ខួរក្បាលរបស់មនុស្សមានសមត្ថភាពផ្ទុកទិន្នន័យរហូតដល់ប្រមាណ ២.៥ លានជីហ្គាបៃ ដែលស្មើនឹងទិន្នន័យវីដេអូរយៈពេលជាង ៣ លានម៉ោង។ ទោះជាយ៉ាងណា មនុស្សជាច្រើននៅតែជួបបញ្ហាភ្លេចភ្លាំងញឹកញាប់។ ការយល់ដឹងពីដំណើរការនៃខួរក្បាល រួមផ្សំនឹងបច្ចេកទេសត្រឹមត្រូវ អាចជួយពង្រឹងសមត្ថភាពចងចាំបានយ៉ាងមានប្រសិទ្ធភាព។
១. ដំណើរការបង្កើតការចងចាំទាំង ៣ ដំណាក់កាល
តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត ការចងចាំមិនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែឆ្លងកាត់ដំណាក់កាលសំខាន់ៗចំនួនបី៖
-ការចងចាំតាមរយៈញាណ (Sensory Register)៖ ទទួលព័ត៌មានពីរូបភាព សំឡេង ឬក្លិន ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។
-ការចងចាំបណ្តោះអាសន្ន (Working Memory)៖ ដំណាក់កាលកែច្នៃ និងដំណើរការទិន្នន័យសំខាន់ៗ មុនពេលវាត្រូវបានបំភ្លេចចោល ឬរក្សាទុក។
-ការចងចាំរយៈពេលវែង (Long-Term Memory)៖ នៅពេលព័ត៌មានត្រូវបានរំលឹកឡើងវិញញឹកញាប់ វានឹងត្រូវបញ្ជូនទៅកាន់ផ្នែក Hippocampus នៃខួរក្បាល ដើម្បីបង្កើតជាបណ្តាញភ្ជាប់រវាងណឺរ៉ូន និងស៊ីណាប់យ៉ាងរឹងមាំ។
២. បច្ចេកទេសទន្ទេញចាំបែបវិទ្យាសាស្ត្រ
ការទន្ទេញចាំមិនមែនជាការទន្ទេញច្រំដែលដោយគ្មានទិសដៅនោះទេ ប៉ុន្តែជាការប្រើប្រាស់វិធីសាស្ត្រឆ្លាតវៃ។ អ្នកជំនាញខាងការចងចាំច្រើនតែប្រើបច្ចេកទេសបង្កើត «វិមានចងចាំ» ដោយយកព័ត៌មានទៅផ្សារភ្ជាប់ជាមួយទីតាំងជាក់ស្តែងនៅក្នុងផ្ទះ ឬកន្លែងដែលធ្លាប់ស្គាល់ច្បាស់។ ក្រៅពីនេះ ការបង្កើតរូបភាពតំណាងឱ្យលេខ ឬការបំប្លែងលេខទៅជាព្យញ្ជនៈ និងសាច់រឿងខ្លីៗ ក៏ជួយសម្រួលដល់ការចងចាំលេខវែងៗបានយ៉ាងមានប្រសិទ្ធភាពផងដែរ។
៣. យុទ្ធសាស្ត្រកាត់បន្ថយការភ្លេចភ្លាំង
ទន្ទឹមនឹងវិធីសាស្ត្រខាងលើ ការកាត់បន្ថយការភ្លេចភ្លាំងក៏មានសារៈសំខាន់មិនចាញ់គ្នាឡើយ។ មនុស្សទូទៅអាចភ្លេចព័ត៌មានថ្មីរហូតដល់ ៩០% ក្នុងរយៈពេលតែមួយខែ ប្រសិនបើមិនបានរំលឹក។ ដើម្បីទប់ទល់នឹងបញ្ហានេះ ការបែងចែកពេលវេលារំលឹកមេរៀនជាប្រចាំតាមចន្លោះពេលជាក់លាក់ គឺជាយុទ្ធសាស្ត្រដ៏ល្អបំផុត។ លើសពីនេះ ការបង្កើតបរិយាកាសរៀនសូត្រឱ្យស្រដៀងនឹងកន្លែងប្រឡង ឬកន្លែងអនុវត្តជាក់ស្តែង និងការទម្លាប់កត់ត្រាមេរៀនដោយដៃផ្ទាល់លើក្រដាស ក៏ជួយជំរុញឱ្យខួរក្បាលដំណើរការគំនិតបានស៊ីជម្រៅ និងចងចាំបានយូរជាងការវាយលើកុំព្យូទ័រ។

៤. របបអាហារ និងរបៀបរស់នៅដើម្បីសុខភាពខួរក្បាល
កត្តាចុងក្រោយដែលមិនអាចខ្វះបាន គឺការថែទាំសុខភាពរាងកាយ និងខួរក្បាល។ ការទទួលទានអាហារសម្បូរខ្លាញ់ល្អអូមេហ្គា-៣ ដូចជាត្រីសមុទ្រ ផ្លែបឺរ និងគ្រាប់ធញ្ញជាតិ ដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់កោសិកាខួរក្បាល ខណៈដែលការផឹកកាហ្វេក្នុងកម្រិតល្មមបន្ទាប់ពីសិក្សារួច ជួយពង្រឹងការរក្សាទុកទិន្នន័យបានល្អ។ លើសពីនេះ ការគេងលក់ឱ្យបានស្កប់ស្កល់ពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់ គឺជាពេលវេលាដែលខួរក្បាលរៀបចំតម្រៀប និងពង្រឹងការចងចាំឱ្យរឹងមាំ ហើយការហាត់សមាធិជាប្រចាំជួយបង្វឹកខួរក្បាលឱ្យមានភាពស្ងប់ និងបង្កើនសមត្ថភាពផ្ទុកព័ត៌មានថ្មីៗកាន់តែប្រសើរ៕
ឯកសារយោង និងសៀវភៅណែនាំបន្ថែម
The Memory Book ដោយ Harry Lorayne និង Jerry Lucas
The Owner’s Manual for the Brain ដោយ Pierce J. Howard
How We Learn ដោយ Benedict Carey
Unlimited Memory ដោយ Kevin Horsley
Moonwalking with Einstein ដោយ Joshua Foer













































































