កម្ពុជាដាក់សម្ពោធការិយាល័យទីភ្នាក់ងារសាកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង (AUF) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដែលត្រូវបានរំពឹងថា នឹងក្លាយជាយន្តការសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសាកលវិទ្យាល័យក្នុងបណ្តាញ AUF ព្រមទាំងជំរុញការផ្លាស់ប្តូរនិស្សិត សាស្ត្រាចារ្យ និងកិច្ចសហការស្រាវជ្រាវនៅក្នុងតំបន់។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី១២ ខែវិច្ឆិកា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការិយាល័យ AUF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ជាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យកម្ពុជា និងសាកលវិទ្យាល័យក្នុងបណ្តាញប្រើប្រាស់ភាសាបារាំង ជាពិសេសការគាំទ្រដល់ការធ្វើកំណែទម្រង់ និងការអភិវឌ្ឍធនធានមនុស្សនៅកម្រិតឧត្តមសិក្សា។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ភាសាបារាំង ភាសាអង់គ្លេស ភាសាខ្មែរ និងភាសាផ្សេងៗទៀត សុទ្ធតែមានសារៈសំខាន់សម្រាប់ការសិក្សា និងការបណ្តុះបណ្តាលធនធានមនុស្ស។ ទោះជាយ៉ាងណា ភាសាគ្រាន់តែជាមធ្យោបាយសម្រាប់ផ្ទេរចំណេះដឹង និងបទពិសោធន៍ ខណៈគោលដៅសំខាន់ គឺការលើកកម្ពស់ការសិក្សា ការស្រាវជ្រាវ និងការអភិវឌ្ឍសមត្ថភាពមនុស្ស។
«ការសិក្សា និងការស្រាវជ្រាវ គឺជាគោលដៅសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ភាសាគ្រាន់តែជាយានប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់ គឺការចែករំលែកបទពិសោធន៍ និងចំណេះដឹង ដើម្បីឱ្យកម្ពុជាយល់ដឹងពីទិសដៅនៃការអភិវឌ្ឍ ហើយក៏អាចចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់ប្រទេសដទៃផងដែរ»
បន្ថែមពីនេះ តាមរយៈបណ្តាញ AUF កម្ពុជាក៏កំពុងជំរុញកម្មវិធីផ្លាស់ប្តូរនិស្សិត និងសាស្ត្រាចារ្យ ដោយមិនត្រឹមតែបញ្ជូននិស្សិតកម្ពុជាទៅសិក្សានៅប្រទេសបារាំង និងប្រទេសប្រើប្រាស់ភាសាបារាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសឱ្យនិស្សិតបរទេសមកសិក្សានៅកម្ពុជាផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ កម្ពុជាបានបញ្ជូននិស្សិតប្រមាណ ៥០នាក់ទៅសិក្សានៅប្រទេសបារាំង និងប្រមាណ ១០០នាក់ទៅសិក្សានៅប្រទេសផ្សេងៗទៀត។ ការផ្លាស់ប្តូរនេះបានបង្ហាញពីតួនាទីរបស់បណ្តាញសាកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង ក្នុងការបង្កើនឱកាសសិក្សា និងការផ្លាស់ប្តូរចំណេះដឹងរវាងនិស្សិតកម្ពុជា និងនិស្សិតអន្តរជាតិ។

ក្រៅពីការផ្លាស់ប្តូរនិស្សិត និងសាស្ត្រាចារ្យ កិច្ចសហប្រតិបត្តិការផ្នែកស្រាវជ្រាវក៏ជាអាទិភាពមួយដែលកម្ពុជាចង់ជំរុញ តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ និងការបង្កើនកិច្ចសហការរវាងអ្នកស្រាវជ្រាវ និងគ្រឹះស្ថានឧត្តមសិក្សានៅក្នុងតំបន់។
ឯកឧត្តម ហង់ជួន ណារ៉ុន បន្ថែមថា កម្ពុជាក៏ផ្តោតលើការលើកកម្ពស់ការសិក្សាពហុភាសា ដើម្បីឱ្យនិស្សិតមានបំណិនភាសាកាន់តែទូលំទូលាយ និងទទួលបានឱកាសកាន់តែច្រើនក្នុងការសិក្សា ការស្រាវជ្រាវ និងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ។
សូមជម្រាបថា ការសម្ពោធការិយាល័យ AUF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ត្រូវបានរំពឹងថា នឹងពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ក្នុងវិស័យឧត្តមសិក្សា និងការស្រាវជ្រាវ ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងតំបន់៕












































































