ខណៈបច្ចេកវិទ្យាកាន់តែមានភាពជឿនលឿន មនុស្សកាន់តែងាយស្រួលចែកចាយព័ត៌មាន នៅលើបណ្ដាញសង្គម និងអ៊ីនធឺណិត។ ហេតុនេះហើយ បានជារាល់ពេលលេងបណ្ដាញសង្គម ឬប្រើប្រាស់បណ្ដាញអ៊ីនធឺណិត យើងតែងប្រទះភ្នែកនឹងរូបភាព អត្ថបទ តំណភ្ជាប់ និងវីដេអូជាច្រើន។ ប៉ុន្តែ អ្វីដែលយើងត្រូវកត់សម្គាល់នោះ គឺ មិនមែនរឿងទាំងអស់ដែលបានចែកចាយសុទ្ធតែការពិត ដែលយើងត្រូវជឿនោះទេ។ មានព្រឹត្តិការណ៍មួយចំនួនគេបង្កើតឡើង ដើម្បីទាញប្រយោជន៍ផ្ទាល់ខ្លួន ឬផលចំណេញណាមួយប៉ុណ្ណោះ។ ហេតុនេះ យើងត្រូវដឹងអំពីវិធីសាស្ត្រ ដើម្បីសម្គាល់ថា តើព័ត៌មាន ដែលយើងកំពុងតែអាននោះ ជាព័ត៌មានពិត ឬក្លែងក្លាយ?
លោក ជី សុផាត ដែលអ្នកផលិតមាតិកាអប់រំអំពីចំណេះដឹងឌីជីថល បានលើកឡើងថា បច្ចុប្បន្នការក្លែងបន្លំព័ត៌មានមិនពិត ភាគច្រើនកើតមាននៅក្នុងឌីជីថល ដែលបញ្ជាក់ថា ចំណេះដឹងអំពីឌីជីថលរបស់ប្រជាពលរដ្ឋរបស់យើងនៅមានកម្រិតនៅឡើយ។ ចំណុចនេះ តម្រូវឱ្យប្រជាពលរដ្ឋរបស់យើងត្រូវពង្រឹងចំណេះដឹងមូលដ្ឋាន ក្នុងការប្រើប្រាស់បណ្ដាញសង្គម ដោយគាត់គួរមានសមត្ថភាពវិភាគថា តើព័ត៌មាននោះមានប្រភពច្បាស់លាស់ដែរទេ? កើតនៅពេលណា មានទីតាំងជាក់ស្ដែងកន្លែងណា និងមានភ័ស្ដុតាងគ្រប់ចំនួនឬអត់?

ចំណេះដឹងមូលដ្ឋាននេះ លោកសំដៅលើសមត្ថភាពការវិភាគព័ត៌មាន ដោយផ្អែកទៅលើភស្ដុតាង ដែលរួមមាន ប្រភពព័ត៌មាន កាលរិច្ឆេទ ពេលវេលាជាក់លាក់ ទីតាំងជាក់ស្ដែង និងភ័ស្ដុតាងដែលបានរកឃើញ។ លើសពីនេះ អ្នកលេងបណ្ដាញសង្គម ត្រូវស្វែងរកប្រភព កំណត់ចំណុចសំខាន់ៗ និងវិភាគឱ្យបានល្អិតល្អន់ជាមុនសិន មុននឹងសម្រេចចិត្តចែកចាយបន្ត។ លោកបញ្ជាក់ថា ការចែករំលែកដោយគ្មានមូលដ្ឋាន អាចបង្កភាពចលាចលក្នុងសង្គមបាន។
លោក ជី សុផាត
“រឿងហ្នឹងវាអាចពីផ្សេងគ្នា ជួនកាលព័ត៌មានហ្នឹង មិនមែនក្លែងក្លាយទេ ប៉ុន្តែវាជារឿង ដែលកើតហួសហើយ។ ដូច្នេះប្រជាពលរដ្ឋត្រូវចេះវិភាគ ដោយផ្អែកទៅលើកាលរិច្ឆេទ ពេលវេលា ប្រភពព័ត៌មាន និងស្ថានភាពពិត យកមកវែកញែកថា ព័ត៌មាននោះពិត ឬមិនពិត។ មួយវិញទៀត យើងអាចវិភាគថា ព័ត៌មាននោះ ក្លែងក្លាយឬមិនក្លែងក្លាយ មួយតង់ទៀត”
បើតាមលោក ជី សុផាត ព័ត៌មានក្លែងក្លាយអាចមានឥទ្ធិពលខ្លាំងមកលើសង្គម ប៉ុន្តែយើងមិនអាចវាស់ថា ឥទ្ធិពលនោះខ្លាំងកម្រិតណានោះទេ ដោយវាស៊ីសងទៅលើព័ត៌មានទាំងអស់នោះថា តើអ្នកផលិតមានគោលដៅបែបណា។ លោកបញ្ជាក់ថា មានរូបភាពច្រើន ដែលអ្នកផលិតព័ត៌មានអាចធ្វើបាន ប្រសិនបើព័ត៌មាននោះមានគោលដៅក្នុងការធ្វើឱ្យប៉ះពាល់អារម្មណ៍ វាអាចនឹងមានឥទ្ធិពលលើផ្លូវអារម្មណ៍។ ប៉ុន្តែប្រសិនបើព័ត៌មានទាំងនោះ មានគោលដៅទៅលើការក្លែងបន្លំជាលុយកាក់ នោះអ្នកដែលជឿព័ត៌មានច្បាស់ជាខាតបង់ប្រាក់កាសជាមិនខាន។

គួរជម្រាបជូនថា នាពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមក្នុងប្រទេសកម្ពុជា មានព័ត៌មានមួយចំនួនត្រូវបានចេញផ្សាយដោយគ្មានប្រភពច្បាស់លាស់ ដូចជាករណីបាត់ក្មេង ឬក្មេងៗត្រូវគេចាប់ពង្រត់ជាដើម តែព័ត៌មានទាំងនោះ បានស្ងាត់ទៅវិញហើយ ក្រោយពេលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងអាជ្ញាធរពាក់ព័ន្ធ បានចេញស្រាយបំភ្លឺថា ករណីទាំងនេះមិនមែនជាការពិតនោះទេ៕































