មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានធ្វើបច្ចុប្បន្នកម្មលើកម្មវិធីទូរសព្ទដៃ “ទូរសិក្សា-Duraseksa” និងគេហទំព័រ www.duraseksa.gov.kh ដែលជាបណ្តុំមាតិកាឌីជីថល សម្រាប់ ១. ការគាំទ្រដល់ការរៀនស៊ីជម្រៅ ២. ការបង្រៀនពីចម្ងាយ ៣. ការផ្សព្វផ្សាយសៀវភៅសិក្សា ៤. ការពង្រឹងសមត្ថភាពអំណាន ៥. ការបំប៉នសមត្ថភាពត្រៀមប្រឡងបាក់ឌុប ៦. ការពង្រីកចំណាប់អារម្មណ៍លើវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ៧. ការធ្វើតេស្តសមត្ថភាព និង ៨. ការអនុវត្តក្នុងបន្ទប់ពិសោធន៍វិទ្យាសាស្រ្ត។ លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា កម្មវិធីទូរសព្ទដៃ “ទូរសិក្សា-Duraseksa” និងគេហទំព័រ www.duraseksa.gov.kh គឺជាវេទិកាឌីជីថលមួយ ក្នុងចំណោមវេទិកាឌីជីថលដទៃទៀតរបស់ក្រសួង ដែលប្រមូលផ្តុំមាតិកាឌីជីថលពេញលេញ និងសម្បូរបែប គឺមានន័យថាមានវីដេអូ សន្លឹកកិច្ចការ និងសៀវភៅអនុវត្តគ្រប់កម្រិតថ្នាក់ គ្រប់មុខវិជ្ជា ហើយគ្រប់មេរៀន ដែលផ្តោតគោលដៅលើការពង្រឹងតួនាទីគ្រូក្នុងការតម្រង់ទិសការសិក្សារបស់សិស្ស ក្នុងបរិបទនៃការអប់រំឌីជីថល។ លក្ខណៈពិសេសនៃវេទិកាឌីជីថលនេះ គឺផ្តោតលើការលើកកម្ពស់តួនាទីគ្រូកាន់តែប្រសើរជាងមុន ក្នុងការពន្យល់ណែនាំសិស្ស ឱ្យទទួលបានបទពិសោធន៍ពីការសិក្សាកាន់តែពេញលេញ និងទទួលបានលទ្ធផលនៃការសិក្សាកាន់តែប្រសើរ។

ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានវិភាគទិន្នន័យស្តីពីចំណង់ចំណូលចិត្ត និងបែបផែន នៃការសិក្សារបស់សិស្សានុសិស្សកម្ពុជា ដើម្បីបង្កើតប្រព័ន្ធវិភាគដើម្បីផលិតជាបន្តបន្ទាប់ នូវមាតិកាឌីជីថលដែលមានភាពពេញលេញ ហើយកម្មវិធីទូរសព្ទដៃ “ទូរសិក្សា-Duraseksa” និងគេហទំព័រ www.duraseksa.gov.kh ក្លាយទៅជាអេកូស៊ីស្តែមនៃការអប់រំឌីជីថល ដោយ មានសមាសធាតុសំខាន់ៗចំនួន៨ ៖
១. សិក្ខាល័យ ៖ គាំទ្រការរៀនដោយស៊ីជម្រៅដោយធនធានសិក្សា សំបូរបែប និងលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្ស ពីថ្នាក់ទី៧ដល់ទី១២ គ្រប់មេរៀន មុខវិជ្ជា និងកម្រិតថ្នាក់ ដោយមានកញ្ចប់វីដេអូ និងសន្លឹកកិច្ចការរៀនជាលក្ខណៈសង្ខេបមុនពេលចូលរៀន ឬរៀនជាពិស្តារជួយដល់ការរៀនក្នុងថ្នាក់ និងសំណួរចម្លើយបន្ទាប់ពីរៀនក្នុងថ្នាក់រួច។
២. បណ្ណាល័យ ៖ ឃ្លាំងសៀវភៅសម្រាប់ការសិក្សាពីកម្រិតបឋមសិក្សា ដល់ឧត្តមសិក្សា ដែលអាចប្រើប្រាស់ជាធនធានសិក្សា និងធនធានអំណាន
៣. បាក់ឌុប ៖ កម្រងឯកសារ និងវិញ្ញាសាពង្រឹងសមត្ថភាពសម្រាប់សិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ


៤. សាស្រ្តាល័យ ៖ បណ្តុំវីដេអូកំសាន្តនិងអប់រំ លើកកម្ពស់ចំណាប់អារម្មណ៍លើការអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា សម្រាប់សិស្សានុសិស្សវ័យក្មេង ដោយប្រែក្លាយភាពស៊ាំញ៉ាំ និងស្មុគ្រស្មាញនៃវិទ្យាសាស្រ្ត មកជាការរីករាយកំសាន្ត
៥. Live Teaching ៖ ការបង្រៀនពីចម្ងាយដោយផ្សាយបន្តផ្ទាល់ ដោយសាស្រ្តាចារ្យដែលមានបទពិសោធន៍ ជារៀងរាល់ថ្ងៃអាទិត្យពេញមួយថ្ងៃ និងជារៀងរាល់ល្ងាចវេលាម៉ោង១៩៖០០
៦. ពិសោធន៍ ៖ កម្រងឯកសារសម្រាប់ការអនុវត្តជាក់ស្តែង និងការសិក្សាក្នុងបន្ទប់ពិសោធន៍វិទ្យាសាស្រ្ត
៧. តេស្តសមត្ថភាព ៖ វេទិកាអន្តរកម្មសម្រាប់វាស់ស្ទង់សមត្ថភាពសិស្ស ដោយវិញ្ញាសាថ្នាក់ជាតិនិងអន្តរជាតិ មានលក្ខណៈអន្តរកម្ម ដែលអនុញ្ញាតឱ្យសិស្សអាចវាយតម្លៃសមត្ថភាពខ្លួន នៅពេលបញ្ចប់មេរៀននីមួយៗ
៨. អក្ខរា ៖ កម្មវិធីទូរស័ព្ទដៃដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាលើកដំបូង លើកកម្ពស់សមត្ថភាពអំណាន ជាខេមរភាសា ជាពិសេសចំពោះសិស្សនៅកម្រិតមធ្យមសិក្សា ដែលមានបញ្ហាផ្នែកអំណាន




ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តជំរុញឱ្យមានបរិវត្តកម្មឌីជីថលនៅក្នុងអេកូស៊ីស្តែមនៃការអប់រំ ដើម្បីកសាងមូលធនមនុស្សក្នុងបរិការណ៍នៃបរិវត្តកម្មសង្គមនិងសេដ្ឋកិច្ចឌីជីថល តាមរយៈការធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថលទៅក្នុងគ្រប់កម្រិតកម្មវិធីសិក្សា បំពាក់បន្ទប់ពិសោធឌីជីថលនៅតាមគ្រឹះស្ថានសិក្សា លើកកម្ពស់សមត្ថភាពគ្រូបង្រៀនផ្នែកឌីជីថល ផលិតមាតិកាបង្រៀន និងផ្សព្វផ្សាយ ការងារទាំងនេះឱ្យកាន់តែទូលំទូលាយ។ ជាងនេះទៅទៀត បរិវត្តកម្មឌីជីថលនៅកម្រិតសាលារៀន ក៏ជាកត្តាជំរុញដ៏សំខាន់មួយ ក្នុងការសម្រេចបាននូវស្តង់ដាសាលារៀនគំរូ។
លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឆ្លៀតឱកាសសម្តែងគាវរកិច្ចថ្លែងអំណរគុណបណ្តាសាស្រ្តាចារ្យដ៏ចំណាននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គ្រូនៃកម្មវិធីសាលារៀនជំនាន់ថ្មី ក៏ដូចជាសហការីនៃក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ ដែលបានចូលរួមរៀបចំ តាក់តែង ផលិតនិងវាយតម្លៃលើមាតិកាឌីជីថលទាំងអស់ ដែលមាននៅលើកម្មវិធីទូរសព្ទដៃ “ទូរសិក្សា-Duraseksa” និងគេហទំព័រ www.duraseksa.gov.kh ៕































