ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ ជានិមិត្តរូប ដែលធ្វើឡើងនៅអនុវិទ្យាល័យចតុមុខ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីសមិទ្ធផលធំៗជាច្រើនដែលក្រសួងសម្រេចបាននៅឆ្នាំទី១ នៃការចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការបើកបវេសនកាលឆ្នាំសិក្សាថ្មីនាពេលនេះ គឺជាឆ្នាំទី២ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពក្នុងគោលដៅឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
ឯកឧត្តមបន្តថា រយៈពេល ១ឆ្នាំសិក្សាកន្លងមក ក្រសួងអប់រំ យុវជន និងកីឡា និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់បានខិតខំ និងចូលរួមអនុវត្តកំណែទម្រង់វិស័យអប់រំ ដោយផ្តោតលើកំណែទម្រង់សាលារៀន និងកំណែទម្រង់សាលាគរុកោសល្យ ជាពិសេសការអនុវត្តវិធានការគន្លឹះចំនួន ៤ ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន៖ ទី១).ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២).ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន, និងទី៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋនិងសហគមន៍ ដើម្បីការអប់រំ»។
ក្នុងខែធ្នូ ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ស្តង់ដាសាលារៀនគំរូ» ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា។ ជាសមិទ្ធផល ក្រសួងបានវាយតម្លៃនិងប្រគល់ពានរង្វាន់ជូនសាលារៀនគំរូចំនួន ១២០ និងកំពុងគាំទ្រដល់សាលារៀនដែលមានសក្តានុពលជាច្រើនទៀត ដើម្បីជាប់ស្តង់ដាសាលារៀនគំរូក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ស្របតាមស្តង់ដាទាំង ៥ រួមមាន (ស្តង់ដាទី១)៖ លទ្ធផលសិក្សារបស់សិស្ស (ស្តង់ដាទី២)៖ វិធីសាស្ត្របង្រៀន ដើម្បីពង្រឹងបំណិនជាមូលដ្ឋាននៅកម្រិតបឋមសិក្សា (ស្តង់ដាទី៣)៖ ការចូលរួមរបស់មាតាបិតា ក្នុងការអភិវឌ្ឍសាលារៀន និងជួយបង្រៀនកូនបន្ថែម (ស្តង់ដាទី៤)៖ ការគ្រប់គ្រងសាលារៀន ការបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន និងគណៈកម្មការគ្រប់គ្រងថ្នាក់រៀន (ស្តង់ដាទី៥)៖ គណនេយ្យភាព ការអនុវត្តប្រព័ន្ធវាយតម្លៃការសិក្សារបស់សិស្ស រៀបចំយន្តការគាំទ្រសិស្សខ្សោយ។ សាលារៀនគំរូ ជាគ្រឹះស្ថានសិក្សាដែលខិតខំប្រឹងប្រែងអនុវត្តកម្មវិធីសិក្សាថ្មី ជាពិសេសការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សាបន្ថែម ដើម្បីបង្កើនម៉ោងសិក្សាឱ្យបានយ៉ាងហោចណាស់ ២ម៉ោងសិក្សាបន្ថែមទៀត។
ដើម្បីសម្រេចបានទិសដៅដែលបានគ្រោងទុក ឯកឧត្តម ហង់ជួន ណារ៉ុន បានផ្តល់ជាអនុសាសន៍ដល់ក្រុមការងារ សម្រាប់ឆ្នាំសិក្សាថ្មី ដោយត្រូវខិតខំរកវិធីសាស្ត្រថ្មីៗ និងហ៊ានអនុវត្តគំនិតនវានុវត្តរបស់ខ្លួន ដើម្បីលើកស្ទួយគុណភាពធនធានមនុស្សនៅក្នុងសាលា និងសូមឱ្យស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសលោកឪពុក អ្នកម្តាយ អ្នកឤណាព្យាបាលទាំងអស់នៅទូទាំងប្រទេស ចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យអប់រំកម្ពុជាឱ្យកាន់តែសកម្ម និងខ្លាំងក្លា ដើម្បីជួយដល់សិស្សានុសិស្សឱ្យក្លាយជាបុគ្គលិកមានសមត្ថភាពពេញលក្ខណៈ ទាំងចំណេះដឹង វិន័យ សីលធម៌ ស្មារតីរឹងប៉ឹង និងសុខភាពល្អប្រសើរ សម្រាប់ជាធនធានបន្តវេនដ៏មានសក្តានុពលក្នុងការចូលរួមការពារ អភិរក្ស និងអភិវឌ្ឍជាតិ។
សូមបញ្ជាក់ដែរថា នៅក្នុងសារលិខិតអបអរឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានលើកបង្ហាញពីការអនុវត្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំទី១ នៃនីតិកាលទី៧ នៃរដ្ឋសភា ដែលបានយកចិត្តទុកដាក់ និងដាក់ចេញនូវកម្មវិធីផ្សេងៗ សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈវិធានការចំនួន៤។ យ៉ាងណាក៏ដោយសម្រាប់ឆ្នាំសិក្សាថ្មីនេះ ដើម្បីទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក សម្តេចធិបតី បានផ្តល់អនុសាសន៍ចំនួន១០ រួមមាន ៖ ទី១ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ, ទី២ គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវអនុវត្តកម្មវិធីសិក្សាផ្លូវការឱ្យបានពេញលេញ និងមានប្រសិទ្ធភាព, ទី៣ គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវរៀបចំបរិស្ថានសាលារៀនស្អាត គ្មានសំរាម សាលារៀនបៃតង, ទី៤ លោកគ្រូ អ្នកគ្រូទាំងអស់ បន្តដើរតួនាទីជាបុគ្គលនាំមុខ ជាឪពុកម្ដាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត។
ទី៥ មាតាបិតា អ្នកអាណាព្យាបាល សូមចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌ របស់កូនចៅ ទាំងនៅក្នុងគ្រួសារនិងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែម ឬបង្កលក្ខណៈឱ្យកូនបានសិក្សាបន្ថែមពេលនៅផ្ទះ, ទី៦ ក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន និងចូលរួមធ្វើអំពើល្អ, ទី៧ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួមនិងគាំទ្រឱ្យកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍសាលារៀន, ទី៨ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ និងសប្បុរសជននានា សូមបន្តចូលរួម ឱ្យបានកាន់តែសកម្មថែមទៀត ក្នុងការជួយគាំទ្រដល់សកម្មភាពអប់រំនៅគ្រប់ទីកន្លែង និងតាមគ្រប់លទ្ធភាព, ទី៩ គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋនិងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមបន្តជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ អំពីយុទ្ធនាការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំ និង ទី១០ សូមមាតាបិតា អ្នកអាណាព្យាបាលគ្រប់រូបនាំកូនចៅទៅចុះឈ្មោះចូលរៀន និងបន្តផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងការជួយបង្រៀនបន្ថែមតាមគ្រប់រូបភាព នៅឆ្នាំសិក្សាថ្មី២០២៤-២០២៥នេះ៕

































