ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា ខ្លួនកត់សម្គាល់ឃើញមានករណីកើនឡើងនៃ «ជំងឺពងបែកដៃ ជើង និងមាត់» ជាពិសេសលើទារក និងកុមារតូចៗដែលមានអាយុក្រោម ៥ ឆ្នាំ ដែលតម្រូវឱ្យមានការពិនិត្យព្យាបាលសមស្របតាមមូលដ្ឋានសុខាភិបាល។
តើជំងឺពងបែកដៃ ជើង និងមាត់ ជាអ្វី?
ជំងឺពងបែកដៃ ជើង និងមាត់ គឺជាជំងឺឆ្លងដែលបង្កឡើងដោយពួកវីរុសអង់តេរ៉ូវីរុស (Enteroviruses) ដែលជាញឹកញាប់បំផុតគឺពួកវីរុសកុកសាក់គី (Coxsackievirus)។ ជំងឺនេះច្រើនកើតមានលើទារក និងកុមារ ប៉ុន្តែក៏អាចកើតលើមនុស្សពេញវ័យផងដែរ។
របៀបចម្លង
ជំងឺនេះអាចឆ្លងយ៉ាងលឿនពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈ៖
-ការប៉ះពាល់ដោយផ្ទាល់ជាមួយទឹកសំបោរ ស្លេស្មផ្លូវដង្ហើម (ទឹកមាត់ កំហាក និងសំបោរ)
-ទឹកចេញពីពងបែក
-លាមករបស់អ្នកជំងឺ
អ្នកជំងឺអាចចម្លងខ្លាំងបំផុតក្នុងអំឡុងសប្តាហ៍ទីមួយនៃការចាប់ផ្តើមមានរោគសញ្ញា។ ជំងឺនេះមិនឆ្លងពីមនុស្សទៅសត្វ ឬពីសត្វមកមនុស្សឡើយ។
រោគសញ្ញាសំខាន់ៗដែលត្រូវតាមដាន
រោគសញ្ញាទូទៅ៖ មានក្តៅខ្លួន, មានដំបៅក្នុងមាត់, និងមានពងកន្ទួលក្រហមនៅលើបាតដៃ បាតជើង និងកំប៉េះគូទ។
ការវិវត្តនៃជំងឺ៖ ភាគច្រើនមានស្ថានភាពស្រាល និងតែងតែជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ ១០ ថ្ងៃ។ អ្នកជំងឺអាចត្រូវការថ្នាំបញ្ចុះកម្តៅ និងថ្នាំបំបាត់ការឈឺចាប់ដែលបណ្តាលមកពីពងបែកក្នុងមាត់ តែដាច់ខាតមិនត្រូវប្រើថ្នាំ អាស្ពីរីន (Aspirin) ដើម្បីបញ្ចុះកម្តៅឡើយ។
សញ្ញាគ្រោះថ្នាក់ដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់៖ ក្នុងករណីខ្លះ ជំងឺនេះអាចបង្កផលវិបាកធ្ងន់ធ្ងរ រួមមាន រោគសញ្ញាប្រព័ន្ធប្រសាទ (សន្លឹម ប្រកាច់ ឬកន្ត្រាក់ដៃជើង) និង រោគសញ្ញាផ្លូវដង្ហើម (ពិបាកដកដង្ហើម ហត់)។ ប្រសិនបើកុមារមានសញ្ញាទាំងនេះ ត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតជាបន្ទាន់ ជៀសវាងការពន្យារពេលដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

វិធានការបង្ការ និងការថែទាំ
ដើម្បីការពារកូនៗ និងទប់ស្កាត់ការឆ្លងរាលដាល ក្រសួងសុខាភិបាលបានណែនាំវិធានការសំខាន់ៗដូចខាងក្រោម៖
1. អនាម័យដៃ៖ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬជាមួយអាល់កុលជែល ជាពិសេសក្រោយប៉ះពាល់ពងបែក ឬដំបៅ, មុនពេលរៀបចំអាហារ, មុនពេលបរិភោគ, មុនបញ្ចុកចំណីដល់កុមារ, ក្រោយប្រើបន្ទប់ទឹក និងក្រោយផ្លាស់ប្តូរកន្ទបកុមារ។
2. អនាម័យបរិស្ថាន៖ លាងសម្អាតផ្ទៃ និងរបស់របរប្រើប្រាស់ ក៏ដូចជាប្រដាប់ប្រដាក្មេងលេងដែលប្រឡាក់ ដោយទឹក និងសាប៊ូឱ្យបានស្អាត។
3. ជៀសវាងការប៉ះពាល់ជិតស្និទ្ធ៖ ជៀសវាងការថើប អោប ឬប្រើប្រាស់សម្ភារសម្រាប់បរិភោគរួមគ្នាជាមួយកុមារដែលមានជំងឺ។ ប្រើប្រាស់ស្លាបព្រា ចាន និងកែវដាច់ដោយឡែកសម្រាប់កុមារម្នាក់ៗ។
4. ការឱ្យកុមារសម្រាកនៅផ្ទះ៖ នៅពេលកុមារមានជំងឺ ត្រូវឱ្យសម្រាកនៅផ្ទះ កុំទៅសាលារៀន ឬមណ្ឌលទារកដ្ឋាន និងកុំទៅកន្លែងជួបជុំមនុស្សច្រើន ដើម្បីទប់ស្កាត់ការចម្លង។
5. អាហារូបត្ថម្ភ៖ ផ្តល់អាហារសម្បូរជីវជាតិ និងផ្តល់ទឹកឱ្យកុមារផឹកឱ្យបានច្រើន៕













































































