នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញសារពិសេសបញ្ជាក់ថា នឹងមិនមានការរុះរើផ្ទះគ្រូសាលាដូងនៅគិរីរម្យទេ ដោយរក្សាស្ថានភាពដដែល។ ទន្ទឹមគ្នានេះ ដើម្បីជួយសម្រាលបន្ទុកដល់សាលាដូង សម្តេចធិបតី បានសម្រេចផ្ដល់ការឧបត្ថម្ភជាថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែជូនដល់សាលាដូង ដោយគិតចាប់ពីខែកញ្ញា ឆ្នាំ២០២៦ តទៅ។
តាមរយៈសារនៅលើបណ្តាញសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះទឹកចិត្ត ឆន្ទៈមោះមុត និងសកម្មភាពជាក់ស្ដែងរបស់លោក វណ្ណដេ ក្នុងការបង្កើតសមិទ្ធផលដ៏មានប្រយោជន៍មួយនេះ ទោះជាមិនមានធនធានផ្ទាល់ខ្លួនច្រើនក៏ដោយ។ សម្តេចធិបតី បន្តថា ផ្ដើមចេញពីការខ្ចីដីក្នុងដែនឧទ្យានជាតិគីរីរម្យ ដើម្បីបង្កើតសាលាដូង, ការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជននានា រួមទាំងការព្យាយាមសុំប្រជាពលរដ្ឋក្នុងភូមិ អនុញ្ញាតឱ្យកូនៗពួកគាត់បានមកទទួលការបណ្តុះបណ្ដាលបំណិននៅសាលាដូង លោកវណ្ណដេ ក៏ដូចជាលោកគ្រូស្ម័គ្រចិត្តនៅសាលានេះ បានជួយលើកកម្ពស់ចំណេះដឹង និងបំណិនដល់ក្មួយៗជាង១៥០នាក់នៅក្នុងភូមិ។ នេះគឺជាសកម្មភាពដែលផ្តល់ផលប្រយោជន៍វិជ្ជមានពិតៗដល់សង្គមនិងប្រជាជន។

ពាក់ព័ន្ធនឹងការជូនដំណឹងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ឱ្យរុះរើទីតាំងមួយចំនួនរួមមាន ផ្ទះគ្រូរបស់សាលាដូង ដែលជាន់លើដីដែលជាតំបន់ប្រវត្តិសាស្ត្រយោធានោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងឱ្យសាលាដូងបន្តដំណើរការទៅមុខ និងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស។
ទន្ទឹមគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ចជូន ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចាត់តាំងមន្ត្រីជំនាញចុះពិនិត្យនិងផ្ទៀងផ្ទាត់ជាបន្ទាន់នៅលើទីតាំងជាក់ស្តែង ដើម្បីរៀបចំនូវដំណោះស្រាយមួយឱ្យបានសមស្រប និងមានចីរភាព ដែលអាចធានាថា សាលាដូងអាចនៅបន្តដំណើរការបណ្ដុះបណ្ដាលរបស់ខ្លួនដល់ក្មួយៗនៅទីនោះ។ បន្ថែមលើនេះ ក៏ត្រូវពិនិត្យផងដែរនូវស្ថានភាពជាក់ស្តែងរបស់សាលាបឋមសិក្សាគីរីរម្យ ដែលត្រូវដើរតួនាទីបំពេញគ្នាជាមួយសាលាដូង ក្នុងការបណ្តុះបណ្តាលដល់ក្មួយៗដែលរស់នៅលើភ្នំនោះ។
លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង បានបង្ហាញនូវក្តីរីករាយ និងបានបញ្ជាក់ថា ពុំមានការរុះរើសាលាដូងនោះទេ តែមានការរុះរើផ្ទះសាលាដូង ហើយបច្ចុប្បន្នបានដោះស្រាយរួចរាល់ ក្រោមការអនុគ្រោះពី សម្ដេចធិបតី ហ៊ុន ម៉ាណែត។ លោកថា កន្លងមក គឺមានការញុះញង់ដែលនាំឱ្យមានការខឹងសម្បារដល់ថ្នាក់ដឹកនាំប៉ុណ្ណោះ ហើយសម្ដេចធិបតី នឹងផ្ដល់ឱកាសឱ្យលោកក្លាយ ជាសកម្មជនពេញលេញមួយក្នុងការជួយឃ្លាំមើលកិច្ចការផ្សេងៗក្នុតំបន់ជុំវិញផងដែរ។
ស្ថាបនិកសាលាដូងរូបនេះ ក៏បានប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងកសាងសាលាដូង បណ្ដុះបណ្ដាលអ្នកជំនាន់ក្រោយ ធ្វើយ៉ាងណាឱ្យកុមារទទួលបានការរៀនសូត្រ មានចំណេះដឹង ជំនាញក្នុងការចិញ្ចឹមជីវិត ក៏ដូចជាបន្តរួមចំណែកជួយសង្គមជាតិ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍ៕














































































