អ្នកជំនាញវិស័យអប់រំបានអំពាវនាវឱ្យគ្រឹះស្ថានសិក្សានៅកម្ពុជាផ្លាស់ប្តូរពីការរៀនផ្អែកលើការទន្ទេញ ទៅជាការរៀនបែប «ការគិតឆ្លុះបញ្ចាំង» (Reflective Thinking) ដើម្បីជួយសិស្សអភិវឌ្ឍសមត្ថភាពគិតវិភាគ យល់ដឹងកាន់តែស៊ីជម្រៅ ចងចាំបានយូរ និងត្រៀមខ្លួនសម្រាប់ការរៀនពេញមួយជីវិត។
ការលើកឡើងនេះធ្វើឡើងក្នុងសិក្ខាសាលាក្រោមប្រធានបទ «ជំហានទាំង៧ ដែលធ្វើឱ្យសិស្សរៀនឆាប់ចេះបំផុត៖ ការឆ្លុះបញ្ចាំងអាចផ្លាស់ប្តូរលទ្ធផលរៀនសូត្រគ្រប់យ៉ាង» ដែលរៀបចំដោយសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន (CACE) សហការជាមួយសាលាភ្នំពេញម៉ុនតែសសូរីអន្តរជាតិ នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១៦ ខែកក្កដា។
លោកបណ្ឌិត សរ រិទ្ធី ប្រធាន CACE មានប្រសាសន៍ថា វិធីសាស្ត្របង្រៀនបែបប្រពៃណីដែលផ្តោតលើការចងចាំមេរៀន មិនអាចឆ្លើយតបបានពេញលេញទៅនឹងតម្រូវការនៃសម័យឌីជីថល ដែលទាមទារឱ្យអ្នកសិក្សាមានសមត្ថភាពគិតវិភាគ ច្នៃប្រឌិត និងដោះស្រាយបញ្ហាបានឡើយ។
លោកបានពន្យល់ថា «ការគិតឆ្លុះបញ្ចាំង» គឺជាដំណើរការដែលអ្នកសិក្សាពិនិត្យ ពិចារណា និងវិភាគបទពិសោធន៍របស់ខ្លួន ដើម្បីស្វែងយល់ពីអ្វីដែលបានរៀន កែលម្អវិធីសិក្សា និងអនុវត្តចំណេះដឹងឱ្យមានប្រសិទ្ធភាពជាងមុន។
លោកបន្តថា វិធីសាស្ត្រនេះមិនត្រឹមតែផ្តល់ចំណេះដឹងដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យពួកគេស្គាល់ពីដំណើរការគិតរបស់ខ្លួន អភិវឌ្ឍជំនាញដោះស្រាយបញ្ហា និងបង្កើតទម្លាប់រៀនដោយខ្លួនឯង។
លោក គូន ចំរើន ស្ថាបនិក UCGE និងជានាយកសាលាភ្នំពេញម៉ុនតែសសូរីអន្តរជាតិ បានឱ្យដឹងថា ការនាំយកកម្មវិធី Upschool Australia ដែលដឹកនាំដោយលោក Gavin McCormack មកអនុវត្តនៅកម្ពុជា គឺដោយសារសាលាមើលឃើញសារៈសំខាន់ នៃវិធីសាស្ត្រអប់រំទំនើប ដែលផ្តោតលើការអភិវឌ្ឍសមត្ថភាពគិតរបស់សិស្ស។

លោកបញ្ជាក់ថា កម្មវិធីនេះត្រូវបានអនុវត្តរយៈពេល១២ខែ និងទទួលបានលទ្ធផលវិជ្ជមាន ដោយជួយឱ្យសិស្សផ្លាស់ប្តូរពីការរៀនដោយទន្ទេញ ទៅជាការរៀនដើម្បីយល់ អនុវត្ត និងដោះស្រាយបញ្ហាជាក់ស្តែង។
លោកបន្ថែមថា កម្មវិធីនេះក៏បានជួយលើកទឹកចិត្តឱ្យសិស្សហ៊ានសួរសំណួរ បញ្ចេញមតិ និងចូលរួមយ៉ាងសកម្មក្នុងដំណើរការសិក្សា។
ឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រគំនិតផ្តួចផ្តើមនេះ ដោយចាត់ទុកថា វាស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាព និងសមត្ថភាពប្រកួតប្រជែង។
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការគិតឆ្លុះបញ្ចាំងជាជំនាញចាំបាច់សម្រាប់ធនធានមនុស្សក្នុងសម័យឌីជីថល ដែលត្រូវការសមត្ថភាពគិតដោយឯករាជ្យ រៀនពីបទពិសោធន៍ និងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងសាលាអន្តរជាតិចំនួន២៣ស្ថាប័ន ព្រមទាំងនិស្សិតពីរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យបូណាម៉ារី (BMU) សរុបប្រមាណ១៧០នាក់។
ក្នុងឱកាសនោះ CACE និងមជ្ឈមណ្ឌលអប់រំសាកល អាប់ស្គូល កម្ពុជា (Upschool-Cambodia for Global Education - UCGE) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយស្ថាប័នអប់រំចំនួន៨ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ការចែករំលែកចំណេះដឹង និងការលើកកម្ពស់នវានុវត្តន៍ក្នុងវិស័យអប់រំនៅកម្ពុជា។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ UCGE បានចុះ MoU ជាមួយស្ថាប័នអប់រំរួមមាន The Brainiac Factory, Ed First School, Step Forward International School, Vision Bridge International Academy, True Vision International School, សាលាទី១ អន្តរជាតិ កម្ពុជា អាមេរិកាំង និងសាលា CCIIS អន្តរជាតិ ខណៈ CACE និង UCGE ក៏បានចុះ MoU រួមគ្នា ដើម្បីពង្រឹងបណ្តាញសហប្រតិបត្តិការអប់រំផងដែរ៕












































































