និស្សិតខ្មែរ ៤០រូប ត្រៀមចេញទៅបន្តការសិក្សានៅសហព័ន្ធរុស្ស៊ី តាមរយៈអាហារូបករណ៍រដ្ឋាភិបាលរុស្ស៊ី ដោយផ្តោតលើជំនាញសំខាន់ៗសម្រាប់អនាគត ចាប់ពីបញ្ញាសិប្បនិម្មិត (AI) មនុស្សយន្ត និងសន្តិសុខព័ត៌មាន រហូតដល់ថាមពលនុយក្លេអ៊ែរ វិស្វកម្មយន្តហោះ និងវេជ្ជសាស្ត្រ។
និស្សិតជ័យលាភីទាំង ៤០រូប បានចូលរួមក្នុងជំនួបសម្ដែងការគួរសម និងសំណេះសំណាល មុនចេញដំណើរទៅបន្តការសិក្សា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី និងតំណាងសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់ឱកាសដល់មន្ត្រីរាជការ បុគ្គលិកវិស័យឯកជន និងនិស្សិត ក្នុងការកសាងសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ តាមរយៈការសិក្សានៅប្រទេសរុស្ស៊ី។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់និស្សិតជ័យលាភីឱ្យពង្រឹងសមត្ថភាពភាសាបរទេស ជាពិសេសភាសារុស្ស៊ី និងភាសាអង់គ្លេស ព្រមទាំងចេះប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាឧបករណ៍ជំនួយក្នុងការសិក្សា ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាធនធានមនុស្សមានសមត្ថភាព ស្របតាមតម្រូវការនៃសង្គមឌីជីថល។
លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានលើកឡើងពីសារៈសំខាន់នៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៊ី ក្នុងវិស័យអប់រំ ការផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលធនធានមនុស្ស ដោយលោកបានលើកទឹកចិត្តដល់និស្សិតជ័យលាភីឱ្យខិតខំប្រឹងប្រែងសិក្សា និងប្រមូលយកចំណេះដឹង ជំនាញ និងបទពិសោធន៍ពីសហព័ន្ធរុស្ស៊ី ដើម្បីយកមកចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា «អាហារូបករណ៍គឺជាឱកាស ប៉ុន្តែការទទួលខុសត្រូវគឺជាកាតព្វកិច្ច» ដោយជំរុញឱ្យនិស្សិតប្រកាន់ខ្ជាប់នូវវិន័យ សុជីវធម៌ និងកិត្តិយសជាជនជាតិខ្មែរ ព្រមទាំងដើរតួនាទីជាស្ពានភ្ជាប់មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី។
សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ និស្សិតជ័យលាភីទាំង ៤០រូប នឹងសិក្សាលើមុខជំនាញចម្រុះ រួមមាន ស្វ័យប្រវត្តិកម្ម វិស្វកម្មកម្មវិធី ថាមពលអគ្គិសនី និងនុយក្លេអ៊ែរ រូបវិទ្យាកម្តៅ មេកាត្រូនិក មនុស្សយន្ត វិស្វកម្មយន្តហោះ វេជ្ជសាស្ត្រ សន្តិសុខព័ត៌មាន និងទំនាក់ទំនងអន្តរជាតិ។
ក្រោយបញ្ចប់ការសិក្សា និស្សិតជ័យលាភីទាំង ៤០រូប ត្រូវបានរំពឹងថា នឹងយកចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទទួលបានពីសហព័ន្ធរុស្ស៊ី មកចូលរួមអភិវឌ្ឍធនធានមនុស្ស សង្គម និងសេដ្ឋកិច្ចកម្ពុជា៕













































































