ភ្នំពេញ – អ្នកស្រី យូ បូរី ស្ថាបនិក នៃក្រុមហ៊ុន TEDP និងជាអ្នកឯកទេសប្រព័ន្ធ KPI មានប្រសាសន៍ថា DISC ដែលកើតចេញមកពីប្រយោគ៤ឃ្លា បង្ហាញអំពីបុគ្គលិកលក្ខណៈរបស់មនុស្សនៅក្នុងក្រុមនីមួយៗ គឺមានសារៈសំខាន់ជួយដល់យុវជនឱ្យស្គាល់ពីខ្លួនឯងថា ជាមនុស្សប្រភេទណា ហើយងាយស្រួលក្នុងការជ្រើសរើសយកជំនាញដែលសក្តិសមនឹងខ្លួន។
តើលក្ខណៈគួរឱ្យកត់សម្គាល់ នៃបុគ្គលទាំងបួនប្រភេទ(DISC) ដែលរៀបរាប់ខាងលើមានអ្វីខ្លះ?
បើតាមអ្នកស្រី បូរី ប្រភេទមនុស្សទាំង៤រួមមាន ១.បុគ្គលដែលមានអកប្បកិរិយាបែបលេចធ្លោ (Dominance) ៖ ពួកគេជាមនុស្សដែលចូលចិត្តនិយាយអំពីលទ្ធផល និងភាពចំណេញពីការជជែកអ្វីមួយ ដោយពួកគេតែងតែសកម្មនៅក្នុងប្រធានបទបែបនេះច្រើនជាងប្រធានបទដទៃ។ មួយវិញទៀតមនុស្សប្រភេទនេះមានចំណុចខ្លាំងដូចជា ហ៊ានប្រថុយជាមួយរឿងរ៉ាវថ្មីៗ មានភាពក្លាហានច្រើន ទោះបីជាការងារមានផលលំបាក់បែបណាក៏ដោយ គេសង្កេតឃើញថា ពួកគាត់រីករាយនឹងធ្វើដែលនាំមកនៅផលចំណេញ។ អ្វីដែលមនុស្សប្រភេទនេះមិនចូលចិត្ត គឺការងារដដែលៗ ហើយស្ថិតនៅតែមួយកន្លែង និងការសម្រេចចិត្តយឺតយ៉ាវ។ ហើយនៅពេលដែលមានអាការៈខឹងសម្បារ ពួកគេហាក់បង្ហាញភាពក្អេងក្អាង និងបញ្ចេញកិរិយាផ្តាច់ការ ថែមទាំងមិនព្រមទទួលយក ការចរចាក្នុងស្ថានភាពដែល ពួកគាត់កំពុងតែស្ថិតក្នុងស្ថានការណ៍មិនសប្បាយចិត្ត។
២.ប្រភេទមនុស្សដែលមានអកប្បកិរិយា អ្នកមានឥទ្ធិពល( Influence) ៖ អ្វីដែលពួកគាត់ចូលចិត្ត គឺបរិយាកាសដែលអាចនិយាយបញ្ចេញមតិបានច្រើន បរិយាកាសបង្ករភាពរីករាយច្រើន ហើយពួកគេមិនពិបាកក្នុងការបង្កើតទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួនឡើយ ព្រោះនេះជាចំណុចពិសេសរបស់ក្រុមមនុស្សប្រភេទ(I) ។ ចំណុខ្លាំងរបស់បុគ្គលប្រភេទនេះ ពួកគេពូកែលើកទឹកចិត្តអ្នកដទៃ មិនថាទៅដល់ទីណាក៏ដោយ ពួកគេជាប្រភេទមនុស្សដែលពូកែជំរុញទឹកចិត្តស្ទើរតែគ្រប់កាលៈទេសៈ ព្រោះគេតែងឃើញភាពវិជ្ជមានរាល់គ្រប់ស្ថានការណ៍ អាចនិយាយបានថាមនុស្សប្រភេទ(I) មានផ្នត់គំនិតសុទិដ្ឋិនិយមច្រើនជាងក្រុមផ្សេងៗ។ មានចំណុចមួយដែលក្រុម(I) មានចំណុចដូចគ្នាទៅនឹងក្រុម(D)គឺ មិនចូលចិត្តភាពដដែលៗ និងប្រភេទការងារដែលតម្រូវឱ្យនៅតែមួយកន្លែង។ មនុស្សប្រភេទ(I) ភាគច្រើនចូលចិត្តការងារមួយដែលមានភាពសកម្មច្រើន។ ចំណែកចំណុចខ្សោយរបស់ពួកគេគឺ ហាក់ធុញនឹងការបដិសេធ ហើយនៅពេលដែលក្រុម(I) មានអាការៈខឹងសម្បា តែងបញ្ចេញកាយកាយវិការនិយាយវាយបកវិញភ្លាមៗ។ ឬក៏ចាប់ផ្តើមរករឿងហេតុដើម្បីបន្តនិយាយបន្ថែមមិនងាយនឹងបញ្ជប់ដោយស្រួលៗឡើយ។ ការនិយាយវាយបកទៀតសោធន៍ ពួកគេមិនខ្វល់ទេថា ភាគីម្ខាងទៀតជាមនុស្សបែបណា ទោះបីជាប្រភេទមនុស្សមានវ័យចាស់ទុំជាង ពួកគេក៏ដោយ ។
៣.មនុស្សប្រភេទ ស្ថេរភាព( Steadiness) ដែលកាត់ថា ក្រុម (S) ពួកគេភាគច្រើនមានចំណូលចិត្តដូចជា បរិយាកាស ស្ងប់ស្ងាត់ ដោយមិនមានការផ្លាស់ប្តូរ ពួកគាត់ជាប្រភេទមនុស្សពូកែទ្រាំ ពូកែស្ដាប់ ហើយធុញនឹងបរិយាកាសទាស់ទែង ឬបែបប្រកួតប្រជែង ហើយនឹងភាពមិនច្បាស់លាល់។ នៅពេលដែលបុគ្គលប្រភេទនេះក្រេវក្រោធ ពួកគេតែងតែបង្ហាញភាពរឹងរូស និងមិនមានចម្លើយឆ្លើយតបមកវិញនោះទេ ទោះបីជាព្យាយាមសួរអ្វីក៏ដោយ។
៤.ប្រភេទមនុស្សស្ងៀមស្ងាត់ (Conscientiousness) ដែលគេហៅកាត់ថាមនុស្សក្រុម (C) បុគ្គលប្រភេទនេះចូលចិត្តសណ្តាប់ធ្នាប់ មានវិន័យខ្ពស់ មានភាពច្បាស់លាស់ និងតែងតែសិក្សាអំពីអ្វីដែលមានភាពច្បាស់លាល់ស្របទៅតាមនិស្ស័យរបស់ពួកគេ។ ភាពខ្លាំងមួយទៀតគឺ ពូកែគណនា និងគិតទុកមុន។ អ្វីដែលមនុស្សប្រភេទ (C) ឆាប់ទទួលរងនូវភាពធុញទ្រាន់ គឺការពោលរិះគន់ ភាពគ្មានវិន័យ និងភាពកញ្ជះកញ្ជាយ។ គួរកត់សម្គាល់ថា នៅពេលដែលមនុស្សប្រភេទនេះមានអារម្មណ៍កំហឹងខ្លាំង ពួកគេនឹងគេចចេញតែម្តង។

និយាយផ្តោតចំពោះយុវជនវិញ អ្នកស្រី យូ បូរី បានផ្តល់យោបល់ថា បើសិនយុវជន បានដឹងអំពីការបែងចែកក្រុមមនុស្សទាំង៤ដែលបានរៀបរាប់ជូនខាងលើ(DISC) គឺអាចនឹងនាំឱ្យយុវជនបានស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯងកាន់តែច្បាស់ ជាពិសេសនៅពេលជ្រើសជំនាញសិក្សានៅសាលកវិទ្យាល័យ។
អ្នកឯកទេសរូបនេះ លើកឡើងថា នៅពេលដែលយុវជនស្គាល់ពីចំណុចខ្លាំងរបស់ខ្លួនឯងបានន័យថា យុវជនកំពុងតែស្គាល់អំពីសិទ្ធរបស់ពួកគេ ដែលប្រៀបដូចជាទ្រព្យសកម្មរបស់យុវជន។ យុវជនអាចយកទៅប្រើប្រាស់បានជារៀងរាល់ថ្ងៃ ប្រើកាន់តែច្រើន កាន់តែបង្ហាញនៅសក្ដានុពលរបស់ខ្លួនឯង ហើយថា នៅពេលដែលយុវជន បង្ហាញនៅសក្ដានុពលចេញមក ធ្វើឱ្យពួកគេគេក្លាយជាមនុស្សដែលគេងាយនឹងទទួលស្គាល់។
ជាមួយគ្នានេះ ការសិក្សា និងកត់សម្គាល់ខ្លួនឯងនៅក្នុងចំណុចនីមួយតាមរយៈទម្រង់ DISC ក៏ជាកត្តាសំខាន់នាំឱ្យមនុស្សអាចស្វែងរកឃើញខ្លួនឯងមិនថាចំណុចខ្លាំង និងចំណុចខ្សោយ។ នៅក្នុងសង្គមដែលមនុស្សរស់នៅ គឺតែងតែមានមនុស្សទាំងបួនប្រភេទនេះរស់នៅចម្រុះគ្នា។ ដូច្នេះការសិក្សាអំពី DISC មិនត្រឹងតែអាចយល់ច្បាស់ពីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែអាចយល់ពីអ្នកដទៃទៀតផង។ កាលដែលយល់ពីគ្នាទៅវិញទៅមកបែបនេះធ្វើឱ្យកិច្ចសហការណ៍នៃការរស់នៅមានភាពចុះសម្រុងច្រើនជាងមុន៕




























