សិស្សមានពិការភាពជិត២ម៉ឺននាក់កំពុងទទួលបានការអប់រំបរិយាបន្ន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការអប់រំបរិយាបន្ន និងអប់រំពិសេសលើជំនាញបង្រៀនសិស្សពិការភ្នែក” នៅវិទ្យាល័យអប់រំពិសេសសៀមរាប កាលពីពេលកន្លងទៅនេះ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សិស្សមានពិការភាពគ្រប់ភូមិសិក្សា និងគ្រប់ប្រភេទពិការទូទាំងប្រទេសជិត២ម៉ឺននាក់ ទទួលបានការអប់រំបរិយាបន្ន។ ក្នុងនោះ ខាងផ្នែកអប់រំពិសេស សិស្សមានពិការភាពនៅវិទ្យាល័យអប់រំពិសេសទាំង៦ ប្រមាណជាង១ពាន់នាក់។

ដោយឡែកសម្រាប់វគ្គបំប៉ន ស្តីពី​ការ​អប់រំ​បរិយាបន្ន និង​អប់រំពិសេស ឯកឧត្តម សេរី ជំនះ មានប្រសាសន៍ថា វគ្គនេះមានគោលបំណងផ្ដល់នូវចំណេះដឹងគ្រូបង្រៀនថ្នាក់អប់រំបរិយាបន្នលើមុខវិជ្ជា ការគណនាលេខលើក្បាច់ គណិតវិទ្យា និងវិទ្យាសាស្ត្រប្រៃយ៍ ការតម្រង់ទិសសម្រាប់អ្នកមានបញ្ហាមើល និងភាសាប្រៃយ៍ខ្មែរ និងដើម្បីបន្តគាំទ្រការបង្រៀន និងរៀន សិស្សមានបញ្ហាមើល (ខ្សោយគំហើញ និងពិការភ្នែក) ចូលរួមសិក្សាប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងឱកាសសិក្សាពេញមួយជីវិត។ ឯកឧត្តម បន្តថា សិស្សមានពិការភាពបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិចំនួន ៤៧នាក់ និងមធ្យមសិក្សាទុតិយភូមិចំនួន ១៨នាក់ នៅឆ្នាំសិក្សា ២០២២-២០២៣។ ដោយបច្ចុប្បន្នបុគ្គលិកនៅវិទ្យាល័យអប់រំពិសេសទាំង៦ មានចំនួន ១៩១នាក់ ស្រី ៩៨នាក់ និងខាងផ្នែកសមាហរណកម្ម គ្រូបង្រៀនសិស្សថ្នាក់សមាហរណកម្ម សិស្សគថ្លង់ មានចំនួន ៣៩ នាក់ ស្រី ១៩នាក់។

ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បន្ថែមថា ឆ្លើយតបនឹងតម្រូវការបណ្តុះបណ្តាលគ្រូ វិទ្យាស្ថានជាតិអប់រំពិសេស ត្រូវបានបង្កើតឡើង និងដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលសេវាអប់រំបរិយាបន្ន, អភិវឌ្ឍកម្មវិធីសិក្សា បណ្តុះបណ្តាលគ្រូបង្រៀន និងធ្វើកិច្ចសហប្រតិបត្តិការជាមួយវិទ្យាល័យអប់រំពិសេស សាលារៀនអប់រំបរិយាបន្ន និងថ្នាក់សមាហរណកម្មដទៃទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការសិក្សារបស់កុមារមានពិការភាពនៅកម្ពុជា។

ឯកឧត្តម សេរី ជំនះ បន្តថា ក្រសួងអប់រំ ក៏បានផ្ទេរការអនុវត្តកម្មវិធីអប់រំពិសេស ថ្នាក់សមាហរណកម្មសិស្សមានពិការភាពសតិបញ្ញា និងអូទីស្សឹមពីអង្គការដៃគូទៅឱ្យសាលារៀនគោលដៅរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ ជាមួយគ្នានេះ ក្រសួងបានដាក់បញ្ចូលមុខវិជ្ជាអប់រំបរិយាបន្នទៅក្នុងកម្មវិធីបណ្តុះបណ្តាល នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិត និងបានបណ្តុះបណ្តាលគ្រូជំនាញ និងអប់រំបរិយាបន្នប្រមាណ ៤០០០នាក់ សម្រាប់វិទ្យាល័យអប់រំពិសេស ថ្នាក់សមាហរណកម្ម និងថ្នាក់អប់រំបរិយាបន្ននៅទូទាំងប្រទេស។

ដើម្បីជាធាតុចូលបន្ថែមសម្រាប់វគ្គបណ្តុះបណ្តាលស្តីពី “ការអប់រំបរិយាបន្ន និងអប់រំពិសេសលើជំនាញបង្រៀនសិស្សពិការភ្នែក” និងផ្សារភ្ជាប់ជាមួយនឹងស្មារតីនៃវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងនូវចំណុចមួយចំនួនជូនដល់គ្រូបង្រៀនថ្នាក់អប់រំបរិយាបន្ន ជាពិសេសវិទ្យាស្ថានជាតិអប់រំពិសេស រួមមាន៖

ទី១. សិក្សា និងស្រាវជ្រាវឱ្យបានហ្មត់ចត់ ក្នុងការចុះប្រមូលទិន្នន័យ ការរៀបចំស្ថិតិ និងការកំណត់អត្តសញ្ញាណកុមារមានពិការភាពនៅតាមមូលដ្ឋាន ដើម្បីគាំទ្រការអប់រំសម្រាប់សិស្សមានតម្រូវការពិសេសឱ្យកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ «មិនត្រូវទុកកុមារណាម្នាក់ឱ្យស្ថិតនៅក្រៅប្រព័ន្ធអបរំបានឡើយ» ដោយត្រូវមានគំនិតច្នៃប្រឌិត និងរិះរកគ្រប់មធ្យោបាយ កំណត់យន្តការជាក់លាក់ក្នុងការប្រមូលកុមារគ្រប់អាយុ ទោះបីមានកាយសម្បទា ឬសតិបញ្ញាក្នុងលក្ខណៈយ៉ាងណាក៏ដោយ ដើម្បីឱ្យពួកគេមានឱកាសទទួលបានការអប់រំប្រកបដោយសមធម៌ និងសុខភាពផ្លូវចិត្តប្រកប ដោយអារម្មណ៍កក់ក្តៅជាទីបំផុត។

វគ្គបណ្តុះបណ្តាលស្តីពី “ការអប់រំបរិយាបន្ន និងអប់រំពិសេសលើជំនាញបង្រៀនសិស្សពិការភ្នែក” នៅវិទ្យាល័យអប់រំពិសេសសៀមរាប

ទី២. បន្តអភិវឌ្ឍសមត្ថភាព និងពង្រឹងការបំពេញភារកិច្ចរបស់មន្ត្រីអប់រំពិសេស និងគ្រូបង្រៀន ក្នុងការជួយគាំទ្រ និងបង្ហាត់បង្រៀនកុមារមានពិការភាព និងកុមារជួបការលំបាកប្រកបដោយវិជ្ជាជីវៈ សេចក្ដីអាណិតស្រឡាញ់ និងការផ្តល់ភាពកក់ក្តៅគ្រប់ពេលវេលា។ ស្រាវជ្រាវ និងអភិវឌ្ឍលើសមត្ថភាពឱ្យស្របតាមយុគសម័យឌីជីថល។

ទី៣. បន្តរិះរកវិធានការផ្សព្វផ្សាយតាមគ្រប់រូបភាព ដើម្បីឱ្យសហគមន៍ក្នុងមូលដ្ឋានបានយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍នៃការអប់រំបរិយាបន្ន ព្រមទាំងចូលរួមក្នុងការប្រមូលកុមារមានពិការភាពឱ្យមកសាលារៀន និងមករៀនបានទៀងទាត់ ជាពិសេសការ ចូលរួមរបស់មាតាបិតាក្នុងការចិញ្ចឹមបីបាច់ ការថែទាំ និងការគាំទ្រកុមារមានពិការភាពឱ្យទទួលបានសេវាផ្សេងៗ រួមទាំងការអប់រំបរិយាបន្ន និងសេវាសុខភាព។

ទី៤. អង្គភាពពាក់ព័ន្ធ ត្រូវបន្តពង្រីក និងពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ និងបច្ចេកទេសថ្មីៗ ព្រមទាំងទទួលបាននូវការឧបត្ថម្ភគាំទ្រគ្រប់រូបភាព សំដៅជំរុញដំណើរការ និងបន្តនិរន្តរភាពក្នុងការជួយកុមារមានពិការភាព និងកុមារជួបការលំបាក ឱ្យទទួលបានការអប់រំប្រកបដោយជោគជ័យ។

គួរ​ជំរាបជូនថា ការអប់រំបរិយាបន្ន គឺជាដំណើរអប់រំរួមបញ្ជូលគ្នាឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់អ្នកសិក្សាតាមរយៈការបង្កើនសកម្មភាពចូលរួមក្នុងការសិក្សាវប្បធម៌នៃសហគមន៍ និងកាត់បន្ថយគន្លាតផ្សេងៗក្នុងវិស័យអប់រំ។ ថ្នាក់អប់រំបញ្ចូលគ្នានេះ នឹងជួយឱ្យកុមារទាំងអស់ទទួលបានឱកាសអប់រំស្មើៗគ្នាដោយគ្មានការបែងចែក ឬការរើសអើង មិនប្រកាន់លើរូបកាយ ភេទ អាកប្បកិរិយា ពណ៌សម្បុរ សាសនា ស្ថានភាពសង្គម ឬភាពខុសគ្នាណាមួយឡើយ។

តាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បច្ចុប្បន្ន​គ្រប់ភូមិសិក្សា មានសិស្សមានពិការភាព​សរុបចំនួន ១៧ ៥៦៧នាក់ ក្នុងនោះស្រីចំនួន ៨១០៦នាក់ កំពុងទទួលបានការអប់រំបរិយាបន្ន ហើយ​ជាមួយគ្នានេះ មានសិស្ស​ពិការភាព​ចំនួន ១១០៨នាក់ (ស្រី៤០៩នាក់) កំពុងទទួលបានការអប់រំ​នៅវិទ្យាល័យអប់រំពិសេស​ទាំង​៦នៅទូទាំង​ប្រទេស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *