ការគ្រប់គ្រងហិរញ្ញវត្ថុអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ពិតជាសំខាន់ ព្រោះស្ថានភាពបច្ចុប្បន្នប្រជាពលរដ្ឋមិនសូវមានចំណូល តែការចំណាយច្រើន សំខាន់មួយទៀតគឺបំណុល។ អ្នកជំនាញហិរញ្ញវត្ថុ យល់ឃើញថា អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ប្រសិនប្រជាពលរដ្ឋ ជាពិសេសយុវជន ចាយមិនបានគិតគូរ រៀបចំហិរញ្ញវត្ថុមិនបានត្រឹមត្រូវ នឹងមានបញ្ហាច្រើននៅពេលក្រោយ។
លោក ទិត្យ កំរង ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនឫទ្ធិពល និងអេបកត់លុយ មានប្រសាសន៍ថា ជាធម្មតាពិធីបុណ្យជាតិធំៗនៅកម្ពុជារៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ហើយការចំណាយច្រើនកើតមានឡើងក្នុងពេលនោះ។ សម្រាប់អ្នកមានចំណូលខ្ពស់មិនជាបញ្ហា ប៉ុន្តែសម្រាប់អ្នកចំណូលមធ្យម កាលណាចំណាយច្រើនអាចប៉ះដល់ចំណូលប្រចាំខែ និងប្រចាំថ្ងៃ ប្រសិនចាត់ចែងលុយកាក់មិនបានត្រឹមត្រូវ។
លោក ទិត្យ កំរង បន្ថែមថា ជាទូទៅ ទាល់តែយើងបានរៀបចំថវិកាប្រចាំឆ្នាំឱ្យបានត្រឹមត្រូវ ដឹងថាចំណូលប្រចាំខែទទួលបានប៉ុន្មាន? ហើយចំណាយយប្រចាំខែប៉ុន្មាន? ម៉្យាងវិញទៀត មិនមែនដល់ពេលមានបុណ្យប្រពៃណីជាតិចូលឆ្នាំខ្មែរ ទើបចាប់ផ្ដើមគិតនោះទេ គឺត្រូវគិតទុកជាមុន ដើម្បីដកចំណែកថវិកាណាមួយត្រៀមសម្រាប់ចំណាយពេលមានពិធីបុណ្យជាតិធំៗ។
ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនឫទ្ធិពល និងអេបកត់លុយ បន្ថែមថា សព្វថ្ងៃនេះ អ្នកមានប្រាក់ខែថេរមិនសូវជាមានបញ្ហានោះទេ ប៉ុន្តែសម្រាប់អ្នកប្រកបមុខរបរដោយខ្លួនឯង (សេដ្ឋកិច្ចក្រៅប្រព័ន្ធ) អាចជួបបញ្ហាប្រឈមនៅពេលចំណូលទាបជាងចំណាយ។ ដូច្នេះ ការចំណាយត្រូវតែប្រុងប្រយ័ត្នឱ្យបានច្រើន គឺត្រូវកាត់បន្ថយចំណាយណាមួយចំនួនដែលមិនចាំបាច់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ។
ដើម្បីកាត់បន្ថយការអស់លុយពីហោប៉ៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ លោក ទិត្យ កំរង បានផ្តល់ជាគន្លឹះថា នៅពេលទៅស្រុកកំណើត ការហូបចុក ការចំណាយនានាគួរតែសន្សំសំចៃ ប្រើមធ្យោបាយកាត់បន្ថយចំណាយ ជាវិធីដែលអាចជួយកុំឱ្យមានបញ្ហាខ្វះខាតនៅពេលចប់ចូលឆ្នាំខ្មែរ។ លោកបន្តថា អ្វីដែលត្រូវគិតគូរ គឺគិតគូរពីរបៀបធ្វើផែនការថវិកា យ៉ាងហោចណាស់ធ្វើមួយឆ្នាំម្ដង ខែណាខ្លះត្រូវចំណាយប៉ុន្មាន? ដោយរៀបចំជាកញ្ចប់ថវិកាសម្រាប់បុណ្យចូលសកល បុណ្យចូលឆ្នាំខ្មែរ ឬត្រៀមកញ្ចប់លុយសម្រាប់ខែមានពីធីមង្គលការច្រើនផងដែរ។ ដូច្នេះ ត្រូវគិតពិចារណាកាត់បន្ថយចំណាយណាខ្លះដែលមិនចាំបាច់ ព្រោះចំណាយខ្លះគ្រាន់តែជាចំណង់ មិនមែនជាតម្រូវការនោះទេ។
ជាមួយគ្នានេះ លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community ក៏បានលើកឡើងដែរថា អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ លោកសង្កេតឃើញថា ការចំណាយដែលច្រើនជាងគេ គឺការចំណាយលើគ្រឿងស្រវឹង ដែលអាចប៉ះពាល់ដល់សុខភាព គ្រោះថ្នាក់ចរាចរណ៍ដល់ជីវិតខ្លួនឯង និងអ្នកដទៃ។
ឆ្លើយតបសំណួរ តើចាត់ចែងលុយដូចម្ដេចអំឡុងពេលចូលឆ្នាំខ្មែរ? លោក គីម តារា មានប្រសាសន៍ថា គួរចំណាយលើអ្វីដែលចាំបាច់ ឧទាហរណ៍ យើងធ្វើបុណ្យទានតាមប្រពៃណី ទៅវត្តប្រគេនចង្ហាន់ព្រះសង្ឃ ជូនលុយចាស់ៗ ធ្វើម្ហូបអាហារជុំគ្រួសារជាធម្មតា តែកុំចំណាយលើគ្រឿងស្រវឹងច្រើនលើសលប់ពេក។ បើអាចអត់ផឹកគ្រឿងស្រវឹងបានកាន់តែប្រសើរ តែបើចង់អាចផឹកក្នុងបរិមាណតិចតួច កុំឱ្យដល់លក្ខណៈគ្រប់គ្រងស្មារតីមិនបាន ឬចំណាយលើស្រាបៀរច្រើនជ្រុល។
បើតាមលោក គីម ដារ៉ា វិធីដែលល្អបំផុតក្នុងការរៀបចំហិរញ្ញវត្ថុក្នុងពេលបុណ្យចូលឆ្នាំខ្មែរ គឺកំណត់ចំនួនលុយដែលត្រូវចាយ។ ត្រូវមានកញ្ចប់ចំណាយច្បាស់លាស់ ដោយមិនចំណាយខុសពីអ្វីដែលបានកំណត់។ ឧទាហរណ៍ ក្នុងកញ្ចប់លុយ ១០០ដុល្លារ យើងកំណត់ចាយត្រឹម ៨០ភាគរយ ហើយ២០ភាគរយទៀត ត្រៀមសម្រាប់ការចំណាយលើសណាមួយ។ លោក គីម ដារ៉ា បន្តថា នៅពេលយើងកំណត់ច្បាស់លាស់ ការគ្រប់គ្រងអារម្មណ៍ ផ្លូវចិត្ត ក៏មានភាពប្រសើរឡើង ដោយសារយើងមានភាពម្ចាស់ការលើខ្លួនឯង ហើយនៅពេលចប់ពិធីបុណ្យចូលឆ្នាំ ត្រឡប់មកធ្វើការវិញក៏មិនភ័យព្រួយ ព្រោះបានកំណត់ការចំណាយរួចរាល់ហើយ៕

































