និស្សិតចំនួន ១៣១នាក់ សិក្សាលើជំនាញ ស្ថាបត្យកម្ម ពាណិជ្ជកម្ម វិស្វកម្មសំណង់ស៊ីវិល កិច្ចការសកល គ្រប់គ្រងព័ត៌មានវិទ្យា និងច្បាប់ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ទាំងកម្មវិធីទទួលបានសញ្ញាបត្រមួយ និងសញ្ញាបត្រពីរ ។ ពិធីប្រគល់សញ្ញាបត្របានធ្វើឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម Kay Rala Xanana Gusmao អតីតប្រធានាធិបតីជាប់ឆ្នោតទី១ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។

លោកបណ្ឌិត Raymond Leos សាកលវិទ្យាធិការរងផ្នែកកិច្ចការសិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បានថ្លែងក្នុងសុន្ទរកថារបស់គាត់ទៅកាន់សិស្សនូវអ្វីដែលពួកគេត្រូវការបំផុត ដើម្បីអភិវឌ្ឍខ្លួនបន្ទាប់ពីបញ្ចប់ការសិក្សានៅទីនេះ គឺ “ភាពច្នៃប្រឌិត និងការបង្កើតនូវអ្វីដែលថ្មី”។

លោកបានបន្ថែមថា ៖ “ភាពច្នៃប្រឌិត អាចជាការបង្កើតនូវកម្មវិធីកំព្យូទ័រថ្មី បង្កើតកម្មវិធីទូរស័ព្ទថ្មី បង្កើតប្រភេទអាជីវកម្មថ្មី បង្កើតវិធីថ្មីក្នុងការស្វែងរកទីផ្សារសម្រាប់ផលិតផល ឬសេវាកម្ម ការផ្តល់វិធីថ្មីក្នុងការដោះស្រាយបញ្ហា ឬផ្តល់វិធីថ្មីដើម្បីបង្កើត និងចែករំលែកភាពរីកចម្រើន… វាអាចជួយឱ្យយើងបង្កើតពិភពលោកដ៏ល្អប្រសើរមួយសម្រាប់ខ្លួនយើង និងអ្នកដទៃ”។

លោកបណ្ឌិត Leos បានបន្ថែមទៀតថា លោកមានទំនុកចិត្តទៅលើនិស្សិតបញ្ចប់ការសិក្សាដែលបានរៀបចំ និងត្រៀមខ្លួនជាស្រេចដើម្បីប្រឈមមុខនឹងការប្រកួតប្រជែងនៃភាពច្នៃប្រឌិត និងការបង្កើតថ្មីដែលជាផ្នែកមួយសម្រាប់ការសម្របខ្លួន និងការរីកចម្រើននៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ។

លោក នូ មរកត ជានិស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាអាមេរិកកាំងភ្នំពេញ ដែលបច្ចុប្បន្នលោកជាអ្នកគ្រប់គ្រងផ្នែករបាយការណ៍ហរិញ្ញវត្ថុ នៅក្រុមហ៊ុនឯកជនមួយ បានបង្ហាញការយល់ឃើញថា សាលា AUPP បានបង្កើតកម្មវិធីសិក្សាបានយ៉ាងល្អ ឥតខ្ចោះសម្រាប់និស្សិតសិក្សា។ ចំណែក សាស្ត្រាចារ្យជំនាញ មកពីជុំវិញពិភពលោក ពិតជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបណ្ដុះនិស្សិតឱ្យទទួលបានភាពជោគជ័យក្នុងការសិក្សា។ ចំពោះបរិយាកាសសិក្សាវិញ សាលាមានទីធ្លាធំទូលាយ បរិស្ថានស្អាត ដោយមានស្ដង់ដាដូចទៅនឹងប្រទេសអាមេរិកតែម្ដង។

“ក្រោយពីបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅ AUPP ខ្ញុំទទួលបានបទពិសោធន៍ថ្មីៗជាច្រើន ដែលនឹងជួយឱ្យខ្ញុំអាចអភិវឌ្ឍន៍អាជីពរបស់ខ្ញុំឱ្យកាន់តែប្រសើរ។”

ក្នុងឱកាសនោះដែរ សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ ក៏បានប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសដល់ ឯកឧត្តម Kay Rala Xanana Gusmao ដែលជាមេដឹកនាំដ៏អង់អាច ដែលបានតស៊ូទាមទារឯករាជ្យសម្រាប់ប្រជាជនទីម័រខាងកើតផងដែរ។ ជាមួយគ្នានេះ លោកបណ្ឌិត Raymond Leos បានសម្ដែងនូវការកោតសរសើរចំពោះលោក Gusmao ចំពោះកិច្ចខិតខំប្រឹងប្រែងសឹងតែមួយជីវិតរបស់គាត់ ដើម្បីស្វែករកសេរីភាពជូនប្រជាជនទីម័រខាងកើត ព្រមទាំងបានបំផុសគំនិតឱ្យប្រជាជនខិតខំកសាងសន្តិភាព បន្ទាប់ពីទទួលបានឯករាជ្យ។

ទន្ទឹមគ្នានេះ ឯកឧត្តម Kay Rala Xanana Gusmao បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ ចំពោះការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសដល់លោក ។ លោកលើកឡើងថា «នេះគឺជាឯកសិទ្ធិដ៏ពិសេសរបស់ខ្ញុំដែលទទួលបានឱកាសទស្សនាគ្រឹះស្ថានឧត្តមសិក្សាដ៏ទំនើបរបស់កម្ពុជា» ។ លោកថា ព្រះរាជាណាចក្រកម្ពុជា បានបំផុសគំនិតទៅកាន់ពិភពលោក និងទីម័រខាងកើតផ្ទាល់ ក្នុងការជំនះនូវឧបសគ្គ និងទុក្ខលំបាកជាច្រើន ដើម្បីកសាងសន្តិភាព និងភាពជឿនលឿនដូចពេលបច្ចុប្បន្ន។

គួរបញ្ជាក់ដែរថា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានសហការជាមួយដៃគូសាកលវិទ្យាល័យនៅសហរដ្ឋអាម៉េរិកចំនួនពីរគឺសាកលវិទ្យាល័យ Arizona និងសាកលវិទ្យាល័យ Fort Hays State ហើយមាននិស្សិតជាង៤០០នាក់ហើយដែលបានបញ្ចប់ការសិក្សានៅ AUPP ។

និស្សិតបញ្ចប់ការសិក្សាជាច្រើនបានទទួលនូវវឌ្ឍនភាពការងារដ៏ល្អៗនៅក្នុងក្រសួង និងក្រុមហ៊ុនកំពូលៗក្នុងប្រទេស ខណៈដែលនិស្សិតជាច្រើនផ្សេងទៀតបាននិងកំពុងបន្តការសិក្សារបស់ពួកគេនៅសាកលវិទ្យាល័យលំដាប់កំពូលនៅលើពិភពលោកដូចជា សាកលវិទ្យាល័យ Stanford, សាកលវិទ្យាល័យ Melbourne, សាកលវិទ្យាល័យ Ohio, និងសាកលវិទ្យាល័យជាតិសិង្ហបុរី។ AUPP ក៏បានទាក់ទាញនិស្សិតអន្តរជាតិជាច្រើនមកពីទ្វីបអាស៊ី អាមេរិក និងអឺរ៉ុប ផងដែរ៕































