ក្នុងវេទិកាពិភាក្សាតុមូល ក្រោមប្រធានបទ «គរុកោសល្យទំនើប ដើម្បីលើកកម្ពស់បំណិនសតវត្សរ៍ទី២១ ឆ្ពោះទៅ PISA» អបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៦ កាលពីពេលកន្លងទៅថ្មីៗនេះ លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយក នៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ បានមានប្រសាសន៍ថា ការបង្រៀនឱ្យសិស្សចេះត្រឹមតែទ្រឹស្ដីមិនទាន់គ្រប់គ្រាន់ទេ ចេះត្រឹមសម្រួលប្រភាគក៏មិនទាន់គ្រប់គ្រាន់ដែរ ប៉ុន្តែត្រូវបង្រៀនឱ្យសិស្សមានភាពវ័យឆ្លាតក្នុងការត្រិះរិះពិចារណា និងសម្រេចចិត្ត។
លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា បញ្ជាក់បន្ថែមថា តាមរយៈសំណួរតេស្ត PISA អាចជួយធ្វើឱ្យសិស្សានុសិស្សមានការគិតត្រិះរិះពិចារណាបានស៊ីជម្រៅ។ លោកជំទាវថា អគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ មានតួនាទីចាំបាច់ និងសំខាន់នៅក្នុងការធ្វើយ៉ាងណាឱ្យគ្រូបង្រៀនគ្រប់រូប អាចអនុវត្តវិធីសាស្រ្តបង្រៀនដែលធ្វើយ៉ាងណាឱ្យសិស្សមានបំណិនក្នុងការគិត ក្នុងការត្រិះរិះពិចារណា ដែលមិនមែនគ្រាន់តែហ្វឹកហាត់ធ្វើលំហាត់ ហើយសម្រួលប្រភាគបាននោះទេ គឺទាមទារឱ្យមានវិធីសាស្រ្តបង្រៀនល្អៗ។

អគ្គនាយក នៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ បញ្ជាក់ថា អ្វីដែលក្រសួងត្រូវធ្វើ គឺរៀបចំជាប្រព័ន្ធអេកូឡូស៊ីមួយ ដែលត្រូវតែអនុវត្តឱ្យបាននូវស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន, ការជំរុញឱ្យគ្រូបង្រៀនមានគុណវុឌ្ឍយ៉ាងហោចណាស់មានសញ្ញាបត្របរិញ្ញាបត្រ និងយកចំណេះដឹងមូលដ្ឋានទៅដឹកនាំសិស្សឱ្យមានការត្រិះរិះពិចារណា។ ទន្ទឹមគ្នានេះ គ្រូបង្រៀនត្រូវមានបំណិនចេះប្រើប្រាស់ភាសាបរទេស ចេះប្រើប្រាស់បច្ចេកវិទ្យា និងអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ដើម្បីឱ្យគ្រូបង្រៀនម្នាក់មានសមត្ថភាពពេញលេញ អាចប្រើប្រាស់វិធីសាស្រ្តបង្រៀននានា ទៅតាមស្ថានភាពខុសៗគ្នា មិនថាសិស្សនោះពូកែ ឬខ្សោយ ប៉ុន្តែបង្រៀនឱ្យសិស្សានុសិស្សមានសមត្ថភាពក្នុងការដោះស្រាយបញ្ហារស់នៅប្រចាំថ្ងៃ ដោយវ័យឆ្លាត និងបានល្អ។
លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា បន្ថែមថា OECD បានបញ្ជាក់ដែរថា គ្រូបង្រៀន គឺជាចំណុចស្នូល គឺជាមនុស្សគន្លឹះក្នុងការនាំឱ្យសិស្សអាចដោះស្រាយបញ្ហាប្រកបដោយការត្រិះរិះពិចារណាបានក្នុងជីវភាពរស់នៅ។
ជាមួយគ្នានេះ លោកស្រី ជិន វិច្ឆិកា គ្រូបង្រៀន សាលាជំនាន់ថ្មី ព្រះយុគន្ធរ មានប្រសាសន៍ថា បច្ចុប្បន្ន គ្រូធ្វើការផ្លាស់ប្ដូរតួនាទីពីអ្នកផ្ទេរចំណេះដឹងទៅជាអ្នកសម្របសម្រួល មានន័យថា ប្រសិនបើគ្រូមានចំណេះដឹងត្រឹម ១០ គឺមិនអាចផ្ទេរចំណេះដឹងឱ្យសិស្ស ១១បានទេ ប៉ុន្តែបើគ្រូដើរតួជាអ្នកសម្របសម្រួល គាត់អាចបង្ហាញផ្លូវដល់សិស្សឱ្យសិស្សចេះពីរបៀបរៀន នោះសិស្សអាចចេះដល់ ៣០ ឬ១០០បាន។
លោកស្រី ជិន វិច្ឆិកា បញ្ជាក់ថា ចំពោះលទ្ធផលជាក់ស្ដែងរបស់សាលាជំនាន់ថ្មី ព្រះយុគន្ធរ គឺចាប់ផ្ដើមចេញពីគោលនយោបាយ វិទ្យាស្ថានបណ្ដុះបណ្ដាល និងការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី។ លោកស្រី ជិន វិច្ឆិកា បន្តថា អ្វីដែលលេចចេញជាលទ្ធផលជាក់ស្ដែង ដែលសិស្សមានសមត្ថភាព គឺមិនមែនកើតឡើងដោយភាពចៃដន្យនោះទេ គឺកើតឡើងដោយការខិតខំប្រឹងប្រែងរបស់ក្រសួង របស់គណៈគ្រប់គ្រង និងភាគីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ទាំងអស់ គឺមានការចូលរួមទាំងអស់គ្នា៕












































































