ខេត្តព្រះវិហារ បានក្លាយជាខេត្តទី២២ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងចំណោមរាជធានីខេត្តទាំង២៥របស់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តព្រះវិហារជាខេត្តទី២២ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) កាលពីថ្ងៃចន្ទ (១៦ មិថុនា) ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ខេត្តព្រះវិហារសម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែមានភាពប្រសើរឡើង។
ឯកឧត្តម ឆាយ ឫទ្ធិសែន បន្តថា ខេត្តព្រះវិហារ បានកែលម្អលក្ខខណ្ឌ នៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យដែលបានធ្វើឱ្យប្រជាពលរដ្ឋមានការផ្លាស់ប្តូរទម្លាប់មកទទួលទានទឹកស្អាត ដើម្បីជួយទ្រទ្រង់សុខភាព និងប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ មានរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យ។
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បន្ថែមថា ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលបច្ចុប្បន្នសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៩១,៩៨%។ ក្នុងនោះអត្រាគ្របដណ្តប់ទឹកស្អាតកម្រិតមូលដ្ឋាន ៨៩,២១% និងអនាម័យជនបទកម្រិតមូលដ្ឋាន ៩៤,៧៦%។
ឯកឧត្តម ឆាយ ឫទ្ធិសែន បញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ កំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព។
ជាមួយគ្នានេះ លោក នី សុផារ៉ាន់ នាយកប្រចាំប្រទេសរបស់អង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា ជ័យលាភី ODF ខេត្តព្រះវិហារ ក៏ជាលទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្តព្រះវិហារ មន្ទីរអភិវឌ្ឍជនបទ ជាមួយដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ជាពិសេស អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា និងអាជ្ញាធរមូលដ្ឋានដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំផុស និងលើកកម្ពស់អនាម័យ នៅតាមសហគមន៍ សាលារៀន មណ្ឌលសុខភាព និងតាមទីសាធារណៈរហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។
លោក នី សុផារ៉ាន់ បញ្ជាក់បន្ថែមថា អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រខេត្តព្រះវិហារ ជាខេត្តគោលដៅអភិវឌ្ឍន៍អស់រយៈពេល ២២ឆ្នាំ ដោយចុះសិក្សាស្រាវជ្រាវ និងវិភាគពីបញ្ហារបស់សហគមន៍នៅឆ្នាំ២០០៣ ហើយចាប់ផ្តើមអនុវត្តន៍សកម្មភាពរបស់ខ្លួននៅឆ្នាំដដែល រហូតមកដល់បច្ចុប្បន្ន នៅ ក្នុងទូទាំង៨ក្រុង-ស្រុក ដោយផ្តោតលើវិស័យជាច្រើនដូចជា សុខភាព អាហារូបត្ថម្ភ អនាម័យទឹកស្អា កិច្ចការពារ និងការចូល រួមរបស់កុមារ អប់រំ កុមារទំនុកបម្រុង គណនេយ្យភាពសង្គម បណ្តុំបម្រែបម្រួលអាកាសធាតុ និងសហគមន៍បៃតង និងគម្រោង ផ្សេងៗមួយចំនួនទៀត។ ក្នុងនោះ គាំទ្រក្នុងដំណើរការវាយតម្លៃ ODF ក្នុង ៧ស្រុក ១ក្រុង ៥១ឃុំ/សង្កាត់ ២២៣ ភូមិគោលដៅ និង ៧ ថ្នាក់ខេត្ត។
សូមជម្រាបថា ខេត្តទាំង២២ ដែលត្រូវបានប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាស (ODF និង ODF+) រួមមាន រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគិរី សៀមរាប ត្បូងឃ្មុំ តាកែវ ស្ទឹងត្រែង កំពង់ធំ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ ក្រចេះ កំពត និងព្រះវិហារ៕

































