«ខ្ញុំពិតជារីករាយ និងមានមោទនភាពដែលទទួលបានអាហារូបករណ៍នេះ។ ខ្ញុំនឹងខិតខំរៀនសូត្រ ដើម្បីនាំយកចំណេះដឹង និងជំនាញដែលទទួលបាន មករួមចំណែកអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត»។ នេះជាការលើកឡើងរបស់និស្សិត រី គន្ធសត្យា ដែលទទួលបានអាហារូបករណ៍ EIT Digital របស់សហភាពអឺរ៉ុប (EU) ដើម្បីបន្តការសិក្សាជំនាញ Cloud and Network Infrastructure and HPC នៅ EIT Digital Master School ក្នុងប្រទេសរ៉ូម៉ានី និងតួកគី រយៈពេលពីរឆ្នាំ។
និស្សិតរូបនេះបានប្រាប់ AMS ថា ការទទួលបានអាហារូបករណ៍ទៅសិក្សានៅអឺរ៉ុប គឺជាឱកាសដ៏មានតម្លៃសម្រាប់អភិវឌ្ឍចំណេះដឹង និងជំនាញឯកទេស ដែលអាចយកមកប្រើប្រាស់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាបន្ទាប់ពីបញ្ចប់ការសិក្សា។
និស្សិត រី គន្ធសត្យា គឺជាម្នាក់ក្នុងចំណោមនិស្សិតកម្ពុជា ២៣នាក់ ដែលទទួលបានអាហារូបករណ៍សម្រាប់ឆ្នាំ២០២៦ ក្រោមការគាំទ្ររបស់យុទ្ធសាស្ត្រ Global Gateway សហភាពអឺរ៉ុប។ ក្នុងនោះមាន ៩នាក់ ទទួលអាហារូបករណ៍ Erasmus Mundus Joint Master Degrees, ៥នាក់ ទទួល Global Gateway Scholarships for Water Professions, ៧នាក់ សិក្សាកម្មវិធី Energy Dual Degrees និង ២នាក់ ទទួលអាហារូបករណ៍ EIT Digital Scholarships។
ថ្លែងក្នុងពិធីជូនដំណើរនិស្សិត និងជួបជុំអតីតនិស្សិតអាហារូបករណ៍ លោក អ៊ីហ្គ័រ ឌ្រីសម៉ាន់ស៍ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការវិនិយោគលើយុវជន និងការអប់រំ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរយៈពេលវែង។
លោកបានបញ្ជាក់ថា អាហារូបករណ៍ទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការកសាងធនធានមនុស្សដែលមានជំនាញខ្ពស់សម្រាប់កម្ពុជា និងពង្រឹងទំនាក់ទំនងយូរអង្វែងរវាងកម្ពុជា និងអឺរ៉ុប។

លោកបានបន្ថែមថា និស្សិតដែលសិក្សាលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា (STEM) ថាមពល និងបរិស្ថាន នឹងទទួលបានចំណេះដឹង និងជំនាញដែលចាំបាច់សម្រាប់រួមចំណែកដល់ការអភិវឌ្ឍប្រទេស ព្រមទាំងបង្កើនឱកាសការងារដែលមានគុណភាពខ្ពស់ រួមទាំងនៅក្រុមហ៊ុនអឺរ៉ុបដែលកំពុងវិនិយោគនៅកម្ពុជាផងដែរ។
ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា សហភាពអឺរ៉ុបគឺជាដៃគូដ៏សំខាន់របស់កម្ពុជាក្នុងការអភិវឌ្ឍវិស័យអប់រំ និងធនធានមនុស្ស។ អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ សហភាពអឺរ៉ុបបានបន្តគាំទ្រកំណែទម្រង់វិស័យអប់រំនៅគ្រប់កម្រិត ចាប់ពីការពង្រីកឱកាសទទួលបានការអប់រំ រហូតដល់ការពង្រឹងឧត្តមសិក្សា ការអប់រំបច្ចេកទេស និងការស្រាវជ្រាវ។
សូមជម្រាបថា ចាប់តាំងពីកម្ពុជាចូលរួមក្នុងកម្មវិធី Erasmus+ មក និស្សិត សាស្ត្រាចារ្យ និងបុគ្គលិកសាកលវិទ្យាល័យកម្ពុជាជាច្រើន បានទទួលអត្ថប្រយោជន៍ពីកម្មវិធីផ្លាស់ប្តូរការសិក្សា និងអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅអឺរ៉ុប ហើយបានវិលត្រឡប់មកចូលរួមអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទទួលបាន៕













































































