ការចាកចេញពីទ្រនំគ្រួសារមកបន្តការសិក្សានៅទីក្រុង ឬទីប្រជុំជន គឺជាចំណុចចាប់ផ្តើមនៃការឈានចូលជីវិតជាមនុស្សពេញវ័យ។ ទន្ទឹមនឹងសេរីភាពនៃការរស់នៅដោយខ្លួនឯង បញ្ហាប្រឈមធំបំផុតមួយដែលនិស្សិតភាគច្រើនជួបប្រទះ គឺ «ការគ្រប់គ្រងលុយកាក់»។ នៅក្នុងសៀវភៅល្បីឈ្មោះ Broke Millennial របស់អ្នកនិពន្ធ Erin Lowry បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការរៀនគ្រប់គ្រងហិរញ្ញវត្ថុចាប់តាំងពីវ័យក្មេង គឺជាការរៀនបង្កើត «ទំនាក់ទំនងល្អជាមួយលុយ» និងការកសាងទម្លាប់រឹងមាំសម្រាប់អនាគត។
ដើមឡើយ និស្សិតជាច្រើនតែងធ្លាក់ចូលក្នុងអន្ទាក់ «ការចំណាយតាមអារម្មណ៍»។ ដើម្បីជួយឱ្យការរស់នៅឆ្ងាយផ្ទះដំណើរការទៅដោយរលូន និងមិនបាច់ទូរស័ព្ទទៅប៉ាម៉ាក់នៅពាក់កណ្តាលខែ ខាងក្រោមនេះជាក្បួន ៧ យ៉ាង ដែលរួមបញ្ចូលនូវយុទ្ធសាស្ត្រជាក់ស្តែង និងទ្រឹស្តីហិរញ្ញវត្ថុ ៖
១. កត់ត្រារាល់ការចំណាយ និងតម្លាភាពជាមួយខ្លួនឯង

ទម្លាប់ដំបូងគេបង្អស់ គឺការទាញយកកម្មវិធីកត់ត្រាថវិកា (Budgeting App) ឬប្រើប្រាស់សៀវភៅកំណត់ហេតុ ដើម្បីកត់ត្រារាល់ប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់។ នៅក្នុង Broke Millennial អ្នកនិពន្ធ Erin Lowry បានលើកឡើងអំពីគំនិត ”Financial Cash Flow Check-in” ពោលគឺការពិនិត្យមើលលំហូរប្រាក់ចំណូល និងចំណាយឱ្យបានទៀងទាត់។ ការដឹងច្បាស់ថាប្រាក់ដែលឪពុកម្តាយផ្ញើឱ្យ ឬប្រាក់ចំណូលខ្លួនឯងហូរចេញទៅណាខ្លះ គឺជាជំហានដំបូងនៃការគ្រប់គ្រងវា។
២. ញែក «តម្រូវការ» ចេញពី «ចំណង់» ឱ្យដាច់ស្រឡះ
ការយល់ច្រឡំរវាងអ្វីដែល «ត្រូវតែមាន» (Needs) និងអ្វីដែល «ចង់បាន» (Wants) គឺជាមូលហេតុចម្បងដែលធ្វើឱ្យលុយហោះចេញពីហោប៉ៅយ៉ាងលឿន។ ដូច្នេះត្រូវដឹង ពីតម្រូវការចាំបាច់ ដែលមានដូចជា ថ្លៃសាលា សៀវភៅពុម្ព ថ្លៃជួលបន្ទប់ និងអាហារហូបចុកប្រចាំថ្ងៃ។ ដោយឡែកចំណង់បណ្តោះអាសន្ន មានដូចជា កាហ្វេម៉ាកល្បីៗ ការដើរជប់លៀង ឬការទិញខោអាវតាមទម្លាប់។ ការកាត់បន្ថយចំណង់ មិនមែនជាការធ្វើបាបខ្លួនឯងទេ ប៉ុន្តែជាការផ្តល់អាទិភាពលើអ្វីដែលចាំបាច់បំផុតមុនគេ។
៣. រៀនចម្អិនអាហារដោយខ្លួនឯង
ការទិញម្ហូបស្រាប់ៗ ឬការញ៉ាំអីនៅខាងក្រៅជារៀងរាល់ថ្ងៃ អាចស៊ីដាច់ថវិកាប្រចាំខែរហូតដល់ទៅ ៤០%-៥០%។ ការទិញគ្រឿងទេសមកធ្វើម្ហូបញ៉ាំខ្លួនឯងនៅបន្ទប់ មិនត្រឹមតែជាវិធីសន្សំប្រាក់បានយ៉ាងច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធានានូវអនាម័យ អាហារូបត្ថម្ភ និងសុខភាពរាងកាយរឹងមាំ។
៤. ប្រើប្រាស់ «បុព្វសិទ្ធិជានិស្សិត» ឱ្យអស់លទ្ធភាព
កាតនិស្សិតរបស់អ្នក មិនមែនគ្រាន់តែជាប័ណ្ណសម្គាល់ខ្លួនសម្រាប់ចូលប្រឡងនោះទេ។ ហាងលក់សៀវភៅ ហាងឧបករណ៍អេឡិចត្រូនិក សេវាកម្មកម្មវិធីកុំព្យូទ័រ និងកន្លែងកម្សាន្តជាច្រើន តែងតែមានការបញ្ចុះតម្លៃពិសេសសម្រាប់សិស្ស-និស្សិត (Student Discounts)។ ចាត់ទុកការបង្ហាញកាតនិស្សិតជាទម្លាប់ស្វ័យប្រវត្តិ រាល់ពេលទូទាត់ប្រាក់។
៥. ជ្រើសរើសទិញសៀវភៅ និងសម្ភារៈជជុះ

ការរៀននៅមហាវិទ្យាល័យមិនតម្រូវឱ្យអ្នកប្រើប្រាស់សៀវភៅថ្មីស្រឡាង ឬសម្ភារៈថ្លៃៗគ្រប់មុខនោះទេ។ ការស្វែងរកទិញសៀវភៅសិក្សា ឬសម្ភារៈប្រើប្រាស់បន្តពីសិស្សច្បងជំនាន់មុន (Second-hand) គឺជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ អ្នកទទួលបានចំណេះដឹងដូចគ្នា ក្នុងតម្លៃធូរថ្លៃជាងមុនពាក់កណ្តាល ហើយសិស្សច្បងក៏ទទួលបានចំណូលខ្លះមកវិញដែរ។
៦. ប្រយ័ត្នប្រយែងចំពោះ «ខ្ចី-ឱ្យគេខ្ចី»
រឿងលុយកាក់ គឺជាកត្តាជួរមុខដែលលោក Erin Lowry បានព្រមានយ៉ាងច្បាស់អំពីឥទ្ធិពលនៃ ”Peer Pressure” ឬសម្ពាធពីមិត្តភក្តិ។ ការខ្ចីប្រាក់គេមកចាយវាយលើសពីលទ្ធភាព ឬការឱ្យមិត្តភក្តិខ្ចីប្រាក់ដោយគ្មានការពិចារណាច្បាស់លាស់ អាចបង្កើតជាជម្លោះ និងបំផ្លាញមិត្តភាពបានយ៉ាងងាយ។ ចេះនិយាយពាក្យថា «ទេ» ដោយគួរសម នៅពេលដែលវាប៉ះពាល់ដល់ស្ថេរភាពហិរញ្ញវត្ថុរបស់អ្នក។
៧. បង្កើតប្រភពចំណូលបន្ថែមពីការងារក្រៅម៉ោង
ប្រសិនបើពេលវេលាអំណោយផល ហើយមិនប៉ះពាល់ដល់ការសិក្សា ការស្វែងរកការងារក្រៅម៉ោង (Part-time job) ដូចជា ការបង្រៀនគួរ ការធ្វើការនៅបណ្ណាគារ ឬការទទួលការងារសេរី (Freelance) គឺជាបទពិសោធន៍ដ៏មានតម្លៃ។ វាមិនត្រឹមតែជួយបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់គ្របដណ្តប់ការចំណាយផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្រៀនអ្នកឱ្យយល់ពី «តម្លៃនៃកម្លាំងញើសឈាម» និងបង្កើតបណ្តាញទំនាក់ទំនងសង្គមសម្រាប់អនាគតការងារទៀតផង៕












































































