ធនាគារ​ ​CIMB​ ​និង​អាជ្ញាធរ​ជាតិ​អប្សរា ​បន្ត​ភាព​ជាដៃគូ​សហការ ​ដើម្បី​ពង្រីក​គម្រោង​ឧទ្យាន​អង្គរ​-​ស៊ី​អាយ​អិមប៊ី​

ធនាគារ​ ស៊ី​អាយ​អិមប៊ី ​ភី​អិល​ស៊ី ​(​ធនាគារ​ ​CIMB​) ​និង​អាជ្ញាធរ​ជាតិ​អប្សរា ​កាលពី​ថ្ងៃទី​១​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​បាន​ប្រកាស​ពីការ​បន្ត​ភាព​ជាដៃគូ​សហការ​យូរអង្វែង​រួមគ្នា​ ​តាមរយៈ​​អនុស្សរណៈ​ ​នៃ​ការ​យោគយល់​គ្នា​ ​លើ​កិច្ចព្រមព្រៀង​បន្ត​ថ្មី ​ដើម្បី​ពង្រីក​គម្រោង​ឧទ្យាន​អង្គរ​-​ស៊ី​អាយ​អិមប៊ី ​ដែល​ជា​ការ​បញ្ជាក់​នូវ​ការ​ប្តេជ្ញា​ ​ក្នុង​ការ​អភិរក្ស​បរិស្ថាន​ ​និង​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រទេស​កម្ពុជា​ ​សម្រាប់​អនាគត​អ្នក​ជំនាន់​ក្រោយ​។​

​ពិធី​ចុះ​អនុស្សរណៈ​ ​នៃ​ការ​យោគយល់​គ្នា​នេះ​ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ ក្រោម​អធិបតីភាព​របស់​ឯកឧត្តម​ យិត ​ចាន់​ដារដ្ឋ ​អគ្គ​នាយក​រង ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ​ដែល​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត​ ​ហង់ ​ពៅ ​អគ្គ​នាយក​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ​និង​លោក​ ​ហុង ​ជៀប ​ប្រធាន​នាយក​ប្រតិបត្តិ ​នៃ​ធនាគារ​ ​CIMB​ ​ក្រោម​សក្ខីភាព​របស់​ឯកឧត្តម​ ​Shaharuddin​ ​ONN​ ​ឯក​អគ្គ​រាជ​ទូត​ម៉ាឡេស៊ី​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ កម្មវិធី​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ ពីសំណាក់​ភ្ញៀវ​កិត្តិយស​ប្រមាណ​ ​៤៥០​នាក់​ ​រួមមាន​ថ្នាក់ដឹកនាំ​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ​ស្ថានទូត​ម៉ាឡេស៊ី ​និង​ធនាគារ​ ​CIMB​ ​ព្រមទាំង​អតិថិជន​ ​អាជ្ញាធរ​មូលដ្ឋាន​ ​អ្នកសារព័ត៌មាន​ ​ក៏​ដូចជា​លោកគ្រូ​អ្នកគ្រូ​ ​និង​សិស្សានុសិស្ស​ ក្នុង​ខេត្ត​សៀមរាប​ផងដែរ​។​

​តាមរយៈ​កិច្ចព្រមព្រៀង​បន្ត​ថ្មី​នេះ​ ​ឧទ្យាន​អង្គរ​-​ស៊ី​អាយ​អិមប៊ី ​នឹង​ត្រូវបាន​ពង្រីក​ផ្ទៃដី​ចំនួន​ ​៥​ហិកតា​បន្ថែម​ទៀត​ ​ដែល​ធ្វើឲ្យ​ទំហំ​ផ្ទៃដី​សរុប​កើន​ដល់​ចំនួន​ ​១០​ហិកតា​។​ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាងមុខ​ ធនាគារ​ ​CIMB​ ​និង​អាជ្ញាធរ​ជាតិ​អប្សរា ​នឹង​បន្ត​ដាំ​កូន​ឈើ​ចំនួន​ ​៥.០០០​ដើម​បន្ថែម​ទៀត​ ​ដែល​នឹង​ធ្វើឲ្យ​ចំនួន​កូន​ឈើ​សរុប​កើនឡើង​លើស​ ​១០.០០០​ដើម​ ​គិត​ត្រឹម​ឆ្នាំ​២០២៧​។ ​ក្រៅពី​ប្រារព្ធ​ពិធី​ប្រគល់​កិច្ចព្រមព្រៀង​នេះ​ ​ភ្ញៀវ​កិត្តិយស​ទាំងអស់​បាន​ចូលរួម​សកម្មភាព​ដាំ​កូន​ឈើ​ចំនួន​ ​៣.០០០​ដើម​ ​ដែល​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​រួមគ្នា​ រវាង​ស្ថាប័ន​រដ្ឋ​ វិស័យ​ឯកជន ​គ្រឹះស្ថាន​អប់រំ ​សហគមន៍​មូលដ្ឋាន​ ​និង​ក្មេង​ៗ​ជំនាន់​ក្រោយ​ ​ក្នុង​ការ​អភិរក្ស​តំបន់​រមណីយដ្ឋាន​អង្គរ​។ ​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ ​ក៏​មាន​ការ​ប្រគល់​លិខិត​ថ្លែងអំណរគុណ​ ​ដល់​សាលារៀន​ ​ដែល​បាន​ចូលរួម​ ព្រមទាំង​ប្រគល់​កាដូ​អនុស្សាវរីយ៍​ ​ជូន​លោក​គ្រូ​អ្នកគ្រូ​ ​និង​សិស្សានុសិស្ស ​ដែល​បាន​រួមចំណែក​ ក្នុង​ការ​អភិរក្ស​បរិស្ថាន ​ក៏​ដូចជា​លើកទឹកចិត្ត​ឱ្យ​យុវជន​ចូលរួម​កាន់តែ​សកម្ម ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​ ​និង​កេរ​ដំណែល​វប្បធម៌​របស់​ប្រទេស​កម្ពុជា​។​

លោក ហុង ជៀប ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB

​ក្នុង​ឱកាស​ដ៏​ឱឡារិក​នេះ​ លោក​ ​ហុង ​ជៀប ​ប្រធាន​នាយក​ប្រតិបត្តិ ​នៃ​ធនាគារ​ ​CIMB​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​ថ្ងៃ​នេះ​ ​គឺជា​ការ​ចាប់ផ្តើម​សមិទ្ធផល​ដ៏​សំខាន់​ថ្មី​មួយ​ទៀត​ ​ក្នុង​កិច្ចសហប្រតិបត្តិការ​ រវាង​ធនាគារ​ ​CIMB​ ​និង​អាជ្ញាធរ​ជាតិ​អប្សរា​។​ តាមរយៈ​ភាព​ជាដៃគូ​នេះ​ ​យើង​នឹង​បន្ត​ការ​ប្តេជ្ញាចិត្ត​រួមគ្នា​ ​ក្នុង​ការ​អភិវឌ្ឍ​ ​និង​ពង្រីក​គម្រោង​ឧទ្យាន​អង្គរ​-​ស៊ី​អាយ​អិមប៊ី ​ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញាចិត្ត​រួម​របស់​យើង​ ក្នុង​ការ​លើកកម្ពស់​និរន្តរភាព​បរិស្ថាន​ ​និង​ការ​អភិរក្ស​តំបន់​រមណីយដ្ឋាន​អង្គរ​ទាំងមូល​។ ​នៅ​ធនាគារ​ ​CIMB​ ​គោលបំណង​ស្នូល​របស់​ស្ថាប័ន​យើងខ្ញុំ​ ​គឺជា​ការ​ជំរុញ​ភាព​រីកចម្រើន​ ​ដល់​អតិថិជន​ ​និង​សង្គមជាតិ​។ ​យើង​ជឿជាក់​ថា​ ​កំណើន​សេដ្ឋកិច្ច​ ​ប្រកបដោយ​ចីរភាព ​អាច​រក្សា​បាន​នូវ​ភាព​រឹងមាំ​ ​លុះត្រាតែ​មាន​ការ​យកចិត្តទុកដាក់​ខ្លាំង​ដូចគ្នា​នេះ​ដែរ​ ​ចំពោះ​ការ​ថែរក្សា​បរិស្ថាន ​ការ​អភិវឌ្ឍ​សហគមន៍​ និង​ប្រតិបត្តិការ​អាជីវកម្ម​ ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​។ ​ហើយ​គម្រោង​ឧទ្យាន​អង្គរ​-​ស៊ី​អាយ​អិមប៊ី ​គឺជា​សក្ខីភាព​ដ៏​ជាក់ច្បាស់​មួយ​ នៃ​ការ​ប្តេជ្ញាចិត្ត​របស់​យើង​»​។​

ឯកឧត្តម Shaharuddin ONN ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​ ​Shaharuddin​ ​ONN​ ​ឯក​អគ្គ​រាជ​ទូត​ម៉ាឡេស៊ី​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​មានប្រសាសន៍​ផងដែរ​ថា​៖​ «​ខ្ញុំ​សូម​អបអរសាទរ ​ដល់​ធនាគារ​ ​CIMB​ ​និង​អាជ្ញាធរ​ជាតិ​អប្សរា ​ចំពោះ​កិច្ចសហប្រតិបត្តិការ​របស់​ស្ថាប័ន​ទាំង​ពីរ​។ ​ការ​បន្ត​អនុស្សរណៈ​ ​នៃ​ការ​យោគយល់​គ្នា​នេះ​ ​គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​ ​ផ្នែក​សាជីវកម្ម​ ​និង​សង្គម​របស់​ធនាគារ​ ​CIMB​ ​ក្នុង​ការ​ចូលរួមចំណែក​ថែរក្សា​ ​និង​អភិរក្ស​តំបន់​អង្គរ​។ ​ក្នុង​នាម​ជា​ឯក​អគ្គ​រាជ​ទូត​ម៉ាឡេស៊ី​ ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ ​ចំពោះ​គម្រោង​ផ្តួចផ្តើម​របស់​ធនាគារ​ ​CIMB​ ​ក្នុង​ការ​ថែរក្សា​ ​និង​អភិរក្ស​តំបន់​អង្គរ ​ដែល​ជា​ផ្នែក​មួយ​ នៃ​បេតិកភណ្ឌ​ជាតិ​ វប្បធម៌​ ​ប្រវត្តិសាស្ត្រ​ ​និង​អរិយធម៌​របស់​ប្រទេស​កម្ពុជា​។ ​ពិធី​ប្រគល់​កិច្ចព្រមព្រៀង​បន្ត​ថ្មី​ ​និង​ពិធី​ដាំ​ដើមឈើ​ ​នា​ពេលនេះ​ ​មិន​ត្រឹមតែ​ជា​និមិត្តរូប​ នៃ​កិច្ចសហប្រតិបត្តិការ​ រវាង​ធនាគារ​ ​CIMB​ ​និង​អាជ្ញាធរ​ជាតិ​អប្សរា​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ជា​និមិត្តរូប​ នៃ​ចំណង​មិត្តភាព​ រវាង​ប្រទេស​ម៉ាឡេស៊ី ​និង​ប្រទេស​កម្ពុជា​ ​ក៏​ដូចជា​រវាង​ប្រជាជន​ម៉ាឡេស៊ី ​និង​ប្រជាជន​កម្ពុជា​ផងដែរ​»​។​

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា

​ថ្លែង​ក្នុង​ពិធី​នេះ​ ​ឯកឧត្តម​ យិត ​ចាន់​ដារដ្ឋ ​អគ្គ​នាយក​រង ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ​បាន​ទទួលស្គាល់​ ពី​សារៈសំខាន់​ នៃ​គម្រោង​ឧទ្យាន​អង្គរ​-​ស៊ី​អាយ​អិមប៊ី ​ចំពោះ​បរិស្ថាន​ ​និង​ការ​អភិរក្ស​ប្រាសាទ​ ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ទាំងមូល ​ដោយ​បាន​បញ្ជាក់​ដូច្នេះ​ថា​ «​គម្រោង​ ​នៃ​ការ​បន្ត​កិច្ចសហការ ​ដែល​យើង​ចុះ​កិច្ចព្រមព្រៀង​រយៈពេល​ពីរ​ឆ្នាំ​បន្ត​ទៅ​មុខ​នេះ​ ​គឺ​ពិតជា​មាន​សារៈសំខាន់​។ ​ហើយ​ថ្ងៃ​នេះ​ ​គឺជា​ឱកាស​មួយ​ដ៏​មុតមាំ ​សម្រាប់​ការ​តាំងចិត្ត​របស់​យើង​ទាំងអស់​គ្នា​ ​ដែល​យើង​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​ និង​ការ​សាមគ្គី​គ្នា​ ​ដើម្បី​ផ្តល់​ជា​អត្ថប្រយោជន៍​ ​ដល់​សហគមន៍​មូលដ្ឋាន​ ​ក៏​ដូចជា​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍​ ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​របស់​យើង​។ ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ​ចំពោះ​ធនាគារ​ ស៊ី​អាយ​អិមប៊ី ​និង​ស្ថានទូត​ម៉ាឡេស៊ី​ ​ប្រចាំ​កម្ពុជា​ ​ដែល​តែងតែ​ចូលរួម​ និង​បង្ហាញ​ការ​គាំទ្រ​របស់​ប្រទេស​ម៉ាឡេស៊ី ​ជាមួយនឹង​ប្រជាជន​កម្ពុជា​ ​ក្នុង​ការ​អភិរក្ស​តំបន់​រមណីយដ្ឋាន​អង្គរ​។​»

​ការ​បន្ត​កិច្ចព្រមព្រៀង​ជា​ដៃគូ​នេះ​ ​គឺ​កើត​ចេញ​ពី​កិច្ចសហការ​ដ៏​យូរអង្វែង​ រវាង​ធនាគារ​ ​CIMB​ ​និង​អាជ្ញាធរ​ជាតិ​អប្សរា ​ក្នុង​រយៈពេល​កន្លងមក​។ ​នៅ​ឆ្នាំ​២០២១​ ធនាគារ​ ​CIMB​ ​បាន​ដាំ​កូន​ឈើ​ចំនួន​ ​២.០០០​ដើម​ ​នៅ​ប្រាសាទ​បន្ទាយ​ក្តី​ ​ហើយ​នៅ​ឆ្នាំ​២០២៣​ ធនាគារ​បាន​ដាំ​កូន​ឈើ​ចំនួន​ ​២.០០០​ដើម​ទៀត​ ​នៅ​កសិន្ធុ​ខាងត្បូង​ ​នៃ​ប្រាសាទ​អង្គរវត្ត​។ ​នៅ​ឆ្នាំ​២០២៤​ ធនាគារ​បាន​សម្ពោធ​ឧទ្យាន​អង្គរ​-​ស៊ី​អាយ​អិមប៊ី ​ដែល​បាន​ដាំ​កូន​ឈើ​ប្រមាណ​ ​៥០០០​ដើម​ ​លើ​ផ្ទៃដី​ចំនួន​ ​៥​ហិកតា ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​។ ​សមិទ្ធផល​ទាំងអស់​នេះ​ ​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​ជាដៃគូ​សហការ​ដ៏​យូរអង្វែង​ រវាង​ធនាគារ​ ​CIMB​ ​និង​អាជ្ញាធរ​ជាតិ​អប្សរា ​ព្រមទាំង​ការ​ប្តេជ្ញាចិត្ត​រួម​របស់​ស្ថាប័ន​ទាំង​ពីរ​ ​ចំពោះ​ការ​ការពារ​កេរ​ដំណែល​វប្បធម៌​ ​និង​ធនធាន​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​ ​ក៏​ដូចជា​ការ​លើកទឹកចិត្ត​ឱ្យ​មាន​កិច្ចសហការ​គ្នា​កាន់តែ​ល្អ​ប្រសើរ​ ក្នុង​ការ​អភិរក្ស​បរិស្ថាន​ ​សម្រាប់​អនាគត​អ្នក​ជំនាន់​ក្រោយ​ទៀតផង​។

​ជាមួយនឹង​ប្រតិបត្តិការ​អាជីវកម្ម​ជាង​ ​១៦​ឆ្នាំ​ ក្នុង​ប្រទេស​កម្ពុជា​ ធនាគារ​ ​CIMB​ ​បាន​ចូលរួម​សកម្មភាព​សប្បុរសធម៌​ជាច្រើន​ ​ទៅ​លើ​វិស័យ​សំខាន់​ៗ​ ​ដូចជា​វិស័យ​អប់រំ ​សុខាភិបាល​ ​សង្គមកិច្ច​ ​និង​បរិស្ថាន ​ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ ក្នុង​ការ​កសាង​គុណ​តម្លៃ​ជា​វិជ្ជមាន​ ​និង​យូរអង្វែង​ ​លើស​ពី​ប្រតិបត្តិការ​ធនាគារ​។ ធនាគារ​ ​CIMB​ ​គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ស៊ី​អាយ​អិមប៊ី ​គ្រុប ​ដែល​ជា​ធនាគារ​ធំ​បំផុត​លំដាប់​ទី​៥​ ​គិត​លើ​ទ្រព្យ​សកម្ម​ ​ក្នុង​តំបន់​អាស៊ាន ​ជាមួយនឹង​កេរ​ដំណែល ​នៃ​ប្រតិបត្តិការ​ធនាគារ​លើស ​១០០​ឆ្នាំ​ ក្នុង​តំបន់​។ ​ជាមួយនឹង​ផលិតផល​ និង​សេវាកម្ម​ធនាគារ​ដ៏​សម្បូរបែប​ ធនាគារ​ ​CIMB​ ​បាន​កសាង​គ្រឹះ​យ៉ាង​រឹងមាំ​ ក្នុង​នាម​ជា​ដៃគូ​ហិរញ្ញវត្ថុ​ថ្នាក់​តំបន់​ដ៏​ជឿជាក់​មួយ​ ​ដែល​ជួយ​ជំរុញ​ភាព​រីកចម្រើន​ ​ដល់​អតិថិជន​ ​និង​សង្គមជាតិ​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។