យោងតាមការសិក្សាស្រាវជ្រាវជាសកលមួយរបស់ stopbullying.gov គេបានរកឃើញថា សកម្មភាពហិង្សា សម្លុត គំរាម ការមាក់ងាយ ការបៀតបៀន ឬហៅថា Bullying ភាគច្រើនកើតមាននៅសាលារៀន ក្នុងអំឡុងពេល ឬក្រោយម៉ោងសិក្សា ស្របទៅនឹងរបាយការណ៍នេះដែរ សម្រាប់ប្រទេសកម្ពុជា លោក ហឿ សេធុល ដែលធ្វើការងារផ្នែកប្រឹក្សាផ្លូវចិត្ត ក៏បានរកឃើញដែរថា សកម្មភាព Bullying នេះ គឺភាគច្រើននៅឡើងនៅសាលារៀនដូចគ្នា។
តាមរយៈការសិក្សាស្រាវជ្រាវទាក់ទងនឹង «ការស្វែងយល់អំពីសុខមាលភាពផ្នែកផ្លូវចិត្តរបស់សិស្សកម្រិតមធ្យមសិក្សា» នៅសាលារៀនចំនួន ៤ ក្នុងទីក្រុងភ្នំពេញ លោក ហឿ សេធុល រកឃើញថា ត្បិតបរិយាកាសសាលារៀន ជាផ្នែកមួយក្នុងការបង្កើនការផ្ដល់ឱកាសឱ្យសិស្សមានទំនាក់ទំនងជាមួយមិត្តភក្ដិ និងមានទំនាក់ទំនងសង្គមច្រើន ប៉ុន្តែក៏អាចបង្កើតឱ្យមានបញ្ហាទាក់ទងទៅនឹងការមាក់ងាយ ការបំពានផ្សេងៗ (Bullying) ដែរ ដោយសារតែបរិយាកាសសេវាផ្ដល់ឱ្យមិនទាន់ល្អិតល្អន់ទាក់ទងនឹងផ្នែកសុខមាលភាពផ្នែកផ្លូវចិត្ត និងសុខមាលភាពផ្នែកសង្គមរបស់សិស្ស។
យ៉ាងណា ដើម្បីទប់ស្កាត់បញ្ហា ការមាក់ងាយ (Bulling) នៅតាមសាលារៀននេះ លោក ហឿ សេធុល លើកទឹកចិត្តដល់សាលារៀនទាំងអស់គួរតែមាន ៖
ទី១. កិច្ចការពារកុមារ ៖ ជាគោលការណ៍មួយផ្ដល់ការការពារដល់កុមារ។ នៅក្នុងបរិវេណសាលា បើសិស្សទៅដល់កន្លែងណា គឺត្រូវមានគ្រូនៅទីនោះ មានន័យថា សិស្សមិនអាចទៅកន្លែងណាដែលផុតភ្នែកគ្រូនោះទេ។ ការពារទាក់ទងនឹងការប្រើពាក្យមាក់ងាយ និងការពារលើការបំពានផ្សេង។ លើសពីនេះ បុគ្គលិក គ្រូបង្រៀន អាណាព្យាបាល ត្រូវរៀនអំពីសិទ្ធិកុមារ។ គ្រូទាំងអស់ សិស្សទាំងអស់ ត្រូវបញ្ជាក់ទាក់ទងនឹងឥរិយាមាយាទ ឬមួយបញ្ជាក់លិខិតថ្កោលទោស ដើម្បីដឹងថា អ្នកទាំងអស់នោះ មិនមានប្រវត្តិបំពានកុមារ ដើម្បីការពារកុមារពីការមាក់ងាយ និងការបំពានផ្សេងៗ ពីកុមារគ្នាឯង ឬពីគ្រូបង្រៀន ឬពីបរិយាកាសជុំវិញដែលមានការពាក់ព័ន្ធ។
ទី២. កម្មវិធីផ្ដោតលើសុខមាលភាពរបស់សិស្ស ៖ នៅពេលនិយាយពីសុខមាលភាព គឺរួមបញ្ជូលទាំងសុខមាលភាពផ្នែករាងកាយ និងសុខមាលភាពផ្នែកផ្លូវចិត្ត។ ដើម្បីបង្កើតឱ្យមានកម្មវិធីនេះ គឺត្រូវមានការចូលរួមពីសាលារៀន គណៈគ្រប់គ្រង អាណាព្យាបាល គ្រូពេទ្យ អ្នកឯកទេសផ្នែកប្រឹក្សាផ្លូវចិត្ត។

យោងតាមអង្គការ UNICEF ការគំរាមកំហែង ឬ Bully អាចកើតឡើងតាមរូបភាពជាច្រើនដូចជា ការវាយដំ រុញច្រាន ឬបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ, ការប្រមាថ បង្អាប់ ឬការប្រើរហស្សនាមមិនល្អ, ការរុញច្រានឱ្យនៅឯកោ ការផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីបង្ខូចឈ្មោះ, ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត (Cyberbullying) ដូចជាការផ្ញើសារគំរាម ឬបង្ហោះរូបភាពអាម៉ាស់តាមបណ្តាញសង្គមជាដើម។ ការ Bully នេះ នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ និងយូរអង្វែងដល់កុមារ ក៏ដូចជាយុវជន ដូចជា ប៉ះពាល់សុខភាពផ្លូវចិត្ត, ធ្លាក់ចុះការសិក្សា និងអាចឈានទៅរកការប្រើប្រាស់សារធាតុញៀន ហើយដោយឡែកការ Bully តាមអនឡាញ អាចរីករាលដាល និងបន្សល់ទុកដានជាអចិន្រ្តៃយ៍៕













































































