នៅកម្ពុជា និស្សិតជាច្រើនកំពុងរៀនបណ្ដើរ ធ្វើការបណ្ដើរ ដើម្បីមានលទ្ធភាពទ្រទ្រង់ជីវភាព និងហិរញ្ញវត្ថុ ។ បើតាមការស្ទង់មតិរបស់វិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា នៅឆ្នាំ២០២៣ បង្ហាញថា និស្សិតសាកលវិទ្យាល័យជាង ៦០ភាគរយ មានការងារក្រៅម៉ោង។ ខណៈការព្យាយាមធ្វើឱ្យបានល្អ ទាំងការសិក្សា និងការងារ នាំឱ្យពួកគេប្រឈមខ្ពស់នឹងភាពតានតឹងផ្លូវចិត្ត។ ដូច្នេះ តើយុវជន ដែលរៀនផង ធ្វើការផង គួរមានវិធីសាស្ត្រថែទាំផ្លូវចិត្តដូចម្ដេច ដើម្បីការពារខ្លួនពីភាពតានតឹង ឬស្ត្រេស?
លោក ប៊ុន លឹមហួរ អ្នកជំនាញចិត្តសាស្ត្រ និងជាសមាជិកសមាគមអ្នកចិត្តសាស្ត្រអាមេរិក មានប្រសាសន៍ថា ជាទូទៅ គ្មាននរណាម្នាក់ មិនមានបញ្ហា ឬក៏គ្មានភាពតានតឹងផ្លូវចិត្តនៅក្នុងជីវិតរបស់គេនោះទេ។ “គ្រប់ៗគ្នា តែងតែគេចមិនផុត ព្រោះវាជារឿងធម្មតាសម្រាប់ជីវិតមនុស្ស”។

យ៉ាងណាក៏ដោយ បើតាមការកត់សម្គាល់ ការសិក្សា និងបទពិសោធន៍របស់លោក មូលហេតុ ដែលនាំឱ្យយុវជនរៀនផង ធ្វើការងារផង មានភាពតានតឹង ព្រោះបញ្ហាទំនាក់ទំនង មិត្តភ័ក្ត បញ្ហាជីវភាព បញ្ហាការសិក្សា និងការមិនផ្តល់ ឬឱ្យតម្លៃចំពោះខ្លួនឯង មិនពេញចិត្តចំពោះខ្លួនឯង ភាពមិនប្រាកដប្រជាគោលដៅជីវិត កត្តាសម្ភារៈនិយម និងការម៉ាក់ងាយពីសង្គម មានមិត្តភ័ក្ត កន្លែងការងារ ឬចេញពីសាច់ញាតិក្នុងគ្រួសារ ជាដើម ។
លោក លឹមហួរ បន្តថា ភាពតានតឹង អាចជះឥទ្ធិពលរយៈពេលវែង ដល់យុវជន និងក្មេងជំទង់ ដែលអាចបណ្ដាលឱ្យកើនឡើងនៃករណីអត្តឃាត ពីមួយឆ្នាំទៅមួយឆ្នាំ ទិន្ន័យកាន់តែមានច្រើន។ ខណៈការសិក្សារបស់អង្គការសុខភាពពិភពលោក (WHO) រកឃើញថា ករណីធ្វើអត្តឃាតបានកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១៦មក ដែលភាគច្រើនលើក្មេងជំទង់។
លោកបន្ថែមថា ចំពោះផលប៉ះពាល់រយៈពេលខ្លី យុវជន ងាយបាក់ទឹកចិត្ត បោះបង់គោលដៅ ងាយសម្រេចចិត្តលឿន ប្រថុយធ្វើសកម្មភាពគ្រោះថ្នាក់ ការប្រើប្រាស់គ្រឿងញៀន និងគិតអវិជ្ជមានចំពោះខ្លួនឯង និងការផ្តាច់ខ្លួនពីគ្រួសារ និងមិត្តភ័ក្តជាដើម។

អ្នកចិត្តសាស្ត្ររូបនេះ បានផ្ដល់អនុសាសន៍ថា ក្នុងសម័យកាលទំនើបនេះ យុវជន មិនងាយជៀសផុត ពីការគម្រាមកំហែង ដោយភាពតានតឹងនោះទេ។ ហេតុនេះ ដើម្បីបង្កើនភាពធន់សម្រាប់ផ្លូវចិត្ត និងខ្លួនឯង លោកបានផ្ញើសារទៅយុវជន ដែលកំពុងរៀនផង ធ្វើការផងថា យុវជនត្រូវរៀបចំខ្លួនឯងឱ្យសមស្របក្នុងសម័យកាល ដើរឱ្យទាន់បច្ចេកវិទ្យា ដើម្បីការរីកចំរើនចំណះដឹង, ចំណាយពេលស្គាល់ខ្លួនឯង ស្គាល់អត្តសញ្ញាណខ្លួនឯង ថែទាំ ឬស្រឡាញ់ខ្លួនឯង និងឆ្លុះបញ្ចាំងអំពីចំណុចល្អ ឬការសរសើរចំពោះខ្លួនឯង, កំណត់អំពីគោលដៅជីវិត និងក្តីស្រមៃឱ្យបានច្បាស់លាស់, បង្កើតមិត្តភាព ចែករំលែក និងផ្តួចផ្តើមគំនិតល្អៗ, ចូលរួមសកម្មភាពមនុស្សធម៌ និងជៀសវាងសកម្មភាពណាដែលនាំឱ្យអន្តរាយដល់សុខភាព ការប្រើគ្រឿងញៀន ឬអាកប្បកិរិយាមានគ្រោះថ្នាក់។
គួរជម្រាបជូនថា ក្នុងប្រទេសកម្ពុជា ករណីការធ្វើអត្តឃាតរបស់យុវជន ដែលបណ្ដាលមកពីភាពតានតឹង បានផ្ទុះឡើងខ្លាំង ចាប់តាំងពីឆ្នាំ២០១៨ ដោយមានអ្នកស្លាប់ក្នុងករណីធ្វើអត្តឃាតចំនួន ៨៣៦នាក់ ស្មើនឹង ១,០២ភាគរយនៃចំនួនអ្នកស្លាប់ដោយជំងឺមិនឆ្លង១សែននាក់ ហើយបច្ចុប្បន្នចំនួនអ្នកស្លាប់ដោយករណីអត្តឃាតបានកើនឡើងដល់ ៥,៨៧ ភាគរយ ភាគច្រើន ជាយុវជនអាយុចន្លោះពី ១៥ ទៅ១៩ឆ្នាំ៕































