យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងរយៈពេលថ្មីៗនេះ គេបានរកឃើញករណីជំងឺផ្តាសាយ បានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសលើកុមារតូចៗ មនុស្សចាស់ជរា ស្រ្តីមានផ្ទៃពោះ និងអ្នកដែលមានភាពស៊ាំចុះខ្សោយ។
ជំងឺផ្តាសាយ អាចឆ្លងយ៉ាងងាយតាមរយៈដំណក់ទឹកតូចៗដែលចេញពីការក្អក ឬកណ្តាស់របស់អ្នកជំងឺ និងការប៉ះពាល់ផ្ទាល់ជាមួយសម្ភារ ឬផ្ទៃដែលមានមេរោគជំងឺផ្តាសាយ។ យ៉ាងណាក៏ដោយ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ ក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញនូវវិធានការបង្ការសំខាន់ៗមួយចំនួន ដូចខាងក្រោមនេះ ៖
ប្រកាន់ខ្ជាប់អនាម័យដៃ ដោយលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុលជែល ជាពិសេសមុនពេលបរិភោគអាហារ និងក្រោយពេលប៉ះពាល់សម្ភារសាធារណៈ។
រក្សាអនាម័យផ្លូវដង្ហើម ដោយខ្ទប់មាត់ និងច្រមុះ ពាក់ម៉ាស ប្រើកន្សែងដៃ ប្រើផ្នត់កែងដៃ ឬក្រដាសអនាម័យនៅពេលក្អក ឬកណ្តាស់ រួចបោះចោលក្រដាសក្នុងធុងសំរាមបិទជិតឱ្យបានត្រឹមត្រូវ និងមិនត្រូវខាកស្តោះពាសវាលពាសកាលឡើយ។

ត្រូវពាក់ម៉ាសការពារនៅពេលស្ថិតក្នុងទីប្រជុំជន កន្លែងបិទជិត ឬនៅពេលមានរោគសញ្ញាផ្លូវដង្ហើម (ក្អក ហូរសំបោរ កណ្តាស់) ដើម្បីចៀសវាងការចម្លងដល់អ្នកដទៃ។
រក្សាគម្លាតសុវត្ថិភាព ដោយចៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញាផ្តាសាយ។ ប្រសិនបើមានអាការៈមិនស្រួលខ្លួន គួរសម្រាកនៅផ្ទះ និងទទួលទានទឹកស្អាតឱ្យបានច្រើន ទទួលទានចំណីអាហារចម្អិនឆ្អិនល្អ និងមានជីវជាតិគ្រប់គ្រាន់ ព្រមទាំងហាត់ប្រាណជាប្រចាំ ដើម្បីឱ្យជំងឺឆាប់ជាសះស្បើយ។
ចៀសវាងការជួបជុំ ឬការធ្វើដំណើរ ដោយផ្អាកការចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើអ្នកមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ។
ក្រុមមនុស្សងាយរងគ្រោះ គួរពិចារណាទទួលការចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយតាមការណែនាំរបស់គ្រូពេទ្យជំនាញ។

ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហូរសំបោរ ឬពិបាកដកដង្ហើម សូមស្វែងរកការពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ឬទូរសព្ទទៅកាន់លេខ ១១៥ ដើម្បីទទួលបានការណែនាំ៕














































































