ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា គុណភាពនៃធនធានមនុស្ស គឺជាកត្តាកំណត់នៃគុណភាព និងសមត្ថភាពរបស់ប្រទេសជាតិក្នុងការអភិវឌ្ឍប្រកួតប្រជែងដោយចីរភាព។ ក្នុងនោះ គុណភាពនៃការអប់រំបណ្ដុះបណ្ដាល គឺជាកត្តាគន្លឹះសំខាន់មួយសម្រាប់ការធានាការអភិវឌ្ឍ និងការប្រកួតប្រជែងរបស់ប្រទេសជាតិ។
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្ន សិស្សនៅទីក្រុង និងជនបទ មានចំណេះដឹង និងសមត្ថភាពខុសគ្នា ប៉ុន្តែនៅពេលពួកគេមានឱកាសបានទទួលនូវការអប់រំដែលមានគុណភាព នោះនឹងធ្វើឱ្យសិស្សនិស្សិតដែលនៅជនបទ អាចមានសមត្ថភាពដូចសិស្សនៅទីក្រុងដែរ។ « អ្វីដែលសំខាន់ត្រូវធ្វើយ៉ាងណាដើម្បីពង្រីកវិសាលភាពនៃកាអប់រំផ្ដល់ឱកាសឱ្យនិស្សិតរបស់យើងនៅទូទាំងប្រទេសមានលទ្ធភាពទទួលបានគុណភាពអប់រំ»។
បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កត្តាដែលកំណត់ក្នុងគុណភាពនៃការអប់រំបណ្ដុះបណ្ដាល មាន៤ គឺ ទី១. គុណភាពគុណវុឌ្ឍិនៃសាស្រ្តាចារ្យ និងគ្រូបង្រៀន ទី២. កម្មវិធីសិក្សា និងមេរៀន ទី៣. ឧបករណ៍សម្ភារៈ និងមធ្យោបាយក្នុងការបង្រៀន ទី៤. វិធីសាស្រ្តបង្រៀន។ សម្ដេចធិបតី បន្តថា កត្តាទាំង៤នេះ ជាកត្តាកំណត់គុណភាពនៃការអប់រំ ដែលកន្លងទៅអាចមានបញ្ហាប្រឈមខ្លះនៅតាមគ្រឹះស្ថាន ក៏ដូចជានៅតាមបណ្ដាខេត្ត។
សម្ដេចធិបតី ហ៊ុន ម៉ាណែតក៏បានមានប្រសាសន៍ដែរថា កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ក្នុងការពង្រីកវិសាលភាពគ្របដណ្ដប់ ក្នុងនោះមានការចូលរួមពីវិស័យអប់រំ ដោយមានការអប់រំនៅតាមថ្នាក់ឧត្តមសិក្សានៅតាមបណ្ដាខេត្ត ដើម្បីផ្ដល់លទ្ធភាពឱ្យនិស្សិតអាចមានលទ្ធភាពចាប់យកការបណ្ដុះបណ្ដាល និងការសិក្សានៅថ្នាក់ឧត្តមសិក្សា ដែលធ្វើឱ្យមានគម្លាតនៃគុណភាពមនុស្ស និងសមត្ថភាពមនុសស្ស រាជធានីខេត្ត មានការកាត់បន្ថយមួយជំហាន។ ទោះយ៉ាងនេះក្ដី បញ្ហាប្រឈមក្នុងការធានាសមធម៌ ឬភាពស្មើគ្នា នៃគុណភាពនៃការអប់រំនៅមាននៅឡើយ ទាំងរវាងខេត្តនិងរាជធានី ទាំងរវាងសាកលវិទ្យាល័យផ្សេងៗក្នុងរាជធានី រួមមាន ខ្វះសិស្ស ខ្វះគ្រូជំនាញ ក៏ដូចជា ខ្វះឧបករណ៍ប្រើប្រាស់ក្នុងការបង្រៀន។
សម្តេចនាយករដ្ឋមន្រ្តី មានបន្តថា ដើម្បីដោះស្រាយបញ្ហាប្រឈមរវាងគម្លាតសិស្សទីក្រុង និងជនបទ គឺទាមទារការបង្កើតថ្មីដោយប្រើប្រាស់វិធីសាស្រ្តច្នៃប្រឌិតដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួល។ ក្នុងនោះ ការបង្កើតឱ្យមានបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា អាចពង្រីកគុណភាពនៃការអប់រំបានលឿន និងដើរទាន់ការរីកចម្រើនផ្នែកបច្ចេកវិទ្យា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគាំទ្រក្នុងការបង្កើតឱ្យមានបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងបន្តពង្រឹងកិច្ចការការងារឱ្យបានកាន់តែល្អប្រសើរ ដើម្បីឱ្យសិស្ស គ្រូបង្រៀន សាស្រ្តាចារ្យ មានចំណេះដឹងកាន់តែទូលំទូលាយ។
គួរជម្រាបជូនថា ការរៀបចំឱ្យមានបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានទិសដៅកែលម្អគុណភាព និងសមធម៌នៃការអប់រំកម្រិតឧត្តមសិក្សាក្នុងការកសាងសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គមផ្អែកលើចំណេះដឹង។ លើសពីនេះ ធ្វើការបណ្ដុះបណ្ដាលពីចម្ងាយតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល លើវគ្គសិក្សា និងមុខវិជ្ជា និង/ឬមុខជំនាញនៃកម្មវិធីសិក្សា ដែលទទួលអជ្ញាបណ្ណពីក្រសួងអប់រំ យុវជន និងកីឡា ឬពីរាជរដ្ឋាភិបាលរួចហើយ៕

































