កាលពីថ្ងៃអង្គារ (៦ ឧសភា) ថ្នាក់ដឹកនាំក្រសួង ប្រធានសភាឌីជីថលកម្ពុជា សាកលវិទ្យាធិការសាកលវិទ្យាល័យពាក់ព័ន្ធ វិទ្យាស្ថានគរុកោសល្យ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា បានជួបប្រជុំគ្នា ដើម្បីពិភាក្សាស្តីពីការរៀបចំសកម្មភាពសម្រាប់សម្របសម្រួលការងារអប់រំ ពាក់ព័ន្ធនឹងប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI)។
ក្នុងកិច្ចប្រជុំនោះ ភាគីពាក់ព័ន្ធបានធ្វើការពិភាក្សា ពី (១) ដឹកនាំការងារពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង និងអភិបាលកិច្ច (AI) និងសម្របសម្រួល ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំក្របខណ្ឌគោលនយោបាយនិងយុទ្ធសាស្ត្រលើអភិបាលកិច្ច (AI) ដើម្បីដាក់ឆ្លងក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និង សង្គមឌីជីថល ពិនិត្យនិងសម្រេច, (២) ដឹកនាំការងារពាក់ព័ន្ធនឹងការស្រាវជ្រាវ និងការអភិវឌ្ឍ(AI) និងសម្របសម្រួល ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំផែនទីបង្ហាញផ្លូវលើការស្រាវជ្រាវ និងការអភិវឌ្ឍ(AI) ដើម្បីដាក់ឆ្លងក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិនិត្យនិងសម្រេច និង (៣). ពិនិត្យឡើងវិញលើមុខសញ្ញាការងារ ដែលបានអនុវត្តកន្លងមកពាក់ព័ន្ធនឹង (AI) រួចសហការធ្វើការតម្រង់ទិស និងកែសម្រួល ឬផ្ទេរមុខសញ្ញាការងារទាំងនោះ ឱ្យស្របតាមការសម្រេចខាងលើ។

បន្ទាប់ពីការធ្វើបទបង្ហាញពីក្រុមការងារជំនាញ និងជជែកពិភាក្សាផ្លាស់ប្តូរមតិយោបល់រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ ឱ្យមានការដាក់បញ្ចូលកម្មវិធី AI ក្នុងកម្មវិធីប្រើប្រាស់របស់ក្រសួង និងតាមគ្រឹះស្ថាននានា ដើម្បីជួយសម្រួលដល់ការគ្រប់គ្រង វិភាគទិន្នន័យ និងជាពិសេសពន្លឿនដំណើរការការងារ ។ ឯកឧត្តមលើកទឹកចិត្តឱ្យប្រើប្រាស់ធនធានដែលមានស្រាប់ ដូចជាទូរស័ព្ទស្មាតហ្វូន ដើម្បីឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តមក៏បានស្នើឱ្យរៀបចំបញ្ចូលកម្មវិធី AI ទៅក្នុងកម្មវិធីសិក្សារបស់សិស្ស ដើម្បីជួយបំផុសគំនិតច្នៃប្រឌិត និងសម្រួលដល់ការរៀនសូត្ររបស់សិស្ស ក្នុងយុគសម័យឌីជីថលនេះ, រៀបចំជា Picture Guide ក្នុងកម្មវិធីសិក្សារបស់សិស្សដើម្បីបង្កើនការយល់ដឹង និងការចងចាំ ជាពិសេសនឹងបង្កើតបរិយាកាសសិក្សាប្រកបដោយភាពស្វាហាប់ និងរីករាយ បង្កភាពងាយស្រួលក្នុងការសិក្សារបស់សិស្ស។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏ស្នើឱ្យមានការរៀបចំតែងតាំងមន្រ្តីជំនាញខាង (AI) ដើម្បីជួយគាំទ្រក្នុងការអនុវត្តឱ្យចំគោលដៅ និងត្រឹមត្រូវ, រៀបចំតែងតាំងមន្ត្រីជំនាញខាងវិភាគដើម្បីវិភាគស្ថានភាព តាមដាននិន្នាការ និងបញ្ហាប្រឈមនាថ្ងៃអនាគត។
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំ ជាពិសេសតាមរយៈការបញ្ចូលបច្ចេកវិទ្យា(AI) ក្នុងវិស័យអប់រំ ដើម្បីបង្កើនគុណភាពនៃការបណ្តុះបណ្តាល និងការស្រាវជ្រាវ ជាពិសេសត្រៀមខ្លួនរួចរាល់ ដើម្បីឆ្លើយតបនឹងរលកនៃការបដិវត្តន៍បញ្ញាសិប្បនិម្មិត (AI) ដែលកំពុងផ្លាស់ប្តូរគ្រប់វិស័យក្នុងពិភពលោក៕































