បន្ទាប់ពីការដាក់ដំណើរការ ChatGPT កាលពីខែវិច្ឆិកា ឆ្នាំ២០២២ រួចមក បញ្ញាសិប្បនិម្មិត (AI) កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណៈជន និងប្រព័ន្ធផ្សព្វផ្សាយ។ បច្ចុប្បន្ន អាជីវកម្ម និងមនុស្សជាច្រើន ចាប់ផ្ដើមប្រើ AI ដើម្បីកាត់បន្ថយការចំណាយ បង្កើនប្រសិទ្ធភាពក្នុងប្រតិបត្តិការ និងផលិតភាពការងារ។ ការវិវត្តន៍ដ៏ឆាប់រហ័សរបស់ AI បានធ្វើឱ្យបច្ចេកវិទ្យានេះ មានសមត្ថភាពគិត និងធ្វើការខ្លាំងជាងមនុស្សរួចទៅហើយ។ ដូច្នេះ តើនាពេលអនាគត គេអាចបង្វឹក AI ឱ្យមានអារម្មណ៍បានទេ?
លោកបណ្ឌិត ឡាយ គីរី អ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត (AI) និងជាស្ថានិក Rean AI មានប្រសាសន៍ថា ជាមួយនឹងបច្ចេកវិទ្យានាពេលបច្ចុប្បន្ន មនុស្សមិនទាន់អាចបង្វឹក AI ឱ្យមានភាពឈ្លាសវៃ ឬបញ្ញាផ្នែកអារម្មណ៍ដូចមនុស្សបានទេ ប៉ុន្តែនៅថ្ងៃអនាគតចន្លោះពី ៥០ ទៅ១០០ឆ្នាំទៀត គឺអាចទៅរួច។ លោកបន្តថា បើទោះជាមនុស្សអាចបង្វឹក AI ឱ្យមានអារម្មណ៍ក៏ដោយ ប៉ុន្តែវានៅតែជាម៉ាស៊ីន ហើយមិនអាចមានអារម្មណ៍ ដូចមនុស្សទាំងស្រុងនោះទេ។

បើតាមលោកបណ្ឌិត ឡាយ គីរី បើទោះជាបច្ចេកវិទ្យានេះ នឹងមានអារម្មណ៍នៅថ្ងៃខាងមុខក៏ដោយ ក៏មិនបង្កជាផលប៉ះពាល់អ្វីសម្រាប់សង្គមដែរ ព្រោះមនុស្សដែលជាអ្នកបង្កើតបច្ចេកវិទ្យានេះ ច្បាស់ជាបានគិតគូទុកជាមុន អំពីការគ្រប់គ្រង និងការពារឥទ្ធិពលអវិជ្ជមានរបស់វា។ ដោយឡែក ចំពោះការគម្រាមកំហែងដល់សុខុមាលភាព និងការរស់នៅរបស់មនុស្ស លោកបណ្ឌិតយល់ថា នេះជារឿងដែលមិនអាចកើតឡើងនោះទេ។
យើងឃើញសាច់រឿង ជាច្រើន ដែលនិយាយអំពី Super AI និង Super Intelligent AI ដែលមានសមត្ថភាពប្រហាក់ប្រហែលមនុស្ស ដែលមានអារម្មណ៍។ គេអប់រំថា ប្រសិនបើមនុស្សមិនអាចការពារ ទប់ស្កាត់ ឬគ្រប់គ្រងបច្ចេកវិទ្យានេះបាន គឺវាប៉ះពាល់ដល់សង្គម។ ដូច្នេះ អ្នកបង្កើតបច្ចេកវិទ្យានេះ តែងតែគិតអំពី ការទប់ស្កាត់ឥទ្ធិពល ដែលបង្កឱ្យមានគ្រោះថ្នាក់ ដោយសារបច្ចេកវិទ្យានេះ…
ជុំវិញការចោទជាសំណួរអំពីភាពឈ្លាសវៃផ្នែកអារម្មណ៍នេះដែរ បណ្ឌិត លី រតនា ប្រធានផ្នែកស្រាវជ្រាវនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) លើកឡើងថា ដោយបញ្ញាសិប្បនិម្មិត (AI) កាន់តែឆ្លាតទៅៗ បច្ចុប្បន្ន យើងអាចបង្វឹកបច្ចេកវិទ្យានេះ ឱ្យមានអារម្មណ៍ស្រដៀងមនុស្សបានខ្លះ ប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ ដែលបានរៀន តាមរយៈទិន្នន័យ ដែលមនុស្សបានផ្ដល់ឱ្យប៉ុណ្ណោះ ហើយបច្ចេកវិទ្យានេះ ក៏មិនអាចបង្កើតអារម្មណ៍ថ្មីៗដោយខ្លួនឯងបានដែរ។

យ៉ាងណាក៏ដោយ ក្នុងលក្ខខណ្ឌដែលបច្ចេកវិទ្យានេះ មានភាពឆ្លាតវៃ ហើយមនុស្សមិនអាចគ្រប់គ្រងបាន វាក៏អាចបង្កគ្រោះថ្នាក់ដល់សង្គមដែរ, នេះបើតាមការមើលឃើញរបស់លោកបណ្ឌិត លី រតនា។ លោកបន្តថា ជាក់ស្ដែង ដូចជា នៅពេលឧក្រិដ្ឋកម្ម ដែលបង្ករដោយ AI កើតឡើង តើអ្នកជំនាញផ្នែកច្បាប់ត្រូវបន្ទោសអ្នកណា? បន្ទោសអ្នកទិញ អ្នកផលិត ឬបន្ទោស AI នេះ? ដូច្នេះ ប្រសិនបើ AI វិវត្តន៍ដល់កម្រិតមួយ ដែលមិនអាចគ្រប់គ្រងបាន គឺអាចបង្កជាបញ្ហាចលាចលក្នុងសង្គម។
លោកបណ្ឌិត លី រតនា មានប្រសាសន៍បន្ថែមថា បច្ចេកវិទ្យា AI នេះជាកាំបិតមុខពីរ ដែលអាចបង្កផលវិជ្ជមានផង និងអវិជ្ជមានផង ហើយឥទ្ធិពលអវិជ្ជមានអាចកើតឡើងឬអត់ គឺអាស្រ័យលើក្រមសីលធម៌ អ្នកផលិត និងអ្នកប្រើប្រាស់បច្ចេកវិទ្យានេះ។ ខណៈបច្ចុប្បន្ន ពិភពលោក និងសង្គមកម្ពុជា មិនទាន់មានច្បាប់ក្នុងការគ្រប់គ្រង AI ត្រឹមត្រូវនៅឡើយ។
សម្រាប់លោកបណ្ឌិត ឡាយ គីរី យល់ថា ការអភិវឌ្ឍបច្ចេកវិទ្យានេះ ឱ្យមានអារម្មណ៍ ជារឿងដែលនៅអនាគតក៏វែងឆ្ងាយទៀតនៅឡើយ ហេតុនេះមិនចាំបាច់ព្រួយបារម្ភទេ។ សម្រាប់សង្គមកម្ពុជា ប្រជាជនត្រូវចាប់អារម្មណ៍ប្រើបច្ចេកវិទ្យានេះឱ្យបានច្រើន ដើម្បីទាញប្រយោជន៍ពីបច្ចេកវិទ្យានេះ ឱ្យបានច្រើនទៅតាមលទ្ធភាព ដើម្បីសម្រួលជីវភាពរបស់នៅប្រចាំថ្ងៃ៕































