យោងតាម WE Forum បានឱ្យដឹងថា នៅក្នុងទិដ្ឋភាពឌីជីថលដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ បាននាំឱ្យមានការបញ្ចូលគ្នានូវគំនិតច្នៃប្រឌិត និងបច្ចេកវិទ្យា ដែលកំពុងផ្លាស់ប្ដូររបៀប ធ្វើការរបស់មនុស្សមិនធ្លាប់មានពីមុនមក។ នៅក្នុងវិស័យទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្ត មនុស្សកំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) រួចទៅហើយ ក្នុងការបំពេញការងារ និងអាជីវកម្ម។
បញ្ញាសិប្បនិម្មិត (AI) អាចផ្លាស់ប្ដូរ ៤០ភាគរយ នៃពេលវេលាការងារសរុប នេះបើយោងតាមការស្រាវជ្រាវថ្មីៗនេះដោយវេទិកាសេដ្ឋកិច្ចពិភពលោក និង Accenture ដែលបានវាយតម្លៃអំពីឥទ្ធិពលនៃបច្ចេកវិទ្យានេះ។ ឥទ្ធិពលនេះ នឹងត្រូវបានផ្ដោតលើការងារ ដែលទាមទារ ការគិតបែបត្រិះរិះ ការដោះស្រាយបញ្ហា និងការច្នៃប្រឌិត។ ការស្រាវជ្រាវ បានធ្វើការវិភាគលើកិច្ចការបុគ្គលិកជា ១៩,០០០ នាក់ នៅក្នុង ៩៦៧ អាជីព។

ក្រោយការសិក្សា គេបានរកឃើញថា បញ្ញាសិប្បនិម្មិត (AI) គឺជាបច្ចេកវិទ្យាដ៏មានអនុភាព ដែលជួយបុគ្គលិក ក្នុងការបង្កើតគំនិតថ្មីៗ និងអាចឱ្យពួកគេបង្កើនគុណតម្លៃការងាររបស់ខ្លួន។ តាមរយៈការប្រើបញ្ញាសិប្បនិម្មិត (AI) ឱ្យទទួលខុសត្រូវលើការងារ ដែលមានលក្ខណៈដដែលៗ និងចំណាយពេលច្រើន, ការបង្កើតមាតិកាប្រកបដោយគំនិតច្នៃប្រឌិត និងការប្រឹក្សាគំនិតផ្សេងៗ បុគ្គលអាចផ្លាស់ប្ដូរទិសដៅការងារបស់ខ្លួន ដោយផ្ដោតលើសកម្មភាពយុទ្ធសាស្ត្រ និងកិច្ចការដែលផ្ដល់នូវអត្ថប្រយោជន៍ខ្ពស់។

បច្ចេកវិទ្យានេះ នឹងជំរុញឱ្យបុគ្គលិកអាចអភិវឌ្ឍអាជីពរបស់ខ្លួនបានកាន់តែរហ័ស និងរីករាយក្នុងការបំពេញការងារ ខណៈដែលពួកគេក៏អាចបង្កើនផលិតភាពការងារ និងសមត្ថភាពផ្ទាល់ខ្លួនបានខ្ពស់ និងរហ័ស។ ភាពជឿនលឿននៃបញ្ញាសិប្បនិម្មិត (AI) នឹងបង្កើតតួនាទី និងភារកិច្ចថ្មីសម្រាប់មនុស្ស ដោយផ្លាស់ប្ដូររបៀបបំពេញការងារ៕































