នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប មុខវិជ្ជាភាសាខ្មែរ គឺជាមុខវិជ្ជាមួយដ៏សំខាន់ ទទួលបានពិន្ទុច្រើន ដោយវាផ្ដោតទៅលើការសរសេរសំណេរតែងសេចក្ដី ដូច្នេះ តើបេក្ខជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីអាចទទួលបាននិទ្ទេសល្អក្នុងវិញ្ញាសាភាសាខ្មែរ?
កញ្ញា ឃីន ស៊ីយ៉ា ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០២៣ បច្ចុប្បន្ននាងជានិស្សិតឆ្នាំទី២ ជំនាញស្ថាបត្យកម្ម នៃសាកលវិទ្យាល័យខេមតិច, ស៊ីយ៉ា ឱ្យដឹងថា ដើម្បីទទួលបានពិន្ទុល្អក្នុងការប្រឡងមុខវិជ្ជាភាសាខ្មែរ មុនដំបូងសិស្សានុសិស្សត្រូវចងចាំគម្រោងតែងសេចក្ដីឱ្យបានច្បាស់លាស់ រួមមាន សេចក្ដីផ្ដើម តួសេចក្ដី និងបញ្ចប់សេចក្ដី ហើយត្រូវដឹងថា ពីមួយដំណាក់កាលទៅមួយដំណាក់កាលត្រូវយកអ្វីទៅសរសេរ។

អតីតសិស្សនិទ្ទេស A រូបនេះ បញ្ជាក់បន្ថែមថា តែងសេចក្ដី គឺជាការបកស្រាយប្រធានដែលគេដាក់មក ហើយដើម្បីបកស្រាយឱ្យកាន់តែស៊ីជម្រៅ និងកាន់តែត្រឹមត្រូវ ចាំបាច់ត្រូវមានអំណះអំណាងមកបញ្ជាក់។ អំណះអំណាង គឺជាចំណុចដកចេញពីអក្សរសិល្ប៍ ហៅថា រឿង។ ដូច្នេះ យើងត្រូវចេះរឿងទាំងអស់ ដើម្បីធ្វើជាអំណះអំណាងសម្រាប់បញ្ជាក់លើការបកស្រាយ។
កញ្ញា ឃីន ស៊ីយ៉ា បញ្ជាក់ថា សិស្សានុសិស្សត្រូវចេះរឿងឱ្យបានច្រើន ជាពិសេស ចងចាំឈ្មោះអ្នកនិពន្ធ (ឆ្នាំនិពន្ធ) និងឈ្មោះតួអង្គឱ្យបានច្បាស់ ដោយសារពីមួយរឿងទៅមួយរឿងឈ្មោះតួអង្គងាយច្រឡំគ្នា។ លើសពីនេះ ត្រូវលើកអំណះអំណាងឱ្យបានច្រើនរឿង ដោយគ្រាន់តែច្បិចយកចំណុចសកម្មភាពណាមួយដែលទាក់ទងនឹងការបកស្រាយប្រធានតែងសេចក្ដី ហើយដើម្បីច្បិចយកចំណុចសកម្មភាពតួអង្គបានទាល់តែចេះរឿងឱ្យច្រើន និងចងចាំសកម្មភាពតួអង្គដែលធ្វើសកម្មភាពក្នុងរឿង។
យុវតីវ័យ១៩ឆ្នាំរូបនេះ លើកឡើងទៀតថា ការប្រឡងតែងសេចក្ដីមិនដូចវិញ្ញាសាឆ្លើយសំណួរផ្សេងទៀតដែលមាន៥សំណួរ អាចឆ្លើយ៣សំណួរបាននោះទេ ប៉ុន្តែការប្រឡងតែងសេចក្ដី ចាំបាច់ត្រូវសរសេរឱ្យចប់ចុងចប់ដើម គឺទាល់តែបំពេញតាមគម្រោងតែងសេចក្ដីតាំងពីដើមរហូតដល់ចប់ ទើបទទួលបានលទ្ធផលល្អ។
កញ្ញា ឃីន ស៊ីយ៉ា ក៏បានលើកទឹកចិត្តបេក្ខជនដែលត្រៀមប្រឡងបាក់ឌុបឆ្នាំនេះ ត្រូវតែស៊ូឡើង ហើយខំប្រឹងអស់ពីសមត្ថភាព។ ហើយក៏ត្រូវផ្អាកលេងទូរស័ព្ទមួយរយៈ ខំប្រឹងមើលមេរៀន ធ្វើលំហាត់ ធ្វើវិញ្ញាសាឆ្នាំចាស់ៗឡើងវិញ កុំចាំមួយសប្ដាហ៍មុនប្រឡងទើបមើលមេរៀន គឺមិនបានផលទេ។ ជាពិសេស ញ៉ាំអាហារឱ្យបានទៀងពេល និងថែរក្សាសុខភាពឱ្យបានល្អ។
គួរជំរាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំសិក្សា២០២៥នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២៥ខាងមុន។ ក្នុងនោះ មុខវិជ្ជាភាសាខ្មែរ មានពិន្ទុសរុប ១២៥ពិន្ទុ៕
































