រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានជំរុញដល់គ្រូបង្រៀនឯកទេស បច្ចេកវិទ្យាព័ត៌មាន ICT ទាំងអស់ ត្រូវបន្តពង្រឹងសមត្ថភាពភាសាបរទេស និងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ឱ្យអស់លទ្ធភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ព្រមទាំងធានាបាននូវការបង្រៀនដែលផ្សារភ្ជាប់បច្ចេកវិទ្យាឌីជីថល ទៅនឹងវិធីសាស្រ្តបង្រៀនថ្មីៗ ដើម្បីផ្តល់ជំនាញសតវត្សទី២១ ដល់សិស្សានុសិស្ស។
ការជំរុញរបស់រដ្ឋមន្រ្តីអប់រំនេះ បានធ្វើឡើងក្នុងឱកាសសិក្ខាសាលាស្តីពី «ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CPD) ជូនគ្រូឧទ្ទេស និងគ្រូបង្រៀន ICT» ក្រោមគម្រោងកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា។
ប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំនេះ ផ្ដល់ឱកាសឱ្យគ្រូបង្រៀន នាយកសាលា និងបុគ្គលិកអប់រំចូលរួមសកម្មភាពអភិវឌ្ឍសមត្ថភាពដោយផ្អែកលើតម្រូវការជាក់ស្ដែង និងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល។ សិក្ខាកាមដែលបំពេញលក្ខខណ្ឌត្រឹមត្រូវ នឹងទទួលបានក្រេឌីតពី CPD ដើម្បីសន្សំពិន្ទុសម្រាប់ការដំឡើងឋានៈវិជ្ជាជីវៈ និងគុណវុឌ្ឍិស្របតាមប្រព័ន្ធលើកកម្ពស់គុណវុឌ្ឍិបុគ្គលិកអប់រំជាតិ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃគម្រោងរយៈពេល ៥ឆ្នាំកន្លងមក លើការបណ្ដុះបណ្ដាលជំនាញ ICT ដល់គ្រូបង្រៀន។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍គន្លឹះ ៤ចំណុច ដើម្បីពង្រឹងគុណភាពការបណ្ដុះបណ្ដាល រួមមាន៖ ១) ការពង្រឹងគុណភាពអប់រំឈានទៅរកស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន, ២) ការអនុវត្តផែនការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាប្រចាំឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្ដែង, ៣) ការពង្រឹងគន្លងអាជីពតាមរយៈការបណ្ដុះបណ្ដាលឯកទេស និងការគ្រប់គ្រង, និង ៤) ការរៀបចំយន្តការវាយតម្លៃលទ្ធផលការងារជាក់ស្ដែង និងលទ្ធផលសិក្សារបស់សិស្ស៕






























