ក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ ដោយបានដាក់ចេញនូវវិធានការចំនួន៥ចំណុច ដើម្បីទប់ស្កាត់បាតុភាពអវិជ្ជមាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ក្រោយពីមានការត្អូញត្អែររបស់មាតាបិតា អ្នកអាណាព្យាបាលសិស្សមួយចំនួនពាក់ព័ន្ធនឹងការលំបាកក្នុងការចំណាយលើការរៀនគួររបស់កូនៗ។
វិធានការទាំង៥ចំណុចនោះរួមមាន ៖ ១. គ្រូបង្រៀនត្រូវអនុវត្តតាមកម្រងភារកិច្ចរបស់គ្រូបង្រៀន ដែលគណៈគ្រប់គ្រងសាលារៀនបានរៀបចំ ដើម្បីធានាឱ្យបាននូវការបង្រៀន និងរៀនប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈគ្រូបង្រៀន, ២. គ្រឹះស្ថានសិក្សាសាធារណៈត្រូវរៀបចំ និងអនុវត្តតេស្តស្តង់ដាសម្រាប់ការប្រឡងគ្រប់ប្រភេទ និងពង្រឹងការរៀន និងបង្រៀន ដើម្បីលើកកម្ពស់គុណភាពអប់រំ, ៣. គ្រឹះស្ថានសិក្សាសាធារណៈមិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងមិនត្រូវយកមេរៀន ឬលំហាត់បង្រៀនគួរ ដើម្បីធ្វើជាវិញ្ញាសាប្រឡង, ៤. គ្រឹះស្ថានសិក្សាសាធារណៈ ត្រូវរៀបចំ និងអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីបង្កើនម៉ោងស្វ័យសិក្សាយ៉ាងតិច ២ម៉ោងបន្ថែម និង ៥. មាតាបិតាត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ និងលើកទឹកចិត្តឱ្យកូនធ្វើស្វ័យសិក្សា និងរៀនសូត្រនៅផ្ទះ។
លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កន្លងមកក្រសួងអប់រំតែងតែខិតខំប្រឹងប្រែងនៅក្នុងការបន្តអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំជាប្រចាំ ក៏ដូចជាបន្តលើកកម្ពស់គុណភាពអប់រំ ឱ្យឆ្លើយតបទៅនឹងតម្រូវការក្នុងសតវត្សរ៍ទី២១ ហើយស្របពេលដែលក្រសួងបានទទួលព័ត៌មានពីក្តីកង្វល់ និងការត្អូញត្អែររបស់មាតាបិតា ឬអ្នកអាណាព្យាបាលមួយចំនួនទាក់ទងនឹងការលំបាក ទាក់ទងទៅនឹងការរ៉ាប់រងចំណាយបន្ថែមទៅលើការរៀនគួរក្រៅម៉ោង ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់សិស្សមួយចំនួនដែលមិនបានរៀនគួរ ក៏ដូចជាបង្កើននូវវិសមភាពសម្រាប់កុមារដែលគាត់ជួបការលំបាក ទើបក្រសួងអប់រំ យុវជន និងកីឡា រៀបចំចេញជាសេចក្តីថ្លែងការណ៍នេះឡើង គឺក្នុងគោលបំណងដើម្បីរំលឹក ក៏ដូចជាជូនដំណឹងបន្ថែមទៅកាន់គណៈគ្រប់គ្រងសាលារៀនទូទាំងប្រទេស ក៏ដូចជាលោកគ្រូអ្នកគ្រូទាំងអស់ នៅក្នុងការបន្តពង្រឹងសមត្ថភាពរបស់ខ្លួន ក៏ដូចជាចូលរួមពង្រឹងការបណ្តុះបណ្តាល ធ្វើយ៉ាងណាធានាថាឱ្យប្អូនៗទទួលបានចំណេះដឹងតាមអ្វីដែលបញ្ជាក់នៅក្នុងក្របខណ្ឌកម្មវិធីសិក្សា ហើយក៏ដូចជាបន្តអនុវត្តទៅតាមអ្វីដែលមានចែងនៅក្នុងច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យប្អូនៗបន្តរៀនសូត្រទទួលបាននូវគុណភាព ក៏ដូចជារីករាយនៅក្នុងសាលារៀនផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងបានទទួលព័ត៌មានអំពីការត្អូញត្អែររបស់មាតាបិតា អ្នកអាណាព្យាបាលសិស្សមួយចំនួនពាក់ព័ន្ធនឹងការលំបាកក្នុងការរ៉ាប់រងចំណាយលើការរៀនបន្ថែមក្រៅម៉ោង (រៀនគួរ) របស់កូនៗទាំងនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ព្រមទាំងបានភ្ជាប់ទៅនឹងបាតុភាពអវិជ្ជមាន ដែលបង្កឡើងដោយសកម្មភាពបង្រៀនគួរ ដូចជាការចេញវិញ្ញាសាប្រឡងប្រចាំខែ ប្រចាំឆមាសនូវលំហាត់ ឬខ្លឹមសារ ដូចទៅនឹងការបង្រៀនគួររួច ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់សិស្សមិនបានរៀនគួរ និងជាពិសេសបង្កើតគម្លាតវិសមភាពយ៉ាងច្រើនសម្រាប់កុមារក្រីក្រជួបការលំបាក ដែលគ្មានលទ្ធភាពរៀនគួរបន្ថែម។
ក្រសួងបន្តថា កន្លងមកក្រសួងបានចេញសេចក្តីណែនាំផ្តោតលើការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស និងផ្លាស់ប្តូរវប្បធម៌សាលារៀន តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូនៅទូទាំងប្រទេស សេចក្តីណែនាំស្តីពីការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សានៅតាមគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាសាធារណៈគំរូ ក្នុងគោលដៅបង្កើនម៉ោងសិក្សាយ៉ាងតិច២ម៉ោងក្នុងមួយថ្ងៃ និងសេចក្តីណែនាំស្តីពីការពង្រឹងយន្តការរង្វាយតម្លៃលទ្ធផលសិក្សា របស់សិស្សនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ដើម្បីធានាឱ្យបាននូវសង្គតិភាពស្តង់ដានៃរង្វាយតម្លៃលទ្ធផលសិក្សារបស់សសិស្សនៅកម្រិតសាលារៀនរួចមកហើយ។

យ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍ក្រសួងអប់រំ មិនបានបញ្ជាក់អំពីចំណាត់ការក្នុងករណីបង្កឱ្យមានបាតុភូតអវិជ្ជមាននៅតាមគ្រឹះស្ថានសិក្សានេះទេ តែបើតាមលោកជំទាវ ឃួន វិច្ឆិកា នៅក្នុងច្បាប់លក្ខន្តិកៈមន្រ្តីករាជការ គឺបានចែងយ៉ាងច្បាស់អំពីសិទ្ធិ ក៏ដូចជាអ្វីដែលលោកគ្រូអ្នកគ្រូអាចធ្វើបាន និងមិនអាចធ្វើបាន ដោយនៅក្នុងនោះក៏បានបញ្ជាក់យ៉ាងច្បាស់អំពីវិន័យផងដែរ ហើយនៅក្នុងមាត្រា២០ នៃច្បាប់លក្ខន្តិកៈមន្រ្តីរាជការ បានបញ្ជាក់យ៉ាងច្បាស់ពីទណ្ឌកម្មខាងវិន័យ ដែលមានបែងចែកជាកម្រិតលំដាប់លំដោយ ពីទាបទៅខ្ពស់ ដែលនៅក្នុងនោះមានន័យថា ក្នុងករណីដែលក្រសួងអប់រំ យុវជន និងកីឡា រកឃើញនូវកំហុស ឬក៏ការឆ្គាំឆ្គងនៅក្នុងវិជ្ជាជីវៈណាមួយដែលលោកគ្រូអ្នកគ្រូ ឬក៏មន្រ្តីរាជការបានប្រព្រឹត្ត នោះនឹងត្រូវបានយកទៅអនុវត្តស្របទៅតាមច្បាប់លក្ខន្តិកៈមន្រ្តីរាជការនេះ៕































