នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ បានរៀបចំស្ដង់ពិព័រណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដោយមានដាក់តាំងបង្ហាញសមិទ្ធផលស្នាដៃសិស្សពីគ្រឹះស្ថានសិក្សាចំនួន ០៨។ ស្របគ្នានេះ អ្នកស្រី អ៊ួង សុចិន្ដា មន្រ្តីនៃនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា យុវជន ត្រូវមានទាំងចំណេះដឹង ជំនាញ និងសីលធម៌ល្អ ដើម្បីត្រៀមខ្លួនក្នុងវិស័យការងារ។
អ្នកស្រី អ៊ួង សុចិន្ដា មន្រ្តីនៃនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការដាក់ស្តង់តាំងបង្ហាញស្នាដៃសិស្ស គឺមានគោលដៅលើកកម្ពស់ជំនាញស្ទែម និងជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារបច្ចុប្បន្ន។ អ្នកស្រីបន្តថា ក្រៅពីការបណ្ដុះបណ្ដាលសិស្សានុសិស្សឱ្យមានជំនាញស្ទែម ជំនាញបច្ចេកវិទ្យា ក្នុងនោះ សិស្សានុសិស្សក៏ត្រូវមានជំនាញទន់ទាក់ទងនឹងអាកប្បកិរិយា ឬកពារ ការប្រាស្រ័យទាក់ទងនៅក្នុងការធ្វើការងារ និងការត្រៀមខ្លួនសម្រាប់ឱកាសការងារក្នុងសម័យឌីជីថលនាពេលខាងមុខ។
មន្រ្តីនៃនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់បន្ថែមថា ការតាំងបង្ហាញស្នាដៃមានសាលារៀនចំនួន៨ បានចូលរួម ដូចជា ១. វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសឯកជនសន្ដហ្វ្រង់ស្វ័រ, ២. សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រែកលៀប, ៣. វិទ្យាល័យហ៊ុនសែនស្គន់, ៤. វិទ្យាល័យព្រះបាទសុរាម្រឹត, ៥. វិទ្យាល័យសម្ដេចតេជោហ៊ុនសែនសួង, ៦. វិទ្យាល័យហ៊ុនសែនសេរីភាព, ៧. វិទ្យាល័យពោធិ៍សាត់ និង៨. វិទ្យាល័យព្រះអង្គឌួង។ អ្នកស្រី អ៊ួង សុចិន្ដា បន្តថា ការតាំងបង្ហាញស្នាដៃនេះ ជាការបង្កើតដោយសិស្សានុសិស្សកម្រិតវិទ្យាល័យ រួមមាន ផ្នែកស្ទែម ផ្នែកបច្ចេកទេសដាំដំណាំគំនិតច្នៃប្រឌិត និងការចងក្រងសៀវភៅជាដើម។
អ្នកស្រី អ៊ួង សុចិន្ដា មានប្រសាសន៍ថា អ្នកស្រីពិតជាសប្បាយចិត្តនៅពេលបានចូលរួមកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤នេះ ព្រោះបានផ្ដល់ឱកាសដល់សិស្សានុសិស្សនៅវិទ្យាល័យអាចចូលរួមតាំងបង្ហាញស្នាដៃ ដែលធ្វើឱ្យពួកគេកាន់តែមានទំនុកចិត្ត និងឃើញទិដ្ឋភាពការងារខាងក្រៅបានទូលំទូលាយ។ ជាពិសេស បញ្ជាក់ឱ្យឃើញថា សិស្សានុសិស្សត្រឹមថ្នាក់វិទ្យាល័យ ប៉ុន្តែមានសមត្ថភាពអាចយកស្នាដៃរបស់ខ្លួនមកតាំងបង្ហាញឱ្យថ្នាក់ដឹកនាំ សិស្ស និស្សិត ក៏ដូចជាសាធារណជនបានឃើញ។
គួរជម្រាបជូនថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ រៀបចំឡើងក្នុងគោលបំណងបង្កើតវេទិកាការងារដ៏ធំនៅមួយកន្លែង ងាយស្រួលដល់ និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធនានា ផ្សព្វផ្សាយឱកាសការងារ ដែលផ្ដល់ភាពងាយស្រួលដល់អ្នកស្វែងរកការងារ ដើម្បីដាក់ពាក្យស្វែងរកការងារធ្វើនៅនឹងកន្លែង៕
































