នៅក្នុងយុគសម័យឌីជីថលនេះ ការមានជំនាញ ឬសមត្ថភាពតែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ ប្រសិនបើគ្មាននរណាម្នាក់បានឃើញ ឬស្គាល់ពីអ្វីដែលអ្នកកំពុងធ្វើទេ ឱកាសល្អៗជាច្រើនអាចនឹងមើលរំលងអ្នក។
នៅក្នុងសៀវភៅលក់ដាច់បំផុត «Show Your Work!» របស់អ្នកនិពន្ធ Austin Kleon បានលុបបំបាត់គំនិតដែលថា ”ទាល់តែជាអ្នកជំនាញ ឬជាជនកំពូលប្រាជ្ញា (Genius) ទើបអាចចែករំលែកស្នាដៃបាន”។ ផ្ទុយទៅវិញ លោកបានលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាក្លាយជា «Amateur» ឬអ្នករៀនសូត្រដោយបេះដូង ដែលហ៊ានបង្ហាញដំណើរការនៃការធ្វើការងាររបស់ខ្លួនជាសាធារណៈ។
ខាងក្រោមនេះជា ៤ គន្លឹះសំខាន់ៗដកស្រង់ចេញពីសៀវភៅនេះ ដើម្បីជួយឱ្យសមត្ថភាព និងស្នាដៃរបស់អ្នកត្រូវបានគេស្គាល់ ៖
១. មិនបាច់ទាល់តែល្អឥតខ្ចោះទេ
មនុស្សជាច្រើនជួបឧបសគ្គធំបំផុតគឺ “ភាពឥតខ្ចោះ” (Perfectionism) ដោយតែងតែគិតថា ចាំគម្រោង ឬស្នាដៃរបស់ខ្លួនរួចរាល់ ១០០% និងល្អឥតខ្ចោះទើបហ៊ានបង្ហាញ។ ប៉ុន្តែ Austin Kleon បានរំលឹកថា ដំណើរការនៃការរៀនសូត្រ និងស្នាដៃដែលកំពុងកែច្នៃ មានតម្លៃស្មើនឹងផលិតផលស្រេច។ ហេតុអ្វីបានជាវាសំខាន់? នៅពេលអ្នកចែករំលែកស្នាដៃដែលមិនទាន់ចប់ ឬដំណើរការរៀនសូត្រពីចំណុចសូន្យ អ្នកដទៃនឹងមើលឃើញពីភាពស្មោះត្រង់ (Authenticity) និងការខិតខំប្រឹងប្រែងពិតប្រាកដរបស់អ្នក។ ដូច្នេះ សូមកុំខ្លាចក្នុងការបង្ហាញស្នាដៃសាកល្បង (Draft) ឬគម្រោងតូចៗដែលអ្នកកំពុងធ្វើ។ ការចែករំលែកជំហានតូចៗជារៀងរាល់ថ្ងៃ នឹងបង្កើតបានជាផលបូកសរុបនៃសមត្ថភាពដ៏ធំធេងនៅថ្ងៃអនាគត។
២. បង្ហាញសកម្មភាពពីក្រោយឆាក

មនុស្សភាគច្រើនចូលចិត្តមើលលទ្ធផលចុងក្រោយ ប៉ុន្តែអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ និងចងចាំអ្នកបានយូរអង្វែងនោះ គឺ ”រឿងរ៉ាវពីក្រោយឆាក” (Behind-the-scenes)។ ឧទាហរណ៍ ប្រសិនបើអ្នកជាអ្នកសរសេរកូដ ចូរបង្ហាញពីរបៀបដែលអ្នកដោះស្រាយកូដដែលស្មុគស្មាញ ឬ Error ដែលអ្នកបានចំណាយពេលពេញមួយយប់ដើម្បីកែ។ តែប្រសិនបើអ្នកជាអ្នករចនាវិញ សូមបង្ហាញរូបភាព Sketch ដំបូងៗ មុនពេលវាក្លាយជារូបភាពផ្ទាំងពាណិជ្ជកម្មដ៏ស្រស់ស្អាត។ ការបង្ហាញពីប្រវត្តិ និងវិធីសាស្រ្តធ្វើការងារជាក់ស្តែង បញ្ជាក់យ៉ាងច្បាស់ពីការព្យាយាម ភាពច្នៃប្រឌិត និងរបៀបគិត (Mindset) របស់អ្នក ដែលនេះជាអ្វីដែលនិយោជក ឬដៃគូអាជីវកម្មស្វែងរក។
៣. ចែករំលែកចំណេះដឹងដែលទើបតែរៀនចេះ
កុំរង់ចាំទាល់តែអ្នកក្លាយជាអ្នកជំនាញកម្រិតកំពូល ទើបចាប់ផ្តើមបង្រៀន ឬចែករំលែក។ នៅពេលអ្នកទើបតែរៀនចេះអ្វីមួយថ្មីៗ អ្នកគឺជាមនុស្សដែលយល់ពីអារម្មណ៍ និងបញ្ហារបស់អ្នករៀនដំបូងគេបំផុត។ ការចែករំលែក ឬពន្យល់អ្នកដទៃពីអ្វីដែលអ្នកទើបតែយល់ដឹង មិនត្រឹមតែបានជួយសម្រួលដល់ការរៀនសូត្ររបស់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវិធីដ៏ល្អបំផុតក្នុងការ ”ពង្រឹងការចងចាំ និងជម្រៅនៃសមត្ថភាពខ្លួនឯង” ឱ្យកាន់តែមុតស្រួច។ អ្នកអាចសរសេរជាអត្ថបទខ្លីៗ ធ្វើជាវីដេអូបង្រៀនខ្លី ឬចែករំលែកគន្លឹះងាយៗ (Tips & Tricks) លើបណ្តាញសង្គមអំពីឧបករណ៍ (Tools) ឬវិធីសាស្រ្តដែលអ្នកបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។
៤. កុំខ្លាចគេលួចគំនិត

ការព្រួយបារម្ភថា ”បើខ្ញុំចែករំលែកទៅ ប្រាកដជាមានគេលួចគំនិត ឬយកតម្រាប់តាម” គឺជាគំនិតដែលឃាំងឃាត់ការលូតលាស់របស់អ្នក។ នៅក្នុងពិភពលោកដែលតភ្ជាប់គ្នាដោយអ៊ីនធឺណិត ការលាក់បាំងគំនិតមានន័យស្មើនឹងការធ្វើឱ្យខ្លួនឯងបាត់បង់ឱកាស។ ត្រូវចងចាំថា គំនិតតែមួយមុខគ្មានតម្លៃទេ ប្រសិនបើគ្មានការអនុវត្ត (Execution), មនុស្សពីរនាក់អាចមានគំនិតដូចគ្នា ប៉ុន្តែរបៀបធ្វើ និងលទ្ធផលនឹងខុសគ្នាទាំងស្រុង។ ដូច្នេះ ការដាក់បង្ហាញស្នាដៃ និងគំនិតដោយបើកចំហ គឺជា ”មេដែក” ដ៏មានឥទ្ធិពលបំផុតក្នុងការទាក់ទាញមនុស្សដែលមានចំណង់ចំណូលចិត្តដូចគ្នា អ្នកសហការ និងបើកផ្លូវសម្រាប់ឱកាសការងារ ឬគម្រោងថ្មីៗដែលអ្នកមិនធ្លាប់រំពឹងទុក៕






























