នៅពេលដែល ChatGPT កាន់តែទំនើប ករណីប្រើប្រាស់ជាក់ស្ដែង ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់។ លទ្ធផលបានបង្ហាញថា នៅក្នុងជំនាន់ខុសគ្នា អ្នកប្រើប្រាស់ក៏ប្រើបច្ចេកវិទ្យានេះ តាមរបៀបខុសៗគ្នាដែរ, នេះបើយោងតាមនាយកប្រតិបត្តិ OpenAI លោក Altman ។
Altman បាននិយាយនៅក្នុងព្រឹត្តិការណ៍ AI Ascent របស់ Sequoia Capital កាលពីថ្មីៗនេះថា មនុស្សជំនាន់ Y និងជំនាន់ Z ប្រើបច្ចេកវិទ្យា ChatGPT ជំនួស Google ។ ប្រហែលជាមនុស្សក្នុងវ័យ ២០ និង៣០ឆ្នាំ ប្រើវាដូចជាអ្នកប្រឹក្សាជីវិត ដោយឡែកសម្រាប់និស្សិត ក្រៅពីប្រើជាអ្នកប្រឹក្សាជីវិត ពួកគេប្រើវាជាប្រព័ន្ធប្រតិបត្តិការមួយ សម្រាប់ការសិក្សា។

ក្រុមហ៊ុន Venture-capital Sequoia បានវិនិយោគលើកដំបូងនៅ OpenAI ក្នុងឆ្នាំ២០២១ នៅពេលដែលក្រុមហ៊ុននេះមានតម្លៃ ១៤ពាន់លានដុល្លារ។ បច្ចុប្បន្ន OpenAI មានតម្លៃ ៣០០ ពាន់លានដុល្លារ និងក្លាយជាមូលនិធិទឹកប្រាក់ឯកជន ដ៏ធំបំផុតមិនធ្លាប់មានពីមុនមក។ Sequoia ក៏បានវិនិយោគលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀតដូចជា Nvidia, Reddit, Instacart, YouTube, Apple, Dropbox, Airbnb និង Doordash ផងដែរ។
Altman និយាយថា មនុស្សវ័យក្មេងប្រើ ChatGPT ស្រដៀងទៅនឹងរបៀបដែលពួកគេប្រើប្រព័ន្ធប្រតិបត្តិការមួយ។ ពួកគេមានវិធីស្មុគស្មាញក្នុងការដំឡើងវា និងភ្ជាប់វាទៅឯកសារ ដើម្បីងាយស្រួលចងចាំ និងរក្សាទុក។ លើសពីនេះ មុននឹងសម្រេចចិត្ត រឿងអ្វីមួយពាក់ព័ន្ធនឹងបញ្ហាជីវិត អ្នកប្រើប្រាស់វ័យក្មេងកម្រនឹងសម្រេចចិត្តដោយមិនសួរ ChatGPT ណាស់។

របាយការណ៍បង្ហាញថា មនុស្សចាប់ផ្ដើមប្រើ ChatGPT ក្នុងគោលបំណងជាច្រើន រាប់ចាប់តាំងពីការផ្ដល់យោបល់ក្នុងបញ្ហាទំនាក់ទំនង រហូតដល់សំណួរទាក់ទងនឹងអាជីវកម្ម និងសុខាភិបាល។ ខណៈអ្នកផ្សេងទៀត ប្រើវាជំនួសការប្រឹក្សាយោបល់ផ្លូវចិត្ត ដោយការនិយាយ។
យ៉ាងណាក៏ដោយ អ្នកជំនាញនៅក្នុងវិស័យជាច្រើន ជំរុញឱ្យមានការប្រុងប្រយ័ត្ននៅពេលប្រើប្រាស់ ChatGPT ជាពិសេសទាក់ទងនឹងបញ្ហាសុវត្ថិភាព និងការផ្ទៀងផ្ទាត់ចម្លើយបន្ថែមជាមួយអ្នកជំនាញ ព្រមទាំងការពិចារណាប្រកបដោយក្រមសីលធម៌ និងការការពារ ដើម្បីធានាថា អ្នកប្រើប្រាស់យល់ពីដែនកំណត់ និងទទួលបានការផ្ដល់យោបល់ដែលត្រឹមត្រូវ៕































