ភ្នំពេញ – ទិវាសៀវភៅកុមារអន្តរជាតិលើកទី៨ គ្រោងនឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី០២ ដល់ទី០៤ ខែមិថុនា ឆ្នាំ២០២៣ចុងសប្តាហ៍នេះ នៅបរិវេណវិទ្យាល័យបឹងត្របែក រាជធានីភ្នំពេញ ។ ទិវានេះ អនុញ្ញាតឱ្យឪពុកម្ដាយ ឬអាណាព្យាបាលអាចនាំកូនៗទៅចូលរួមដោយសេរី និងឥតគិតថ្លៃ។
អ្នកនាង ទ្រី សម្ភស្ស សមាជិករៀបចំកម្មវិធីនេះនិយាយថា ទិវាសៀវភៅកុមារអន្ដរជាតិលើកទី៨ បង្កើតឡើងក្នុងគោលបំណងនាំកុមារ និងសៀវភៅទៅជួបគ្នាតាមរយៈជំនួយពីលោកគ្រូ អ្នកគ្រូ និងឪពុកម្ដាយ។ លើសពីនេះ ក៏ជាការលើកកម្ពស់សារៈសំខាន់ នៃការអានរបស់កុមារទៅកាន់ឪពុកមា្ដយ និងការបង្កើនចំណង់ ភាពសប្បាយរីករាយ នៃការអានទៅកាន់កុមារ។
បើតាមអ្នកនាង ទ្រី សម្ភស្ស ឪពុកម្ដាយទាំងអស់គួរយកចិត្តទុកដាក់ទៅលើការអានរបស់កុមារតាំងពីតូចទៅ ។ ឪពុកម្ដាយមួយចំនួនតែងតែប្រើពាក្យថា ក្មេងមិនទាន់ចេះអានមិនឱ្យអានសៀវភៅ ប៉ុន្តែផ្ទុយទៅវិញសៀវភៅកុមារ គឺមានតាំងពីសូន្យខែ។ ទន្ទឹមគ្នានេះ ដើម្បីឱ្យមានការរីកចម្រើន លុះត្រាតែមានការចូលរួមទាំងអស់គ្នា ទាំងមាតាបិតា ឬអាណាព្យាបាលរបស់កុមារ និងអ្នកបោះពុម្ព ។ អ្នកនាង សម្ភស្ស បញ្ជាក់ថា ឪពុកម្តាយអាចទិញសៀវភៅឱ្យកុមារអាន ក្នុងការជួយគាំទ្រវិស័យសៀវភៅកុមារ, ដោយក្នុងនោះ អ្នកបោះពុម្ពក៏មានលទ្ធភាព និងមានទឹកចិត្តក្នុងការផលិតសៀវភៅកាន់តែសម្បូរបែបសម្រាប់កុមារផងដែរ។

អ្នកនាង ទ្រី សម្ភស្ស ជាសមាជិករៀបចំកម្មវិធីទិវាសៀវភៅកុមារ
“ការអានមិនសំដៅតែលើការចេះអានអក្សរតែមួយមុខ ប៉ុន្តែកុមារអាចស្វែងយល់ពីចំណេះទូទៅ ពីស្ថានភាពជុំវិញខ្លួន ពីការស្រមើស្រមៃគ្រប់យ៉ាងពីជីវិតកុមារតែម្ដង”
នៅក្នុងទិវាសៀវភៅកុមារអន្ដរជាតិលើកទី៨នេះ នឹងមានអ្នកចូលរួមជាច្រើនពីស្ថាប័នផ្សេងៗគ្នាដែលធ្វើការទាក់ទងនឹងសៀវភៅកុមារដូចជា អ្នកបោះពុម្ពផ្សាយ អ្នកកែសម្រួលអត្ថបទ អ្នកនិពន្ធ អ្នកគំនូរ បណ្ណារក្ស អ្នកចែកចាយ មន្ដ្រីផ្នែកអប់រំ និងអ្នកចូលចិត្ដស្រលាញ់ការអានទាំងអស់។ បើតាម អ្នកនាង ទ្រី សម្ភស្ស នៅឆ្នាំនេះមានចំនួនអ្នកចូលរួមរៀបចំ និងអ្នកដាក់ស្ដង់សៀវភៅច្រើនជាងឆ្នាំកន្លងដែលធ្លាប់ធ្វើ ហើយសង្ឃឹមថា នឹងមានអ្នកចូលរួមយ៉ាងហោចណាស់ ២៥00 នាក់។

ជាមួយគ្នានេះ ទិវាសៀវភៅកុមារអន្ដរជាតិលើកទី៨ មានសកម្មភាពដូចជា ពិភពនិមិត្ត គូសមុខ និទានរឿងដោយប្រើតុក្កតា និទានរឿងដោយប្រើកាមីសៃបៃ ការបត់រូបសត្វ សៀវភៅអាន៖ រវាងក្រដាសស និងឌីជីថល ជាដើម៕






























