ដើម្បីជួយសម្រួលដល់ការលំបាករបស់មាតាបិតា ឬអាណាព្យាបាល និងបេក្ខជនដែលមកពីតំបន់-ស្រុកឆ្ងាយហើយពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយក្នុងការធ្វើដំណើរ ទីកន្លែងស្នាក់នៅ និងអាហារ គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តឧត្តរមានជ័យ នឹងរៀបចំផ្ដល់កន្លែងស្នាក់នៅ អាហារ ព្រមទាំងការដឹកជញ្ជូនដោយឥតគិតថ្លៃសម្រាប់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅសម័យប្រឡងថ្ងៃទី១០ សីហា ខាងមុខ។
បើតាមសេចក្តីជូនដំណឹងរបស់ ស.ស.យ.ក ខេត្តឧត្តរមានជ័យ ការផ្ដល់ជូននេះ ត្រូវបានបែងចែកជាពីរ ដោយសម្រាប់បេក្ខជនដែលមានជីវភាពខ្វះខាត ពួកគេអាចមកស្នាក់នៅទីស្នាក់ការ ស.ស.យ.ក. ខេត្តឧត្តរមានជ័យ រួមជាមួយការផ្តល់ជូនអាហារចំនួន ៧ពេល ក្នុងកំឡុងពេលមកប្រឡង។ ក្នុងនោះ ក៏មានការដឹកជញ្ជូនទៅមកពីបណ្តាស្រុកទាំង៤ មកទីរួមខេត្ត និងពីកន្លែងស្នាក់នៅទៅមណ្ឌលប្រឡង។ ដោយឡែកសម្រាប់បេក្ខជនប្រឡងទូទៅ ស.ស.យ.ក ខេត្តឧត្តរមានជ័យ ផ្តល់ជូនមធ្យោបាយដឹកជញ្ជូនទៅមកពីបណ្តាស្រុកទាំង៤ មកទីរួមខេត្ត និងផ្តល់ជូនទីកន្លែងសម្រាប់រក្សាទុក/ផ្ញើយានជំនិះនៅតាមមណ្ឌលប្រឡងទាំង ៣។
ស្រុកទាំង៤ ដែល ស.ស.យ.ក ខេត្តឧត្តរមានជ័យ នឹងធ្វើការដឹកជញ្ជូនឥតគិតថ្លៃនោះ រួមមាន ស្រុកចុងកាល់ ស្រុកបន្ទាយអំពិល ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ និងបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៤ ខែសីហា ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តឧត្តរមានជ័យ បានបង្ហាញអំពីយន្តការគាំទ្ររបស់ ស.ស.យ.ក. ខេត្ត និងបានណែនាំដល់ ស.ស.យ.ក. ក្រុង-ស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យសហការគាំទ្រដំណើរការប្រឡងនេះឱ្យបានល្អប្រសើរ។ ជាមួយគ្នា ឯកឧត្តមក៏បានផ្ដាំផ្ញើ និងណែនាំដល់បេក្ខជនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ ដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រឡងនាពេលខាងមុខឱ្យទទួលបានលទ្ធផលល្អ និងបញ្ចេញឱ្យអស់ពីសមត្ថភាពរៀងៗខ្លួន។

យ៉ាងណាក៏ដោយ សម្រាប់ការផ្តល់ជូនរបស់ ស.ស.យ.ក ខេត្តឧត្តរមានជ័យ ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ មាតាបិតា ឬអាណាព្យាបាល ក៏ដូចជាបេក្ខជនប្រឡងទាំងអស់ អាចធ្វើការទំនាក់ទំនងព័ត៌មានបន្ថែមជាមួយក្រុមការងារ រួមមាន ១. លោកស្រី ធិននី មុនីរស្មី ទទួលបន្ទុកការងារទីកន្លែង និងអាហារ៖ ០១២ ៦៧៦ ៣៦៤។ ២. លោក មឿន ផេត ទទួលបន្ទុកលើការងារដឹកជញ្ជូន៖ ០៩៧ ៧៨៣៣ ១២៣ និង៣. លោក ម៉ូត សុខ មេសា ទទួលបន្ទុកលើការងារផ្ញើយានជំនិះ៖ ០១១ ៥០១ ១៩៩៕













































































