យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថា ប្រទេសចិនបានដាក់ចេញនូវផែនការសកម្មភាពជាតិដំបូងរបស់ខ្លួន ក្នុងការកសាង «strong education nation – ប្រទេសប្រព័ន្ធអប់រំរឹងមាំ» នៅឆ្នាំ២០៣៥ ដោយរដ្ឋាភិបាលចិនជឿថា ផែនការសកម្មភាពនេះ នឹងជួយសម្របសម្រួលការអភិវឌ្ឍន៍វិស័យអប់រំ ពង្រឹងប្រសិទ្ធភាពក្នុងការបង្កើតថ្មី និងកសាងប្រទេសដ៏រឹងមាំមួយ។
ផែនការ ដែលបានដាក់ចេញដោយគណៈកម្មាធិកាកណ្ដាលរបស់បក្សកុម្មុយនីស្ត និងក្រុមប្រឹក្សារដ្ឋបាល កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន មានគោលបំណងបង្កើត ប្រព័ន្ធអប់រំគុណភាពខ្ពស់ ហើយផ្ដល់នូវភាពងាយស្រួល និងប្រសិទ្ធភាព ដើម្បីចូលទៅក្នុងចំណោមប្រទេស ដែលមានប្រព័ន្ធអប់រំល្អបំផុតលើពិភពលោក។

ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីទិន្នន័យស្រាវជ្រាវ បានបង្ហាញថា ចំនួនប្រជាជនចិនបានធ្លាក់ចុះ បីឆ្នាំជាប់ៗគ្នានៅឆ្នាំ២០២៤ ដោយចំនួន អ្នកស្លាប់មានការកើនឡើងច្រើនជាងចំនួនអ្នកកើត។ តាមរយៈទិន្នន័យនេះ អ្នកជំនាញព្រមានថា ការថយចុះចំនួនប្រជាជន នឹងកាន់តែអាក្រក់ឡើង នៅប៉ុន្មានឆ្នាំខាងមុខ។
ការចំណាយលើការថែទាំកុមារ និងការអប់រំមានតម្លៃខ្ពស់ គឺជាកត្តាសំខាន់មួយនាំឱ្យយុវជនចិន សម្រេចចិត្តមិនយកកូន ខណៈដែលមនុស្សជាច្រើនកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជាអំពីអនាគតការងាររបស់ខ្លួន ចំពេលកំណើនសេដ្ឋកិច្ចកំពុងធ្លាក់ចុះ។
ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ បានផ្សាយថា នៅឆ្នាំ២០៣៥ ការអប់រំដ៏មានឥទ្ធិពលមួយ នឹងត្រូវបានបង្កើតឡើង ហើយប្រទេសចិន នឹងស្វែងរកការពង្រីកវិសាលភាព នៃការអប់រំ ដោយឥតគិតថ្លៃបន្តិចម្តងៗ, បង្កើនការចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រ ដែលមានគុណភាពខ្ពស់, លើកកម្ពស់គុណភាពការអប់រំសម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា និងបង្កើនចំនួននិស្សិតថ្នាក់បណ្ឌិត។
ផែនការនេះមានគោលបំណងលើកកម្ពស់ «ការលូតលាស់ប្រកបដោយសុខភាពល្អ និងការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយរបស់សិស្សិ-និស្សិត» និងធ្វើឱ្យប្រាកដថា សិស្សសាលាបឋមសិក្សា និងមធ្យមសិក្សាមានសកម្មភាពរាងកាយយ៉ាងតិច ២ម៉ោងជារៀងរាល់ថ្ងៃ ដើម្បីបង្ការជំងឺម្ញូប និងជំងឺធាត់។
លើសពីនេះ ការបង្កើតឱ្យមានប្រព័ន្ធត្រួតពិនិត្យសុខភាពផ្លូវចិត្ត និងការអប់រំសុខភាពផ្លូវចិត្ត ក៏ត្រូវបានបង្កើតឡើងផងដែរ។

គោលបំណងសំខាន់មួយទៀត នៃការបង្កើតផែនការសកម្មភាពនេះ គឺបង្រួមគម្លាតចំណេះដឹង រវាងប្រជាជននៅទីក្រុង និងជនបទ ដើម្បីពង្រឹងលក្ខខណ្ឌប្រតិបត្តិការ សាលារៀន តាមជនបទខ្នាតតូច និងធ្វើឱ្យប្រព័ន្ធថែទាំកុមារមានពិការភាព និងអ្នកដែលរស់នៅជាមួយប្រជាជនចំណាកស្រុក ដើម្បីប្រកបអាជីពក្នុងវិស័យកសិកម្ម។
ខណៈគម្រោងនេះក៏មានគោលបំណងបង្កើនជាលំដាប់នូវការផ្គត់ផ្គង់ការអប់រំកម្រិតមតេ្តយ្យសិក្សា និងលទ្ធភាពទទួលបានការអប់រំកម្រិតមត្តេយ្យសិក្សា៕



