ពីក្មេងស្រីម្នាក់មកពីគ្រួសារមានជីវភាពខ្វះខាត និងស្ទើរតែគ្មានឱកាសបន្តការសិក្សា បច្ចុប្បន្ន ង៉ែត ចាប អាយុ ២៥ឆ្នាំ កំពុងក្លាយជានិស្សិតកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ។ សម្រាប់នាង ឱកាសទទួលបានការអប់រំតាំងពីកុមារភាព មិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែបានផ្លាស់ប្តូរទស្សនៈ និងទិសដៅអនាគតរបស់នាងផងដែរ។
នាងបានចូលរៀនតាំងពីវ័យក្មេង ក្នុងកម្មវិធីអប់រំដែលផ្តល់ឱកាសដល់ក្មេងស្រីមកពីគ្រួសារដែលមានជីវភាពខ្វះខាត។ ក្រៅពីមុខវិជ្ជាទូទៅ នាងបានសិក្សាភាសាបារាំង អង់គ្លេស និងចិន ព្រមទាំងចូលរួមសកម្មភាពសិល្បៈ កីឡា និងការងារស្ម័គ្រចិត្ត។

ង៉ែត ចាប រៀបរាប់ប្រាប់ AMS ថា «សម្រាប់ខ្ញុំ ការសិក្សាបានផ្លាស់ប្តូរអនាគតរបស់ខ្ញុំ។ ពីក្មេងស្រីម្នាក់ដែលគ្រួសារមានស្ថានភាពខ្វះខាត រហូតទទួលបានចំណេះដឹង កំពុងសិក្សាថ្នាក់ម៉ាស្ទ័រ និងមានឱកាសចូលរួមការងារក្នុងសង្គម» ។
កាលពីដំបូង នាងមិនធ្លាប់គិតថាខ្លួនអាចបន្តការសិក្សារហូតដល់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ឡើយ។ គោលដៅរបស់នាងនៅពេលនោះ គ្រាន់តែចង់រៀនឱ្យចប់ថ្នាក់ទី១២។ ប៉ុន្តែការគាំទ្រដែលនាងទទួលបាន បានធ្វើឱ្យគោលដៅនោះបន្តផ្លាស់ប្តូរតាមដំណាក់កាលនៃការសិក្សា រហូតដល់ការរៀបចំខ្លួនសម្រាប់អនាគតការងារ។

ការផ្លាស់ប្តូរបែបនេះក៏កើតឡើងចំពោះ ណូ ដាលែន ដែលបានចូលរៀនតាំងពីអាយុ៧ឆ្នាំ។ បច្ចុប្បន្ន នាងមានអាយុ២៦ឆ្នាំ ជានិស្សិតពេទ្យ បន្ទាប់ពីឆ្លងកាត់ការសិក្សាជាច្រើនឆ្នាំ ដើម្បីឈានទៅរកវិជ្ជាជីវៈដែលខ្លួនបានជ្រើសរើស។
ដាលែនរៀបរាប់ថា កាលពីនៅតូច នាងមិនធ្លាប់គិតថា ខ្លួនអាចបន្តការសិក្សារហូតដល់កម្រិតនេះឡើយ ដោយសារតែគ្រួសារមានជីវភាពខ្វះខាត។ ការគាំទ្រផ្នែកការសិក្សា និងការថែទាំជាបន្តបន្ទាប់ បានជួយឱ្យនាងអាចបន្តការសិក្សា និងជ្រើសរើសជំនាញដែលខ្លួនចង់បាន។

«ខ្ញុំមិនដែលគិតទេថា ខ្លួននឹងបានមកដល់ថ្ងៃនេះ ព្រោះខ្ញុំជាក្មេងស្រីម្នាក់ដែលចេញពីគ្រួសារមានជីវភាពខ្វះខាត។ ការជ្រើសរើសជំនាញនេះ ក៏ដោយសារតែខាងសាលាបានជួយ និងគាំទ្រខ្ញុំ»
ក្នុងបរិបទនេះ អង្គការ Toutes à l’école បានចាប់ផ្តើមផ្តល់ការអប់រំដល់ក្មេងស្រីដែលជួបការលំបាកនៅកម្ពុជា តាំងពីឆ្នាំ២០០៥ តាមរយៈសាលាហេបភីច័ន្ទតារាស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ការគាំទ្ររួមមានការអប់រំទូទៅ ភាសាបរទេស ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា។
សូមជម្រាបថា មានក្មេងស្រីជាង ១ ៧០០នាក់ បានចុះឈ្មោះក្នុងការទទួលបានការអប់រំ ហើយមានសិស្សថ្មីប្រមាណ ១០០នាក់ ចូលរៀនជារៀងរាល់ឆ្នាំ។ ការគាំទ្រត្រូវបានបន្តពីការសិក្សា រហូតដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការចាប់ផ្តើមការងារដំបូងរបស់ពួកគេ។

លោកស្រី Juliette DUQUERROY មន្ត្រីផ្នែកទំនាក់ទំនងនៅសាលាហេបភីច័ន្ទតារា បានលើកឡើងថា ការងាររបស់អង្គការផ្តោតលើការផ្តល់ឱកាសឱ្យក្មេងស្រីកម្ពុជាទទួលបានការអប់រំ និងអភិវឌ្ឍសមត្ថភាព ដើម្បីអាចបន្តការសិក្សា និងចូលរួមក្នុងសង្គមបានកាន់តែប្រសើរ។
លោកស្រីក៏បានចាត់ទុកការងារនេះថា ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ដែលមានទំនាក់ទំនងយូរអង្វែង ជាពិសេសក្នុងវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។

ពីក្មេងស្រីដែលធ្លាប់មិនប្រាកដថាខ្លួននឹងមានឱកាសរៀនបានខ្ពស់ ទៅជានិស្សិតដែលកំពុងរៀបចំខ្លួនសម្រាប់អាជីពរបស់ខ្លួន ដំណើររបស់ពួកគេបង្ហាញថា ឱកាសអប់រំអាចជួយឱ្យក្មេងស្រីពីគ្រួសារខ្វះខាត បង្កើនសមត្ថភាព បន្តការសិក្សា និងឈានទៅរកឱកាសការងារដែលពួកគេធ្លាប់មិនហ៊ានស្រមៃ៕











































































