ជាការពិតណាស់ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប មិនមែនមានតែបេក្ខជននោះទេដែលកំពុងមានអារម្មណ៍រំភើប និងព្រួយបារម្ភ តែអាណាព្យាបាល ឪពុកម្តាយ ក៏កំពុងតែមានអារម្មណ៍ដូចគ្នានេះដែរ ។ សម្រាប់លោក ញ៉ែម សុផល បច្ចុប្បន្នជាមន្រ្តី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលក៏មានកូនមួយរូបនឹងត្រូវប្រឡងបាក់ឌុបឆ្នាំនេះ បានផ្តល់សារលើកទឹកចិត្តថា ធ្លាក់ជាប់ជារឿងធម្មតា តែកូនត្រូវប្រឹងឱ្យអស់ពីលទ្ធភាព និងមានជំនឿលើខ្លួនឯង។
លោក ញ៉ែម សុផល មានប្រសាសន៍ប្រាប់ AMS Education ថា គាត់មានកូនប្រុសត្រូវទៅប្រឡងបាក់ឌុបថ្ងៃខាងមុខនេះ នៅមណ្ឌលវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ ។ ចំពោះការប្រឡងបាក់ឌុបរបស់កូនឆ្នាំនេះ លោកមានអារម្មណ៍រំភើបផង និងបារម្ភផង, អារម្មណ៍រំភើប ដោយគិតថា បើគាត់ប្រឡងជាប់គាត់នឹងបន្តការសិក្សានៅសកលវិទ្យាល័យ ឬបានទទួលអាហារូបករណ៍ទៅរៀនក្រៅប្រទេសដែលជាស្ពានមួយចម្លងគាត់ឆ្ពោះទៅរកអនាគតថ្មីមួយនៃជីវិត។ ចំណែកអារម្មណ៍ភ័យព្រួយ ដោយគិតថា ខ្លាចគាត់ប្រឡងធ្លាក់ ឬមានបញ្ហាណាមួយដោយចៃដន្យនៅថ្ងៃប្រឡង។
“បើគាត់ប្រឡងជាប់ នឹងសប្បាយរីករាយនិងអបអរគាត់ តែបើធ្លាក់ក៏មិនបន្ទោសគាត់ដែរ ហើយជំរុញឱ្យប្រឹងប្រែងបន្តទៀត”
លោក ញ៉ែម សុផល ជាមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា
លោក ញ៉ែម សុផល បញ្ជាក់បន្ថែមថា កន្លងមកលោកផ្ទាល់ និងភរិយាបានជួយលើកទឹកចិត្តកូនជាប្រចាំ ជំរុញឱ្យខិតខំសិក្សារាល់ថ្ងៃ និងតែងទូន្មានកូនថា “មានតែចំណេះវិជ្ជាទេដែលជួយជីវិតកូនឱ្យមានអនាគតល្អប្រសើរ និងអាចជួយសង្គមជាតិបាន ។ ហើយមានតែចំណេះវិជ្ជាទេជាទ្រព្យដែលចោរលួចមិនបាន”។ ជាពិសេស ជំរុញឱ្យគាត់ខិតខំមើល និងទន្ទេញមេរៀន ក៏ដូចជាធ្វើលំហាត់តាំងពីជាងមួយខែមុនពេលជិតប្រឡងធំនៅប៉ុន្មានថ្ងៃខាងមុខនេះ។
ឪពុកដែលមានវ័យប្រមាណ៥០ឆ្នាំរូបនេះ លើកឡើងថា នៅពេលកូនរបស់គាត់រៀនបានលទ្ធផលល្អ គាត់តែងតែមានអំណោយជូនកូន និងជូនកូនដើរលេងតាមការស្នើសុំ ។ ជាពិសេសបង្ហាញក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះកូន សរសើរកូនពេលរៀនបានលទ្ធផលល្អ និងមិនបន្ទោស ឬដាក់ទណ្ឌកម្មកូនពេលកូនទទួលលទ្ធផលសិក្សាមិនល្អ។
“ខ្ញុំពិតជាសង្ឃឹមថាកូននឹងធ្វើបានល្អនៅថ្ងៃប្រឡង ព្រោះខ្ញុំឃើញគាត់ខិតខំរៀនខ្លាំងជាប្រចាំក្នុងរយៈពេលជិត២ខែនេះ។ ការសិក្សានៅសាលាគាត់ទទួលបានលទ្ធផលល្អ និងរៀនពូកែផងដែរ។ គាត់ជាកូនដើរតាមគន្លង កូនល្អមិនដែលឱ្យឪពុកម្តាយពិបាកចិត្តទេ”
លោក ញ៉ែម សុផល ជាមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា
លោក ញ៉ែម សុផល បន្ថែមទៀតថា ក្រោយកូនប្រឡងបាក់ឌុបរួច បើនិយាយពីការជ្រើសរើសជំនាញសិក្សារបស់កូនវិញក្នុងនាមជាអាណាព្យាបាលគាត់មិនបង្ខំកូននោះទេ គឺគោរពការសម្រេចចិត្តរបស់គាត់។ ប្រសិនកូនចង់រៀនជំនាញអ្វីត្រូវតាមបំណងរបស់គាត់ និងតាមអ្វីដែលគាត់មានទេពកោសល្យ ។ តែទោះជាយ៉ាងណាក៏ដោយ ឪពុកម្ដាយនឹងពន្យល់ និងតម្រង់ទិសគាត់ អំពីជំនាញសំខាន់ៗ ដែលត្រូវនឹងទីផ្សារការងារបច្ចុប្បន្ន និងអនាគត ព្រមទាំងស្របទៅតាមបំណងរបស់គាត់។
លោក ញ៉ែម សុផល ក៏បានលើកទឹកចិត្ត និងជំរុញកូនឱ្យប្រឹងប្រែងអស់ពីសមត្ថភាព និងព្យាយាមធ្វើឱ្យបានល្អក្នុងពេលប្រឡង។ មួយវិញទៀត លោកក៏បានត្រៀមរួចរាល់នូវថវិកា សម្ភារៈសិក្សាសម្រាប់ប្រឡង និងជូនគាត់ទៅប្រឡងដោយផ្ទាល់។ លោកពន្យល់និងលើកទឹកចិត្តកូនឱ្យយល់ថា “មានតែចំណេះដឹងទេ ដែលជួយឱ្យមានអនាគតរុងរឿង ជីវិតងាយស្រួល“៕
































