ភ្នំពេញ – ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព មានប្រសាសន៍ថា ការរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីប្រៀបបានរក្សាលំនឹងសសរកន្លោង ដើម្បីទ្រទ្រង់សង្គម សេដ្ឋកិច្ច និងវប្បធម៌របស់ប្រជាជនកម្ពុជាគ្រប់រូបនិងគ្រប់ជំនាន់ ។ ក្រសួងបរិស្ថានកំពុងរៀបចំបង្កើតសៀវភៅសវិស័យបរិស្ថាន ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចវិលជុំនៅកម្ពុជា ។ ការលើកឡើងនេះ នៅពិធីបើកសិក្ខាសាលាពិគ្រោះយោបល់នៃសេចក្តីព្រាងសៀវភៅសវិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព និងកិច្ចប្រជុំក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ។
ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍បញ្ជាក់ថា សេចក្តីព្រាងសៀវភៅសវិស័យបរិស្ថាន បានលើកពីការអភិវឌ្ឍដោយចីរភាពដែលជាការប្រមូលផ្តុំគោលគំនិត ចក្ខុវិស័យ យុទ្ធសាស្រ្តរួមគ្នា ដោយបង្ហាញពីគន្លឹះដោះស្រាយបញ្ហាបរិស្ថាន ស្របតាមការផ្លាស់ប្តូររចនាសម្ពន្ធ័សេដ្ឋកិច្ចកម្ពុជា ដែលទទួលបានពីសុខសន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្តថា សេចក្តីព្រាងសៀវភៅសវិស័យបរិស្ថាន ក៏បានលើកឡើងពីវិធានការបរិស្ថាន បញ្ហាបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសធនធានទឹកនិងការបំពុលប្រព័ន្ធអេកូឡូស៊ី ការពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាស្អាត កិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងការប្តេជ្ញាចិត្តអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាពបានបន្ថែមទៀតថា សៀវភៅសវិស័យបរិស្ថាននឹងចូលរួមពង្រឹងសមត្ថភាពក្នុងការអភិវឌ្ឍ និងការផ្សព្វផ្សាយ ការចែកផ្សាយពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាកាសធាតុ និងការលើកកម្ពស់ការអភិវឌ្ឍបៃតងក្នុងយុគសម័យថ្មីនៃបដិវត្តន៍ឧស្សាហកម្ម៤.០ និងប្រព័ន្ធឌីជីថលឱ្យកាន់តែច្រើន ស្របតាមបរិបទការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌របស់កម្ពុជា ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងគោលនយោបាយនានាដែលពាក់ព័ន្ធ ។
តាមរយៈសិក្ខាសាលាពិគ្រោះយោបល់នៃសេចក្តីព្រាងសៀវភៅសវិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព បានបង្ហាញថា សេចក្តីព្រាងសៀវភៅសវិស័យបរិស្ថាន បានទទួលធាតុចូលបន្ថែមពីគ្រប់ស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យនិងកែលម្អឱ្យកាន់តែមានសុង្គតភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ជាមូលដ្ឋានគ្រឹះការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ ការទូត បច្ចេកវិទ្យា បូរណភាពនយោបាយ និងសន្តិសុខជាតិរបស់ប្រទេស ការតម្កើងគុណតម្លៃតំបន់ និងពិភពលោក ។
គួរបញ្ជាក់ថា ការរៀបចំសេចក្តីព្រាងសៀវភៅស បានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រចំនួន ៦ សំខាន់ៗ រួមមាន ១. លើកកម្ពស់ការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចវិលជុំ, ២. ការពារ និងធានានូវការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព, ៣. លើកកម្ពស់ចំណេះដឹង បច្ចេកវិទ្យាបរិស្ថាន និងសម្ព័ន្ធមេត្រីភាពបរិស្ថាន, ៤. ការគ្រប់គ្រងរដ្ឋបាលទំនើបប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាព និងស្វ័យសកម្ម, ៥. ការទូតបរិស្ថានសម្រាប់ឧត្តមប្រយោជន៍ជាតិ, ៦. ផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ៕































