គណៈប្រតិភូអប់រំកម្ពុជាចំនួន ៤៤រូប មកពី ១៣ ស្ថាប័នអប់រំ ដឹកនាំដោយសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា-ចិន (CACE) កំពុងចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាស្តីពី ”ការលើកកម្ពស់សមត្ថភាព AI និងការអនុវត្តជាក់ស្តែងនៃការអប់រំ STEM សម្រាប់កម្រិតបឋមសិក្សា និងមធ្យមសិក្សា” ដែលរៀបចំឡើងនៅសាកលវិទ្យាល័យជាតិគរុកោសល្យ ឈានណាន ខេត្តគួយចូវ ប្រទេសចិន។
លោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគម CACE បានថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលថា សិក្ខាសាលាស្តីពី ការលើកកម្ពស់សមត្ថភាព AI និងការអនុវត្តជាក់ស្តែងនៃការអប់រំ STEM ក្នុងកម្រិតបឋម និងមធ្យមសិក្សា គឺជាសភាវសញ្ញានៃមិត្តភាពដ៏រឹងមាំ និងជាការរួមចំណែកយ៉ាងធំធេងក្នុងការកសាងធនធានមនុស្សសម្រាប់កម្ពុជា។ លោកបណ្ឌិតបន្តថា មុខវិជ្ជាគណិតវិទ្យា និងការអប់រំ STEM គឺជាគ្រឹះយ៉ាងរឹងមាំក្នុងការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅក្នុងយុគសម័យឌីជីថល, ដូច្នេះ ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពគ្រូបង្រៀន គឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការលើកកម្ពស់គុណភាពអប់រំ ព្រោះថា ក្រោយពេលដែលលោកគ្រូ អ្នកគ្រូ បានទទួលនូវវិធីសាស្រ្តបង្រៀនថ្មីៗ ទំនើបៗ និងមានប្រសិទ្ធភាព ចំណេះដឹងទាំងនេះ នឹងត្រូវនាំយកទៅឆ្លុះបញ្ចាំង និងបណ្តុះបណ្តាលបន្តដល់សិស្សានុសិស្សរាប់ពាន់ រាប់ម៉ឺននាក់នៅកម្ពុជា។

វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាស្តីពីការលើកកម្ពស់សមត្ថភាព AI និងការអនុវត្តជាក់ស្តែងនៃអប់រំ STEM ក្នុងកម្រិតបឋម និងមធ្យមសិក្សា មានរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី២៩ កក្កដា ដល់ ថ្ងៃទី៦ សីហា ដោយប្រតិភូអប់រំកម្ពុជានឹងទទួលបានការចែករំលែកចំណេះដឹង បទពិសោធន៍ បច្ចេកវិទ្យាអប់រំថ្មីៗ ពីអ្នកជំនាញជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិគរុកោសល្យឈានណាន។
លោកបណ្ឌិត សរ រិទ្ធី សង្កត់ធ្ងន់ថា កម្មវិធីនេះមិនមែនគ្រាន់តែជាការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នានឹងគ្នានោះទេ ប៉ុន្តែជា ”ការកសាងគ្រឹះនៃអនាគត” សម្រាប់វិស័យអប់រំផ្នែកគណិតវិទ្យា និងវិទ្យាសាស្រ្តនៅកម្ពុជាឱ្យឆ្លើយតបទៅនឹងស្តង់ដារតំបន់ និងអន្តរជាតិ។
ឆ្លៀតក្នុងឱកាសនោះដែរ ប្រធានសមាគម CACE ក៏បានស្នើទៅកាន់សាកលវិទ្យាល័យជាតិគរុកោសល្យឈានណាន ក៏ដូចជាភាគីពាក់ព័ន្ធក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ តាមរយៈ ការបន្តផ្តល់ឱកាសអាហារូបករណ៍ និងកម្មវិធីសិក្ខាសាលារយៈពេលខ្លី-វែង ដល់លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតកម្ពុជាបន្ថែមទៀត លើមុខវិជ្ជា STEM គណិតវិទ្យា បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត, សម្របសម្រួលបង្កើតកិច្ចសហប្រតិបត្តិការផ្ទាល់ រវាងគ្រឹះស្ថានអប់រំនៅកម្ពុជា និងសាលារៀន ឬដេប៉ាតឺម៉ង់នៃសាកលវិទ្យាល័យឈានណាន ដើម្បីផ្លាស់ប្តូរគ្រូបង្រៀន និងសិស្សទៅវិញទៅមកនាពេលអនាគត៕
















































































