ថ្វីបើមានកម្ពស់ត្រឹម ៩០ សង់ទីម៉ែត្រ និងកើតមកជាមួយសភាពរាងកាយខុសពីមនុស្សទូទៅក៏ដោយ កញ្ញា ង៉ែត សេដ្ឋា មិនដែលអនុញ្ញាតឱ្យពិការភាព ឬភាពក្រីក្រកំណត់អនាគតរបស់ខ្លួនឡើយ។ ដោយមានការតស៊ូ និងការតាំងចិត្ត យុវតីវ័យ ២៦ ឆ្នាំរូបនេះ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជំនាញអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទដៃ ពីសាកលវិទ្យាល័យជាតិមានជ័យ ហើយសង្ឃឹមថា នឹងទទួលបានឱកាសការងារដែលសមស្របនឹងសមត្ថភាពរបស់ខ្លួន។
មានស្រុកកំណើតនៅភូមិបន្ទាយឆ្មា ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សេដ្ឋា បានឱ្យដឹងថា នាងកើតមកមានរាងកាយតូចពីកំណើត ដោយគ្រូពេទ្យបានបញ្ជាក់ថា ជាស្ថានភាពពីកំណើត មិនមែនកើតឡើងនៅពេលក្រោយឡើយ។
សេដ្ឋា រៀបរាប់ប្រាប់ AMS ថា «ថ្មីៗនេះ ខ្ញុំទើបទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជំនាញអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទដៃ ពីសាកលវិទ្យាល័យជាតិមានជ័យ។ ខ្ញុំឃើញគេស្លៀកពាក់ស្អាតបាត មានការងារធ្វើ។ ដោយសាររូបរាងខ្ញុំតូច ខ្ញុំមិនដឹងថាគួររៀនជំនាញអ្វីទើបសាកសម ទើបសម្រេចចិត្តជ្រើសរើសជំនាញនេះ ដោយសង្ឃឹមថានឹងអាចមានការងារសមរម្យដូចគេដែរ»។
យុវតីរូបនេះបានបន្តថា នាងធំធាត់ក្នុងគ្រួសារក្រីក្រ និងជាកូនច្បងក្នុងចំណោមបងប្អូនបីនាក់។ ក្នុងគ្រួសារ មានតែនាងម្នាក់ប៉ុណ្ណោះដែលមានសភាពរាងកាយបែបនេះ។ ទោះបីជាយ៉ាងណា នាងមិនដែលបន្ទោសវាសនា ឬបោះបង់ក្តីស្រមៃរបស់ខ្លួនឡើយ។
«ខ្ញុំមិនតូចចិត្តនឹងវាសនាទេ។ បើកើតមកបែបនេះហើយ មានតែតស៊ូបន្តទៅមុខ។ ខ្ញុំមិនចង់បោះបង់ការសិក្សាទេ ហើយខំប្រឹងរៀនរហូតដល់បានបរិញ្ញាបត្រ»
សេដ្ឋា បានទទួលស្គាល់ថា ផ្លូវទៅកាន់ភាពជោគជ័យមិនមែនងាយស្រួលឡើយ។ កាលសិក្សានៅវិទ្យាល័យបន្ទាយឆ្មា នាងធ្លាប់មានអារម្មណ៍អន់ចិត្ត និងគិតចង់បោះបង់ការសិក្សា ព្រោះតែរូបរាងខុសប្លែកពីមិត្តរួមថ្នាក់។ ប៉ុន្តែ ក្តីស្រឡាញ់ចំពោះការសិក្សា និងបំណងចង់មានអាជីពមួយ បានជំរុញឱ្យនាងបន្តខិតខំរហូតដល់បញ្ចប់ការសិក្សា។
សម្រាប់សេដ្ឋា ការទទួលបានសញ្ញាបត្របរិញ្ញាបត្រមិនមែនជាទីបញ្ចប់នៃការតស៊ូនោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមនៃដំណើរជីវិតថ្មី ដែលនាងសង្ឃឹមថា នឹងអាចបង្ហាញសមត្ថភាព និងរស់នៅដោយឯករាជ្យដូចមនុស្សគ្រប់រូប។

លោក វ៉ាង សុវណ្ណ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យជាតិមានជ័យ បានមានប្រសាសន៍ថា លោកបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់ សេដ្ឋា ពេញមួយអំឡុងពេលសិក្សា។ ទោះបីមានពិការភាពពីកំណើតក៏ដោយ នាងមិនដែលបោះបង់ការសិក្សា ហើយបានតស៊ូរហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រ។
លោកបានបន្តថា ការតស៊ូរបស់សេដ្ឋា គឺជាគំរូល្អមួយសម្រាប់ជនមានពិការភាពផ្សេងទៀត ឱ្យបន្តការសិក្សា ខិតខំប្រឹងប្រែង និងកសាងអនាគតរបស់ខ្លួនតាមរយៈការអប់រំ។
សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិមានជ័យ ដែលមាននិស្សិតជ័យលាភីសរុបប្រមាណ ១,០៦៧ នាក់។ ក្នុងចំណោមនោះ ក៏មានកញ្ញា ង៉ែត សេដ្ឋា ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តដល់និស្សិតជ័យលាភីទាំងអស់ ឱ្យបន្តសិក្សា និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវស្មារតី «ការសិក្សាពេញមួយជីវិត» និងយកចំណេះដឹងដែលទទួលបានទៅចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ៕













































































