អារម្មណ៍គ្មានផាសុកភាពមានសញ្ញាដូចជាអារម្មណ៍ឯកោខុសពីធម្មតា អារម្មណ៍ភ័យខ្លាច សោកសៅ អន្ទះសា និងឆាប់ខឹងសម្បារជាដើម ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះទៅបានក្នុងរយៈពេលវែង គឺត្រូវការសកម្មភាពវិជ្ជមានដូចជា ធ្វើសកម្មភាពដែលខ្លួនចូលចិត្ត អប់រំចិត្ត ផ្តោតលើការងារសម្អាតផ្អះ ធ្វើអាហារ ថែទាំសួនច្បារ ឬក៏អានសៀវភៅដែលមិនត្រូវការគិតច្រើនជាដើម។ តាមរយៈ Verywellmind បានឱ្យដឹងថា សកម្មភាពវិជ្ជមាន គឺត្រូវការពេលវេលា និងការប្តេជ្ញាចិត្ត រួមទាំងមានរៀបរាប់លម្អិតនៅខាងក្រោម ៖
ការថែទាំខ្លួន ៖ ការថែខ្លួនទាំនៅត្រង់នេះ សំដៅលើការប្រើប្រាស់សកម្មភាពប្រចាំថ្ងៃដូចជា ប្រើប្រាស់ក្លិនក្រអូបតាមរយៈទៀន ឬគ្រឿងសម្អាងណាមួយ។ ជាងនេះទៅទៀត គឺការចំណាយពេលជាមួយធម្មជាតិ ឬទុកឱកាសឱ្យខ្លួនឯងងូតទឹកដោយមិនប្រញាប់ប្រញាល និងការអង្គុយផឹកតែ ឬកាហ្វេដោយមិនសស្លន់សស្លោជាដើម។ បើមានលទ្ធភាព គួរទៅកក់សក់ ម៉ាស្សាមុខ សម្អាតក្រចក លាបក្រចក និងសម្អាតត្រចៀកជាដើម ទាំងនេះសុទ្ធសឹងតែជាសកម្មភាពរួមចំណែកដល់ការបន្ថយភាពតានតឹង។

ឆ្លៀតធ្វើសកម្មភាពដែលខ្លួនឯងចូលចិត្ត ៖ សកម្មភាពដែលខ្លួនចូលចិត្តវាអាចប្រែប្រួលទៅតាមបរិយាកាស វ័យ រួមទាំងលទ្ធភាពដែលខ្លួនមាន ដែលសកម្មភាពទាំងនេះខុសពីកាតព្វកិច្ចនៅត្រង់ថា ជាការអនុវត្តដើម្បីបង្កើនភាពរីករាយចំពោះខ្លួនឯងតាមរយៈសកម្មភាពដូចជា ការលាបពណ៌ ការគូសគំនូរ ឬក៏ស្តាប់ចម្រៀងជាដើម។
ហាត់ប្រាណ ៖ ដោះស្រាយនឹងអារម្មណ៍គ្មានផាសុកភាព ក៏ត្រូវការសកម្មភាពពីរាងកាយជាចាំបាច់ដែរ ហើយការហាត់ប្រាណទៀតសោតមានច្រើនរូបភាពដូចជា ហាត់យូហ្គា ដើរ ឡើងភ្នំ ឡើងជញ្ជាំង ឬក៏ចូលរួមក្នុងសកម្មភាពកីឡាណាមួយ។
ធ្វើការងារជុំវិញផ្ទះ ៖ នៅក្នុងផ្ទះមានសកម្មភាពជាច្រើន ដែលវាមិនមែនគ្រាន់តែតម្រូវការចាំបាច់នោះទេ ប៉ុន្តែក៏បានរួមចំណែកនូវភាពរស់រវើក តាមរយៈសកម្មភាពដូចជា សម្អាតផ្ទះ ឬការ៉ូ សម្អាតខោអាវ ធ្វើអាហារ ថែរសួនច្បារ និងអង្គុយអានសៀវភៅលេងជាដើម។

អនុវត្តន៍សកម្មភាពអប់រំចិត្ត ៖ គ្រាន់តែសរសេរចុះរាល់អ្វីៗ ដែលធ្វើឱ្យអ្នកសប្បាយចិត្ត និងដឹងគុណ ឬធ្វើសមាធិ ហាត់ផ្លូវដង្ហើម តាំងរូបទីកន្លែងដែលធ្វើឱ្យលោកអ្នកសប្បាយចិត្ត ឬក៏រំលឹកអំពីសកម្មភាពណាមួយដែលជួយឱ្យអ្នកមានស្នាមញញឹម មិនថាទីកន្លែង ឬក៏សម្ភារៈនានា។
ការបន្ធូរអារម្មណ៍តាមរយៈសកម្មភាពចម្រុះ ៖ សកម្មភាពទាំងនោះមានដូចជា លេងជាមួយសត្វចិញ្ចឹម ហាត់ពីវិធីដកដង្ហើម ប្រើប្រាស់ក្លិនដែលខ្លួនចូលចិត្ត សរសេរពីទុក្ខកង្វល់ទៅក្នុងសៀវភៅ និងប្រើប្រាស់កម្មវិធីតាមដានសុខភាពផ្លូវចិត្តជាដើម៕



























