ការគេងមិនបានស្កប់ស្កល់ មិនត្រឹមតែធ្វើឱ្យអ្នកអស់កម្លាំងនៅថ្ងៃបន្ទាប់ប៉ុណ្ណោះទេ ប៉ុន្តែការសិក្សាវេជ្ជសាស្ត្រជាច្រើនបានបង្ហាញថា គុណភាពដំណេកអន់ថយគឺជាឫសគល់ចម្បងមួយដែលបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃ ដូចជា លើសសម្ពាធឈាម, ជំងឺទឹកនោមផ្អែម, បញ្ហាផ្លូវចិត្ត ព្រមទាំងការស្រុតចុះនៃប្រាជ្ញាស្មារតី និងជំងឺវង្វេងវង្វាន់ (Dementia) ផងដែរ។
មនុស្សភាគច្រើនច្តែខ្វល់ខ្វាយតែទៅលើចំនួនម៉ោងនៃការគេង ប៉ុន្តែធាតុពិត «គុណភាព» នៃការគេងទើបជាកត្តាសំខាន់បំផុត។ ខាងក្រោមនេះជាទម្លាប់ពេលល្ងាចទាំង ៥ ដែលអ្នកគួរកែប្រែជាបន្ទាន់ ដើម្បីសង្គ្រោះដំណេក និងសុខភាពទូទៅ៖
១. ញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីនពេលល្ងាច
កាហ្វេអ៊ីនមានតួនាទីរំញោចប្រព័ន្ធប្រសាទ និងដាស់ស្មារតីឱ្យភ្ញាក់រឭក។ ក៏ប៉ុន្តែ ប្រសិនបើអ្នកទទួលទានវានៅពេលល្ងាច ឬពេលយប់ វានឹងរំខានដល់យន្តការធម្មជាតិនៃការងងុយគេង និងធ្វើឱ្យដំណេកមិនស្ងប់។
ដំណោះស្រាយ៖ គួរកាត់បន្ថយ ឬបញ្ឈប់ការញ៉ាំកាហ្វេ តែ ឬភេសជ្ជៈប៉ូវកម្លាំងបន្ទាប់ពីម៉ោង ៥ ល្ងាច ឬយ៉ាងហោចណាស់ ៦ ទៅ ៨ ម៉ោង មុនពេលចូលគេង។
២. ផឹកគ្រឿងស្រវឹងមុនពេលគេង

មនុស្សមួយចំនួនយល់ច្រឡំថាការផឹកគ្រឿងស្រវឹងបន្តិចបន្តួចជួយឱ្យគេងលក់ស្រួល។ ការពិតគ្រឿងស្រវឹងគ្រាន់តែធ្វើឱ្យអ្នកឆាប់ងងុយគេងនៅដំណាក់កាលដំបូងប៉ុណ្ណោះ ប៉ុន្តែវានឹងរំខានដល់វដ្តនៃការគេងនៅពាក់កណ្តាលអធ្រាត្រ បណ្តាលឱ្យភ្ញាក់ញឹកញាប់ និងកាត់បន្ថយរយៈពេលនៃ «ដំណេកលក់ស្កប់ស្កល់» (Deep Sleep) ដែលជាដំណាក់កាលគន្លឹះសម្រាប់ស្តារកោសិកាខួរក្បាល និងកម្លាំងកាយ។
៣. ញ៉ាំអាហារធ្ងន់ៗ ផ្អែមខ្លាំង ឬហឹរជិតម៉ោងគេង
ការញ៉ាំអាហារច្រើនពេក ជាពិសេសអាហារសម្បូរជាតិខ្លាញ់ អាហារហឹរ ឬបង្អែមផ្អែមៗ នឹងបង្ខំឱ្យប្រព័ន្ធរំលាយអាហារធ្វើការធ្ងន់ធ្ងរនៅពេលយប់ បង្កជាអាការភើ ឆ្អល់ពោះ ឬច្រាលជាតិអាស៊ីត ដែលរំខានដល់ដំណេកយ៉ាងខ្លាំង។
ដំណោះស្រាយ៖ ប្រសិនបើឃ្លាននៅពេលយប់ គួរជ្រើសរើសអាហារសម្រន់ស្រាលៗ និងមិនសូវផ្អែម ជំនួសឱ្យអាហារដែលមានជាតិស្ករ និងខ្លាញ់ខ្ពស់។
៤. ប្រើប្រាស់ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកលើគ្រែ
ពន្លឺពណ៌ខៀវ (Blue Light) ដែលបញ្ចេញពីអេក្រង់ទូរស័ព្ទ ថេបប្លែត ឬកុំព្យូទ័រ នឹងទៅទប់ស្កាត់ការបញ្ចេញអ័រម៉ូន Melatonin ដែលជាអ័រម៉ូនជំនួយដល់ការគេងតាមបែបធម្មជាតិ។ ក្រៅពីនេះ ការអូសទស្សនាមាតិកាផ្សេងៗធ្វើឱ្យខួរក្បាលបន្តភ្ញាក់រវើក និងមិនអាចសម្រាកបាន។
ដំណោះស្រាយ៖ ទុកឧបករណ៍អេឡិចត្រូនិកឱ្យឆ្ងាយពីខ្លួនចន្លោះពី ៣០ ទៅ ៦០ នាទី មុនពេលគេង ហើយប្តូរមកអានសៀវភៅ ឬស្តាប់តន្ត្រីស្រាលៗវិញ។
៥. ចូលគេងយប់ជ្រៅ និងមិនទៀងទាត់ពេលវេលា

យោងតាមការណែនាំពីគេហទំព័រសុខភាពល្បីៗលើពិភពលោក ការចូលគេង និងភ្ញាក់ពីគេងមិនទៀងពេល នឹងរំខានដល់ នាឡិកាជីវសាស្ត្ររបស់រាងកាយ (Circadian Rhythm) ដែលជានាឡិកាធម្មជាតិរយៈពេល ២៤ ម៉ោង សម្រាប់គ្រប់គ្រងវដ្តគេង-ភ្ញាក់ និងការបញ្ចេញអ័រម៉ូន។ នៅពេលចង្វាក់នេះរអាក់រអួល រាងកាយនឹងមិនអាចស្តារកម្លាំងឡើងវិញបានពេញលេញនោះឡើយ។
ដំណោះស្រាយ៖ កំណត់ម៉ោងចូលគេង និងម៉ោងភ្ញាក់ឱ្យបានច្បាស់លាស់ជារៀងរាល់ថ្ងៃ សូម្បីតែនៅថ្ងៃចុងសប្តាហ៍ ដើម្បីបង្វឹកនាឡិកាជីវសាស្ត្រឱ្យដំណើរការល្អឡើងវិញ។
សរុបមកវិញ ដំណេកប្រកបដោយគុណភាព មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាជាលទ្ធផលនៃការរៀបចំទម្លាប់ប្រចាំថ្ងៃឱ្យបានត្រឹមត្រូវ។ ការផ្លាស់ប្តូរកាយវិការតូចៗទាំង ៥ នេះនៅពេលល្ងាច គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់សុខភាពរាងកាយ និងបញ្ញាស្មារតីរបស់អ្នកនៅថ្ងៃស្អែក៕













































































