចេកវិទ្យាកំព្យូទ័រ ប៉ុន្តែលោកក៏នៅតែស្រលាញ់ និងចូលចិត្តតាមដានខាងផ្នែកលំហអាកាសជានិច្ច។ ក្រោយមកឱកាសក៏មកដល់ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើតកម្មវិធីផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើមទៅសិក្សានៅក្រៅប្រទេសលើជំនាញផ្កាយរណប និងលំហអាកាស ដែលនេះជាឱកាសដ៏ល្អបំផុតសម្រាប់ខ្លួនឯង ព្រោះជាក្តីស្រមៃតាំងពីក្មេង ហើយក៏ជាវិស័យមួយដ៏សំខាន់សម្រាប់ជាតិទៅថ្ងៃអនាគត។
ជំនាញលំហអាកាសនេះដែរ លោក ហឿន វិស័យ សម្លឹងឃើញថា នៅថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ វិស័យលំហអាកាសនឹងកាន់តែរីកចម្រើនខ្លាំង ជាក់ស្តែងក្រុមហ៊ុន SpaceX និង NASA របស់អាមេរិកកំពុងតែផ្តោតខ្លាំងទៅលើវិស័យនេះ និងមានផែនការធំៗជាច្រើនដូចជា ការអភិវឌ្ឍ data center នៅលើលំហអាកាស ការបង្កើត moon-based លើភពព្រះចន្ទ និងការចុះចតលើភពអង្គារ ដែលនេះសុទ្ធសឹងតែជាគោលដៅធំៗដែលអាចផ្លាស់ប្តូរពិភពលោកនៅថ្ងៃអនាគត។ ម្យ៉ាងវិញទៀត បច្ចុប្បន្ននេះ ក៏មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងរវាងប្រទេសមហាអំណាចធំៗដូចជា ប្រទេសចិន និងសហរដ្ឋអាមេរិកទៅលើវិស័យលំហអាកាសនេះ ដែលធ្វើឱ្យបច្ចេកវិទ្យាអវកាសនឹងមានតម្រូវការខ្លាំងនៅថ្ងៃអនាគត។

ជាក់ស្តែង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដាក់ចេញនូវផែនការនិងគោលដៅយ៉ាងច្បាស់លាស់ក្នុងការកសាងនិងអភិវឌ្ឍសមត្ថភាពកម្ពុជាក្នុងវិស័យផ្កាយរណប និងមានគោលបំណងបង្ហោះផ្កាយរណបដោយខ្លួនឯងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ដូច្នេះគោលដៅដ៏ធំរបស់លោក គឺការចង់ចូលរួមចំណែកជួយប្រទេសជាតិ និងចង់ប្រើឱកាសនេះដើម្បីកសាងជំនាញឱ្យបានរឹងមាំ ហើយត្រឡប់មកកម្ពុជាវិញ ដើម្បីអាចក្លាយជាធនធានមនុស្សម្នាក់ដែលមានសមត្ថភាពអាចចូលរួមក្នុងការស្រាវជ្រាវ អភិវឌ្ឍ និងកសាងសមត្ថភាពរបស់កម្ពុជាក្នុងវិស័យនេះ។
លោក វិស័យ យល់ឃើញថា ការដែលប្រទេសកម្ពុជាអាចមានសមត្ថភាពបង្កើត និងបង្ហោះផ្កាយរណបបានដោយខ្លួនឯង វាមិនត្រឹមតែមានន័យថា យើងអាចកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាពីបរទេសប៉ុណ្ណោះទេ ប៉ុន្តែមានន័យថា កម្ពុជានឹងមានស្វ័យភាព និងសមត្ថភាពកាន់តែរឹងមាំក្នុងការអភិវឌ្ឍវិស័យសំខាន់ៗជាច្រើនដូចជា ទូរគមនាគមន៍ សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម បរិស្ថាន ឧតុនិយម ការគ្រប់គ្រងនិងបង្ការគ្រោះមហន្តរាយ ជាពិសេសនោះគឺការពង្រឹងសន្តិសុខជាតិ និងការការពារបូរណភាពទឹកដីរបស់យើង។
បន្ទាប់ពីសម្រេចក្តីស្រមៃតាំងពីក្មេង បេក្ខភាពអាហារូបករណ៍រូបនេះក៏បានប្តេជ្ញាចិត្តដែរថា ក្រោយពេលបញ្ចប់ការសិក្សា លោកនឹងយកចំណេះដឹង ជំនាញ បទពិសោធន៍ និងសមត្ថភាពដែលទទួលបានពីប្រទេសចិន មកចូលរួមអភិវឌ្ឍវិស័យផ្កាយរណប និងលំហអាកាសនៅកម្ពុជា។ ជាពិសេស លោកចង់ចូលរួមក្នុងការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាពាក់ព័ន្ធនឹងប្រព័ន្ធផ្កាយរណប ប្រព័ន្ធទំនាក់ទំនង ការប្រមូល និងដំណើរការទិន្នន័យពីផ្កាយរណប និងប្រព័ន្ធព័ត៌មានពីលំហអាកាស។
ម្យ៉ាងវិញទៀត លោកក៏ចង់ចូលរួមជាមួយក្រុមការងារ និងដៃគូសហការដែលកំពុងកសាងសមត្ថភាពរបស់កម្ពុជាក្នុងវិស័យនេះដែរ ដើម្បីអភិវឌ្ឍចំណេះដឹង និងសមត្ថភាពក្នុងស្រុក។ លោកក៏សង្ឃឹមថា តាមរយៈការចូលរួមរបស់លោក នឹងអាចចូលរួមចំណែកក្នុងការកសាងសមត្ថភាពរបស់កម្ពុជាឱ្យកាន់តែរឹងមាំ និងឈានទៅរកការមានសមត្ថភាពក្នុងការអភិវឌ្ឍ គ្រប់គ្រង និងប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបដោយខ្លួនឯងនៅថ្ងៃអនាគត។ ក្នុងរយៈពេលវែង លោកក៏ចង់ចែករំលែកចំណេះដឹងទៅកាន់យុវជន និងនិស្សិតកម្ពុជាផ្សេងទៀត ដើម្បីឱ្យមានធនធានមនុស្សកាន់តែច្រើនចាប់អារម្មណ៍ និងត្រៀមខ្លួនចូលរួមក្នុងវិស័យនេះ៕














































































