បញ្ញាសិប្បនិម្មិត (AI) បានឈានដល់សមិទ្ធផលថ្មីមួយក្នុងវិស័យគណិតវិទ្យា ដោយជាលើកដំបូង ម៉ូដែល AI ពីក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei និង Xiaohongshu (RedNote) ទទួលបានពិន្ទុពេញក្នុងការវាយតម្លៃលើសំណួរនៃការប្រកួត International Mathematical Olympiad (IMO) ដែលជាការប្រកួតគណិតវិទ្យាដ៏មានកិត្យានុភាពបំផុតរបស់ពិភពលោក។
ក្រុមហ៊ុនទាំងពីរបានប្រកាសថា ម៉ូដែល AI របស់ពួកគេអាចដោះស្រាយសំណួរទាំងអស់នៃការប្រកួត IMO ឆ្នាំ២០២៦ បានត្រឹមត្រូវ ដោយទទួលបានពិន្ទុពេញ ៤២ លើ ៤២ ក្រោមដំណើរការវាយតម្លៃផ្លូវការរបស់ IMO។ នេះជាលើកដំបូងដែលម៉ូដែលភាសាធំ (Large Language Model) សម្រេចបានលទ្ធផលបែបនេះ។
ក្រុមហ៊ុន Xiaohongshu បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ការទទួលបានពិន្ទុពេញក្នុង IMO គឺជាបញ្ហាប្រឈមដ៏លំបាកបំផុតមួយ ហើយមុននេះ មិនធ្លាប់មានម៉ូដែល AI ណាមួយទទួលបានពិន្ទុពេញក្រោមនីតិវិធីវាយតម្លៃផ្លូវការរបស់ IMO ឡើយ។
ការប្រកួត IMO ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន ដោយមានបេក្ខជនចំនួន ៦៦៦ នាក់ មកពីប្រទេស និងតំបន់នានាចូលរួម។ យោងតាមលទ្ធផលផ្លូវការរបស់ IMO មានបេក្ខជនតែ ៧ នាក់ ប៉ុណ្ណោះដែលទទួលបានពិន្ទុពេញ ខណៈអ្នកចូលរួមទាំងអស់ត្រូវមានអាយុក្រោម ២០ ឆ្នាំ។

Huawei បានឱ្យដឹងថា ប្រព័ន្ធ AI របស់ខ្លួនឈ្មោះ Celia បានបង្ហាញសមត្ថភាពដោះស្រាយបញ្ហាគណិតវិទ្យាកម្រិតខ្ពស់លើវិស័យជាច្រើន។ ចំណែក Xiaohongshu បានបញ្ជាក់ថា ម៉ូដែល dots-note-3.0 របស់ខ្លួន បានចូលរួមការវាយតម្លៃលើសំណួរ IMO ជាលើកដំបូងនៅឆ្នាំនេះ។
ក្រៅពីក្រុមហ៊ុនចិន លោក Deedy Das ដៃគូនៅក្រុមហ៊ុនវិនិយោគ Menlo Ventures បានឱ្យដឹងថា លោកបានសាកល្បងដាក់សំណួរ IMO ឆ្នាំ២០២៦ ទៅកាន់ម៉ូដែល AI ទំនើបចំនួនបួន រួមមាន OpenAI, Anthropic, Axiom Math និង Kimi K3 របស់ក្រុមហ៊ុន Moonshot AI ប្រទេសចិន។ លោកថា ម៉ូដែលទាំងបួនសុទ្ធតែទទួលបានពិន្ទុពេញ ៤២ លើ ៤២។
លោក Das បានសរសេរនៅលើ LinkedIn ថា៖ «ព្រំដែនសមត្ថភាពរបស់ AI បានឆ្លងផុតកម្រិតគណិតវិទ្យា IMO ជាផ្លូវការហើយ»៕













































































