យុវតីសមាគមកាយឫទ្ធិនារីកម្ពុជាចំនួន២រូប គឺយុវតី បាន សុខស៊ីណា សមាជិកាសកម្ម នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត និងយុវតី ឃូ មរកត សមាជិកាសកម្ម នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តបាត់ដំបង ត្រូវបានជ្រើសរើសជាប្រតិភូយុវជនកម្ពុជាក្នុងចំណោមប្រតិភូយុវជន ៨រូប តំណាងឱ្យប្រទេសកម្ពុជា ទៅចូលរួមកម្មវិធី “Asia Youth Leaders 2026 Aeon 1%” ដែលបានប្រព្រឹត្តទៅនៅខេត្តអូគីណាវ៉ា និងទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ក្រោមការផ្តួចផ្តើមពីមូលនិធិ AEON 1% Club Foundation។
ជាមោទកភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា យុវតី បាន សុខស៊ីណា ទទួលបានជ័យលាភីលេខ៣ លើការធ្វើបទបង្ហាញជាក្រុម ក្នុងចំណោមក្រុមសរុបចំនួន ១០ក្រុម។
យុវតី បាន សុខស៊ីណា និយាយថា កម្មវិធី Asia Youth Leaders 2026 គឺជាកម្មវិធីពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់យុវជននៅតំបន់អាស៊ី ដែលមានអាយុចាប់ពី ១៥ ដល់ ១៧ឆ្នាំ។ ហើយប្រធានបទសំខាន់ក្នុងឆ្នាំនេះ ផ្តោតលើ «សន្តិភាព (Peace)»។

សុខស៊ីណា បន្ថែមថា នាងពិតជាមានអារម្មណ៍មោទនភាព និងកិត្តិយស ដែលបានតំណាងឱ្យយុវតីកាយឫទ្ធិនារីកម្ពុជា និងប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ បទពិសោធន៍នេះ បានផ្លាស់ប្តូរទស្សនវិស័យរបស់នាង តាមរយៈការរៀនសូត្រពីតម្លៃនៃ «ការបើកចិត្ត និងការស្តាប់គ្នា» ការបង្កើតមិត្តភាព និងការបណ្ដុះស្មារតីភាពជាអ្នកដឹកនាំ។
យុវតី បាន សុខស៊ីណា បានបង្ហាញអារម្មណ៍មោទនភាពចំពោះការតំណាងជាតិលើឆាកអន្តរជាតិ ដោយគូសបញ្ជាក់ថា ស្មារតីកាយឫទ្ធិនារីបានបង្រៀនឱ្យនាង «ហ៊ានស្រមៃ និងហ៊ានធ្វើ»។ យុវតីរូបនេះ ក៏បានរំលេចនូវមេរៀនគន្លឹះចំនួន ៤ចំណុច ដែលទទួលបានពីប្រទេសជប៉ុន៖

ទី១. ទស្សនវិស័យថ្មីនៃ «សន្តិភាព» (Redefining Peace)៖ រៀនសូត្រថា សន្តិភាពមិនមែនត្រឹមតែជាការគ្មានសង្គ្រាមនោះទេ ប៉ុន្តែជាការកសាងសង្គមដែលមានយុត្តិធម៌ សុវត្ថិភាព និងការបើកចិត្តយល់ពីគ្នា (Empathy) ព្រមទាំងការប្រែក្លាយមេរៀនប្រវត្តិសាស្ត្រទៅជាសកម្មភាពអភិវឌ្ឍនាពេលអនាគត។
ទី២. ភាពជាអ្នកដឹកនាំ និងការធ្វើការងារក្រុមពហុវប្បធម៌ ៖ ការធ្វើការងារផ្ទាល់ជាមួយយុវជនមកពីបណ្តាប្រទេសផ្សេងៗគ្នា បានពង្រឹងជំនាញប្រាស្រ័យទាក់ទង ការស្តាប់ និងការសម្របសម្រួលមតិខុសៗគ្នា។
ទី៣. វិន័យ និងការគោរពពេលវេលា ៖ បទពិសោធពីការរៀបចំកាលវិភាគម៉ឺងម៉ាត់របស់ជនជាតិជប៉ុន បានបង្ហាញថា ការគោរពពេលវេលា គឺជាទម្រង់នៃ ការគោរពអ្នកដទៃ និងជាគ្រឹះនៃភាពជាអ្នកដឹកនាំ។
ទី៤. ផែនការចែករំលែក និងសកម្មភាពបន្ត ៖ នាំយកស្មារតីធ្វើការងារក្រុម វិន័យ និងគំនិតផ្តួចផ្តើមសន្តិភាព មកអនុវត្តផ្ទាល់ក្នុងយុទ្ធនាការសង្គម និងការងារស្ម័គ្រចិត្តក្នុងសហគមន៍ ដើម្បីបំផុសគំនិតយុវជនជុំវិញខ្លួន។
ស្រដៀងគ្នានេះដែរ យុវតី ឃូ មរកត ជាសមាជិកាសកម្មក្រុមវឌ្ឍននារី នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តបាត់ដំបង លើកឡើងថា អ្វីដែលមានតម្លៃបំផុតក្នុងការចូលរួម កម្មវិធី Asia Youth Leaders 2026 គឺការបានជួប និងធ្វើការជាមួយយុវជនមកពីបណ្ដាប្រទេសផ្សេងៗ ដែលបានផ្ដល់ឱកាសផ្លាស់ប្តូរគំនិត បទពិសោធ និងការយល់ដឹងថ្មីៗ។ ជាពិសេស វប្បធម៌របស់ជនជាតិជប៉ុន គឺការគោរពពេលវេលា ការគោរពគ្នាទៅវិញទៅមក និងការប្រើពាក្យអរគុណស្ទើរតែគ្រប់ពេលវេលា។

សមាជិកាសកម្មក្រុមវឌ្ឍននារី នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តបាត់ដំបង រូបនេះ បន្ថែមថា កម្មវិធីមួយនេះ បានផ្ដល់ឱកាសដល់នាងក្នុងការផ្លាស់ប្ដូរគំនិត បទពិសោធ វប្បធម៌ ជាមួយនឹងយុវជនផ្សេងៗនៅពេលធ្វើការងារជាក្រុម។ ទន្ទឹមគ្នានេះ កម្មវិធី ក៏បានបង្រៀនឱ្យយល់ថា ភាពជាអ្នកដឹកនាំ គឺជាការចេះស្ដាប់គ្នាទៅវិញទៅមក និងការចេះសហការគ្នាផងដែរ។
ក្នុងកម្មវិធី Asia Youth Leaders 2026 យុវតី ឃូ មរកត ក៏បានចែករំលែកពីសិល្បៈ វប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរ ទៅកាន់យុវជនដែលមកពីបណ្តាប្រទេសផ្សេងៗផងដែរ។ យុវតី ឃូ មរកត បន្តថា តាមរយៈការប្រើប្រាស់ភាសាអង់គ្លេសក្នុងការពិភាក្សា និងធ្វើសកម្មភាពជាមួយក្រុម ក៏ជួយជំរុញនាងឱ្យហ៊ាននិយាយ និងមានភាពក្លាហានជាងមុនមួយកម្រិតទៀត។

តាមរយៈការចូលរួមកម្មវិធីនេះ យុវតី ឃូ មរកត យល់កាន់តែច្បាស់អំពីពាក្យថា ”សន្តិភាព” សន្តិភាព មិនមែនមានត្រឹមតែការគ្មានសង្គ្រាមទេ ប៉ុន្តែផ្តើមចេញពីការចេះស្តាប់គ្នា ការយោគយល់គ្នា ការគោរពភាពខុសគ្នា និងការដោះស្រាយបញ្ហាដោយសន្តិវិធី។ មរកត ជឿថា ការផ្លាស់ប្តូរដ៏ល្អមួយអាចចាប់ផ្តើមពីយុវជនម្នាក់ៗ៕












































































