បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ បានបង្ហាញការយល់ឃើញថា ដំណើរការប្រឡងឆ្នាំនេះមានភាពតឹងរឹង និងម៉ត់ចត់ ដើម្បីធានាភាពត្រឹមត្រូវនៃការប្រឡង ខណៈពួកគេយល់ថា វិញ្ញាសាមានកម្រិតសមរម្យ និងបង្ហាញក្តីសង្ឃឹមថានឹងអាចជាប់។
បេក្ខនារី ញ៉ែម ស៊ីវជីញ ដែលប្រឡងនៅមណ្ឌលសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ បាននិយាយថា ដំណើរការប្រឡងមានភាពល្អប្រសើរ ដោយមណ្ឌលប្រឡងមានសណ្ដាប់ធ្នាប់ និងបរិយាកាសល្អសម្រាប់បេក្ខជន។
បេក្ខនារីរូបនេះនិយាយថា «សម្រាប់ខ្ញុំ ខ្ញុំគិតថា វិញ្ញាសាមិនពិបាកពេក ហើយក៏មិនស្រួលពេកដែរ។ វាអាចឱ្យសិស្សភាគច្រើនមានលទ្ធភាពធ្វើបាន និងមានឱកាសជាប់»។
ចំពោះដំណើរការប្រឡង នាងបានបន្ថែមថា «ខ្ញុំមានអារម្មណ៍ថា ការប្រឡងដំណើរការបានល្អ។ សាលាមានសណ្ដាប់ធ្នាប់ល្អ ហើយបន្ទប់ប្រឡងក៏មានបរិយាកាសល្អ ងាយស្រួលសម្រាប់សិស្សក្នុងការប្រឡង»។
បេក្ខនារីរូបនេះក៏មានសុទិដ្ឋិនិយមចំពោះលទ្ធផលរបស់ខ្លួន ដោយនាងរំពឹងថា អាចជាប់ប្រហែល ៩០ភាគរយ។

ដោយឡែក បេក្ខជន ឈុំ ប៊ុនណា មកវិទ្យាល័យសម្តេចហ៊ុនសែន ប៊ុនរ៉ានីច្បារអំពៅ យល់ឃើញថា ការប្រឡងឆ្នាំនេះមានភាពតឹងរឹង និងម៉ត់ចត់ ដោយមានការត្រួតពិនិត្យបេក្ខជនយ៉ាងយកចិត្តទុកដាក់។
បេក្ខជនរូបនេះថា «ខ្ញុំមានអារម្មណ៍ថា ដំណើរការប្រឡងឆ្នាំនេះពិតជាល្អ ដោយសារក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងរៀបចំការប្រឡងបានយ៉ាងម៉ត់ចត់»។
បេក្ខជនបន្តថា ការត្រួតពិនិត្យយ៉ាងតឹងរឹងនេះ គឺដើម្បីធានាថា បេក្ខជនប្រឡងដោយសមត្ថភាពរបស់ខ្លួន និងមិនមានការប្រើប្រាស់មធ្យោបាយមិនត្រឹមត្រូវ។
ចាប់ពីពេលចូលដល់មណ្ឌលប្រឡង មានការត្រួតពិនិត្យ និងតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថា បេក្ខជនប្រឡងដោយសមត្ថភាពរបស់ខ្លួន មិនមានការលួចមើល ឬនាំយកឧបករណ៍ដែលមិនអនុញ្ញាតចូលក្នុងបន្ទប់ប្រឡង
ចំពោះវិញ្ញាសា បេក្ខជន ឈុំ ប៊ុនណា យល់ថា មានកម្រិតសមរម្យ មិនពិបាកពេក ហើយក៏មិនស្រួលពេកដែរ។ បេក្ខជនរូបនេះក៏បង្ហាញសង្ឃឹមថា នឹងអាចជាប់ បើទោះបីមិនអាចប្រាកដថា ចម្លើយទាំងអស់ត្រឹមត្រូវ ១០០ភាគរយក៏ដោយ។
បេក្ខជនរូបនេះថា «សម្រាប់ខ្ញុំ វិញ្ញាសាឆ្នាំនេះមានកម្រិតសមរម្យ មិនពិបាកពេក ហើយក៏មិនស្រួលពេកដែរ។ វាមានលក្ខណៈប្រហាក់ប្រហែលនឹងវិញ្ញាសាឆ្នាំមុន។សម្រាប់ខ្ញុំសង្ឃឹមជាប់»។
យោងតាមក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា ដំណើរការសំណេរនាព្រឹកថ្ងៃទី១ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសយ៉ាងស្ងប់ស្ងាត់ មានសណ្ដាប់ធ្នាប់របៀបរៀបរយល្អ និងប្រកបដោយភាពរលូន ខណៈមានបេក្ខជនអវត្តមានចំនួន ១ ២៩៤នាក់ (ស្រី៤៧៤នាក់)៕











































































