បន្ទាប់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាសាធារណៈឌីជីថលរួមមួយ ហៅថា “ថ្នាល DG SuperApp” ដែលមានសមត្ថភាពខ្ពស់អាចប្រមូលផ្ដុំថ្នាលនិងកម្មវិធីឌីជីថល (Mini Apps) សម្រាប់បម្រើសេវាសាធារណៈពហុវិស័យ កាលពីសប្ដាហ៍មុន អ្នកជំនាញបច្ចេកវិទ្យា បានបង្ហាញការសាទរ និងយល់ថា នេះជារឿងល្អសម្រាប់កម្ពុជា ប៉ុន្តែអ្នកប្រើប្រាស់ត្រូវមានចំណេះដឹងឌីជីថលបន្ថែមទៀត។
លោក ហឺន សុភាព សហស្ថាបនិក និងជានាយកគ្រប់គ្រង DG Academy មានប្រសាសន៍ថា ការដាក់ដំណើរការថ្នាលឌីជីថលនេះ នឹងផ្ដល់ផលប្រយោជន៍ជាច្រើន ដល់អ្នកប្រើប្រាស់កម្ពុជា ទាក់ទងនឹងសេវាកម្មសាធារណៈរបស់រដ្ឋដូចជា ការធ្វើអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន សេវាបង់ពន្ធ ចុះបញ្ជីក្រុមហ៊ុន កសិកម្ម ដំណើរការសេវាកម្មនានា ដោយមិនចាំបាច់ទូរសព្ទសួរមន្ត្រីពាក់ព័ន្ធ។ លោកបន្តថា បច្ចេកវិទ្យានេះ ជួយដល់ការបម្លែងប្រទេសកម្ពុជា ឱ្យទៅជាប្រទេសមួយដែលនឹងដើរដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នាថ្ងៃខាងមុខ ហើយបច្ចេកវិទ្យានេះ នឹងជួយអភិវឌ្ឍវិស័យជាច្រើនក្នុងសង្គមកម្ពុជា។

“បច្ចេកវិទ្យានេះ ជួយដល់ការបម្លែងប្រទេសកម្ពុជា ឱ្យទៅជាប្រទេសមួយដែលនឹងដើរដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នាថ្ងៃខាងមុខ ដែលស្រួលការធ្វើទំនាក់ទំនងពាណិជ្ជកម្មនឹងគ្នា បង្កើនសមត្ថភាពចំណេះ និងជំនាញ ជំរុញសេដ្ឋកិច្ច AI ផ្តល់សេវាសង្គមប្រសើរ លឿនទាន់ចិត្ត ចំណាយតិច កាត់បន្ថយ ឬបំបាត់ចំណាយក្រៅផ្លូវការ បង្កើនលទ្ធភាពការពារជាតិ គុណភាពអប់រំ និងសេវាសុខាភិបាលសាធារណៈជាដើម”
សម្រាប់លោកបណ្ឌិត លី រតនា ប្រធានផ្នែកស្រាវជ្រាវនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) យល់ថា ការដាក់ដំណើរការបច្ចេកវិទ្យានេះ គឺជារឿងល្អសម្រាប់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) ក្នុងប្រទេសកម្ពុជា ព្រោះប្រជាជនកម្ពុជា មានឱកាសប្រើបច្ចេកវិទ្យា AI ដែលមានលក្ខណៈខ្មែរ ជាភាសាខ្មែរ និងស្របតាមបរិបទសង្គមកម្ពុជា។ អ្នកជំនាញរូបនេះ សង្កត់ធ្ងន់ថា នេះគឺជាការចាប់ផ្ដើមដ៏ល្អ ទាំងសម្រាប់អ្នកប្រើប្រាស់ និងអ្នកអភិវឌ្ឍកម្មវិធី AI របស់កម្ពុជា។
យ៉ាងណាក៏ដោយ ដើម្បីឱ្យប្រជាជន និងអ្នកប្រើប្រាស់កម្ពុជា មានលទ្ធភាពប្រើប្រាស់ និងទាញប្រយោជន៍ពីបច្ចេកវិទ្យានេះបានច្រើនជាអតិបរមា សម្រាប់ លោក ហឺន សុភាព ស្នើឱ្យរដ្ឋគួរបង្កើនល្បឿនឱ្យបានលឿន ក្នុងការផ្តល់លទ្ធភាពដល់ប្រជាជន ទាំងអ្នករាជការនិងឯកជន ឱ្យចេះអក្ខកម្មឌីជីថល និង AI តាមរយៈការបណ្តុះបណ្តាល និងគាំទ្រ កាន់តែខ្លាំង ដើម្បីតាមឱ្យទាន់ប្រទេសជិតខាង ដូចថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ជាដើម។ ខណៈលោក សុភាព យល់ថា បច្ចេកវិទ្យាឌីជីថល និង AI ជាបច្ចេកវិទ្យា ដែលផ្តល់ឱកាសមាស សម្រាប់កម្ពុជាយើងតាមឱ្យទាន់គេ ឬលើសគេបាន ព្រោះវាពឹងលើបញ្ញា ហើយធ្វើដោយការប្រឹងប្រែង។

ដោយឡែកលោកបណ្ឌិត លី រតនា លើកឡើងថា ការមានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យានេះ គឺជារឿងប្រសើរ ប៉ុន្តែអ្នកប្រើប្រាស់ ត្រូវប្រើប្រកបដោយក្រមសីលធម៌ ការប្រុងប្រយ័ត្ន និងទំនួលខុសត្រូវខ្ពស់ ជៀសវាងការបង្កើតបញ្ហាដល់សង្គម ដូចជាការចែករំលែកព័ត៌មានក្លែងក្លាយ រូបភាពក្លែងក្លាយ និងវីដេអូក្លែងក្លាយជាដើម ដែលអាចប៉ះពាល់ ដល់អ្នកដទៃ និងសង្គម។
ទាក់ទងនឹងការប្រើប្រាស់នេះដែរ លោក សុភាព យល់ថា DG SuperApp សម្រាប់ការសិក្សា ស្រាវជ្រាវ រកសេវាប្រើប្រាស់ ពាក់ព័ន្ធនឹងរឿងក្នុងស្រុកដែលខាងក្រៅមិនមាន ដូចជាតម្លៃវប្បធម៌ បរិបទក្នុងស្រុក ដែល DG ChatGPT នេះភ្ជាប់នឹង app ផ្សេងៗរបស់រដ្ឋ។ ខណៈលោកយល់ ការប្រើម៉ូឌែល AI សកល ដូចជា ChatGPT , Gemini, Claude, Grok, Deepseek, Copilot សម្រាប់ការស្រាវជ្រាវ សិក្សា កម្រិតសកល ហើយមូឌែល សកលវានៅកម្រិតមួយដែលយើងត្រូវការប្រើវា ក្នុងបរិបទផ្សេង។
គួរជម្រាបជូនថា ថ្នាល “DG SuperApp” ជាកម្មវិធីដែលនឹងជួយសម្រួលការសិក្សា ការស្រាវជ្រាវ ការវិភាគ និងការរស់នៅប្រចាំថ្ងៃរបស់មន្ត្រីរាជការ ធុរជន សិស្ស និស្សិត និងសាធារណជនទូទៅ ហើយកម្មវិធីបញ្ញាសិប្បនិម្មិតទាំងនោះរួមមាន DG ChatGPT ដែលអាចប្រើប្រាស់ដោយឥតគិតថ្លៃ និងមិនកំណត់ ហើយកម្រិតនៃការឆ្លើយតបប្រហាក់ប្រហែលនឹង ChatGPT ជំនាន់ទី៤ និងកម្មវិធីបកប្រែ TranslateKH ដែលមានសមត្ថភាពបកប្រែអត្ថបទរវាងភាសាខ្មែរនិងភាសាអង់គ្លេស៕































