ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ដែលមានពីរមុខវិជ្ជា គឺប្រវត្តិវិទ្យា ជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្រ្ត) ផែនដី និងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម) បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
បើតាមក្រសួងអប់រំ នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន ១៩៥១នាក់ ស្រី៧៩៥នាក់ (ក្នុងនោះបេក្ខជនស្វ័យរិន្ទ ១ ៦៣១នាក់ ស្រី៦៨៥នាក់) ស្មើនឹង ១,៤២ភាគរយ មានបញ្ហាសុខភាព ៣០ករណី ដែលក្នុងនោះមានករណីបញ្ជូនទៅមន្ទីរពេទ្យចំនួន០២ករណី និងមានបេក្ខជនចំនួន០២រូប ជួបគ្រោះថ្នាក់ចរាចរណ៍ស្រាល។

យ៉ាងណាក៏ដោយបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងជាធម្មតា ក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីអាការបានធូរស្រាល។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។
ដោយឡែកស្ថានភាពនៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ព្រមទាំងមានការចូលរួមសហការពីអង្គភាពប្រឆាំអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា មន្រ្តីសុខាភិបាល អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ។

សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥ ៥៤៣បន្ទប់៕































