បច្ចេកវិទ្យាប្លុកឆេន (Blockchain) ត្រូវបានអ្នកជំនាញពន្យល់ថា វាមានសារៈសំខាន់សម្រាប់អាជីវកម្ម ដែលពឹងពាក់ដំណើរការលើប្រព័ន្ធព័ត៌មាន និងបច្ចេកវិទ្យា។ វាធ្វើការបានយ៉ាងល្អសម្រាប់ការចែកចាយព័ត៌មាន ព្រោះវាផ្តល់នូវព័ត៌មានភ្លាមៗ រហ័សទាន់ចិត្ត និងមានតម្លាភាព ក្នុងការរក្សាទុកទិន្នន័យបានយ៉ាងសុវត្ថិភាព និងមិនអាចផ្លាស់ប្តូរបាន ហើយប្រជាជនកម្ពុជា ត្រូវស្វែងយល់ពីបច្ចេកវិទ្យានេះបន្ថែមទៀត។
លោក Saing Sab ជាអ្នកអភិវឌ្ឍកម្មវិធីកុំព្យូទ័រ នៃ IG Tech Group និងជាអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យាប្លុកឆេន បានលើកឡើងនៅក្នុងសន្និបាតប្លុកឆេនកម្ពុជា ២០២៥ ស្ដីពី ជំហានសំខាន់សម្រាប់អនាគតឌីជីថលរបស់កម្ពុជា ថា គេអាចប្រើបច្ចេកវិទ្យា blockchain ដើម្បីបង្កើតបញ្ជីកំណត់ត្រាដែលមិនអាចកែប្រែ ឬលុបបានសម្រាប់តាមដានការបញ្ជាទិញ ការទូទាត់ ការគ្រប់គ្រងគណនី និងប្រតិបត្តិការផ្សេងៗទៀត ហើយវាផ្ដល់អត្ថប្រយោជន៍ច្រើននៅក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេស ការផ្ញើលុយ។

តែយ៉ាងណាក៏ដោយ បើតាមលោក Saing វត្តមាននៃបច្ចេកវិទ្យានេះ មានទាំងផលប៉ះពាល់វិជ្ជមាន និងអវិជ្ជមាន ដែលទាមទារឱ្យអ្នកប្រើប្រាស់ត្រូវស្វែងយល់ និងសិក្សាឱ្យបានស៊ីជម្រៅ ដើម្បីមានលទ្ធភាព គ្រប់គ្រង និងប្រើបច្ចេកវិទ្យានេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ខណៈលោកយល់ថា បច្ចេកវិទ្យានេះ ផ្ដល់នូវអត្ថប្រយោជន៍ និងភាពងាយស្រួល សម្រាប់សង្គមច្រើនជាងផលប៉ះពាល់។
លោក Chun Oumkanal សហគ្រិន និងអ្នកជំនាញក្នុងវិស័យប្លុកឆេន លើកឡើងថា បច្ចេកវិទ្យានេះ គឺលើសពី ការប្រើប្រាស់រូបិយប័ណ្ណឌីជីថល ហើយវានឹងដើរតួនាទីកាន់តែសំខាន់នៅក្នុងសង្គមកម្ពុជា តែលោកបានស្នើឱ្យអ្នកដែលចាប់អារម្មណ៍អំពីបច្ចេកវិទ្យានេះ ត្រូវស្វ័យសិក្សា និងអប់រំខ្លួនឯងឱ្យបានច្រើន បើទោះបីជាបច្ចេកវិទ្យានេះ មិនទាន់មានមុខវិជ្ជាសិក្សានៅសាលាក៏ដោយ។ ខណៈលោកបន្តថា បច្ចេកវិទ្យានេះ នឹងអាចជួយអ្នកប្រើប្រាស់អភិវឌ្ឍខ្លួនឯង និងសង្គមជាតិបានច្រើន។
គួរជម្រាបជូនថា សន្និបាតប្លុកឆេនកម្ពុជា (CBS) ២០២៥ កាលពីសប្តាហ៍កន្លងទៅនេះ ត្រូវបានសហការរៀបចំដោយ មហាវិទ្យាល័យ សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល នៃសាកលវិទ្យាល័យគ្រប់គ្រងជាតិកម្ពុជា (NUM) រួមជាមួយ Startup Grind Cambodia និង សហគមន៍ Blockchain កម្ពុជា ដោយអ្នកចូលរួមច្រើនជាង ១ពាន់នាក់ រួមមានសហគ្រិន អ្នកវិនិយោគ អ្នកជំនាញប្លុកឆេន អ្នកជំនាញផ្នែកគោលនយោបាយ និងក្រុមអ្នកចាប់អារម្មណ៍អំពីបច្ចេកវិទ្យាប្លុកឆេន៕











































































